កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ancelotti ៖ Man City ពិតជាខ្លាំង ហើយពិតជាសក្ក័សមឈ្នះការប្រកួត
× អ្នកចាត់ការក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានអះអាងថាក្រុមមេឃខៀវ Manchester City ពិតជាសក្ក័សមឈ្នះការប្រកួត ព្រោះពួកគេជាក្រុមមួយដ៏ខ្លាំងបំផុតក្នុងការប្រកួត។ Real Madrid រងបរាជ័យក្នុងលទ្ធផល ៤-០ ក្រោមថ្វីជើង Man City នៃការប្រកួតជើងទីពីរពានរង្វាន់ Champions League ថ្ងៃទី១៨ ខែឧសភា។
ក្រុម Man City ដឹកនាំដោយលោក Pep Guardiola បានសងសឹកក្រុម Real Madrid ដែលទម្លាក់ក្រុមខ្លួន នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ។
ក្រោយការខកចិត្តមួយនេះ លោក Ancelotti បាននិយាយអះអាងអំពីសមត្ថភាពរបស់ក្រុម Man City ថាជាក្រុមខ្លាំងមួយក្នុងការប្រកួត និងសក្ក័សមទទួលបានជ័យជម្នះ។
«ពួកគេលេងបានល្អខ្លាំងជាងយើង ដូច្នេះពួកគេសមតែទទួលបានជ័យជម្នះនេះ។ ការប្រកួតពួកគេបានដាក់សម្ពាធមកលើយើងដេញតាមបិទបាំង ប្រជែងយកបាល់ ហើយការងាររបស់ពួកគេធ្វើបានល្អខ្លាំងមែនទែន ព្រោះថាពួកគេបានធ្វើឱ្យយើងលំបាកដើម្បីដណ្តើមបាល់យកមកលេង ហើយពួកគេរកបានគ្រាប់បាល់នាំមុខ។ វាជារឿងឈឺចាប់ខ្លាំង សម្រាប់យើង ប៉ុន្តែរឿងទាំងនេះអាចកើតឡើងគ្រប់ពេលវេលាក្នុងការប្រកួត Champions League។»។ នេះជាសម្តីលោក Ancelotti អ្នកចាត់ការក្រុម Real ក្រោយចប់ការប្រកួត។
ចាប់តាំងពីរដូវកាលមុននៃការដឹកនាំរបស់លោក Ancelotti បានជួយ Real Madrid លើកពានរង្វាន់ La Liga និង Champions League ហើយក្លាយជាអ្នកចាត់ការ ដែលឈ្នះពានរង្វាន់តំបន់អឺរ៉ុបនៅលីគចំនួន ៥ផ្សេងគ្នា។ សម្រាប់រដូវកាលនេះវិញ លោកជួយ Real Madrid បានត្រឹមតែពានរង្វាន់ Spanish Cup និង FIFA Club World Cup តែប៉ុណ្ណោះ។
ពានរង្វាន់ La Liga ត្រូវបានក្រុម Barcelona ក្រសោបបានកាលពីសប្តាហ៍មុន មុនពេលក្រុមប្រកួតចាញ់ Man City ធ្លាក់ចេញពីការប្រកួត Champions League បន្ថែមទៀត៕
Tag:
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com