សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កំណើនយឺតនៅចិន និងវិបត្តិធនាគារនៅអាម៉េរិក ធ្វើឱ្យបំណុលសកលសរុបកើនជាង ៣០០ទ្រីលានដុល្លារ
19, May 2023 , 8:29 am        
រូបភាព
 រូបភាព ៖ Shutterstock ។
រូបភាព ៖ Shutterstock ។
បំណុលសកលបានកើនឡើងរហូតដល់ជាង ៣០០ទ្រីលានដុល្លារ ក្នុងនោះប្រទេសកំពុងអភិវឌ្ឍន៍ទីផ្សារបំណុលសរុបបានកើនឡើងដល់ ១០០,៧ទ្រីលានដុល្លារដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។​ មូលហេតុចម្បងៗនោះគឺ កំណើនសេដ្ឋកិច្ចយឺតរបស់ចិន ,ការឡើងថ្លៃដើមនៃបំណុលសេវាកម្ម និងវិបត្តិធនាគារនៅអាម៉េរិក ។

 
បើតាមការចេញផ្សាយនៅថ្ងៃទី ១៧ ខែឧសភាដោយវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បំណុលសកលបានឈានដល់កម្រិតជិតកំណត់ត្រានៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការខកខានរបស់រដ្ឋាភិបាលអាម៉េរិក លើបំណុលរបស់ខ្លួន អាចបង្កឱ្យមានភាពវឹកវរក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក។ជាពិសេស បំណុលសកលបានកើនឡើងបន្ថែមចំនួន ៨,៣ ទ្រីលានដុល្លារពីតួលេខចាស់ ដល់៣០៤,៩ ទ្រីលានដុល្លារក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ 
 
នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឈន៍ បំណុលសរុបឈានដល់ ១០០,៧ ទ្រីលានដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ស្មើនឹង ២៥០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។ អត្រានេះគឺកើនឡើងពី ៧៥ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៩ ឬកើនឡើង ៣៤ភាគរយ។
 
« បណ្តាប្រទេសអភិវឌ្ឍន៍បានកត់ត្រាការកើនឡើងកាន់តែខ្លាំង ភាគច្រើនមកពីប្រទេសជប៉ុន អាម៉េរិក បារាំង និងអង់គ្លេស។ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ការកើនឡើងយ៉ាងខ្លាំងត្រូវបានកត់ត្រានៅក្នុងប្រទេសចិន ម៉ិកស៊ិក ប្រេស៊ីល ឥណ្ឌា និងតួកគី»។ នេះបើតាម IIF បានសរសេរនៅក្នុងការវាយតម្លៃរបស់ខ្លួនអំពីស្ថានភាពបំណុលពិភពលោក។
 
យោងតាមការវាយតម្លៃរបស់វិទ្យាស្ថានជាតិហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ (NIFD) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ការថ្លឹងថ្លែងបំណុលម៉ាក្រូនៅក្នុងប្រទេសចិន មាននិន្នាការកើនឡើងជាចម្បង ដោយសារតែកំណើនសេដ្ឋកិច្ចយឺត។ ទិន្នន័យ NIFD បង្ហាញថា សមាមាត្របំណុលទៅ GDP នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានកើនឡើងយ៉ាងខ្លាំងដល់ ២៨១,៨ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ពី ២៧៣,២ភាគរយ នៅចុងឆ្នាំ ២០២២ ។
 
ការកើនឡើងនៃថ្លៃដើមបំណុលសេវាកម្ម គឺដោយសារតែការកើនឡើងអត្រាការប្រាក់ និងបញ្ហាសាច់ប្រាក់ងាយស្រួលនៅលើតារាងតុល្យការនៃស្ថាប័នហិរញ្ញវត្ថុ ដែលខ្សោយ ។ នោះក៏ដោយសារតែការរឹតបន្តឹងយ៉ាងឆាប់រហ័សនៃគោលនយោបាយរូបិយវត្ថុដោយរដ្ឋាភិបាល។ 
 
កាលពីដើមខែនេះ ធនាគារកណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់ជាលើកទី ១០ ជាប់ៗគ្នាក្នុងរយៈពេលត្រឹមតែ ១៤ខែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់នៅធនាគារប្រជាជនចិន (PBOC) និងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីការព្រួយបារម្ភអំពីលំហូរចេញមូលធនពីទីផ្សារដែលកំពុងរីកចម្រើនដោយសារតែអត្រាការប្រាក់ខ្ពស់ និងវិបត្តិធនាគារនៅអាម៉េរិក។
 
ទិន្នន័យពី IIF បង្ហាញថា ប្រទេសចិនបានកត់ត្រាលំហូរចេញមូលធនសុទ្ធចំនួន ៨០ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ គិតត្រឹមខែមីនា ឆ្នាំ ២០២៣ រដ្ឋាភិបាលបរទេសបានកាន់កាប់ប្រហែល ៣,៥៧ភាគរយនៃបំណុលជាប្រាក់យ៉ន់នៅក្នុងប្រទេសចិន ធ្លាក់ចុះពី ៤,២២ភាគរយកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ លំហូរចេញនៃមូលនិធិពីទីផ្សារភាគហ៊ុន និងមូលបត្របំណុលរបស់ប្រទេសចិនបានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំមក។
 
នៅទូទាំងពិភពលោក អ្នកវិនិយោគនៅតែមានការព្រួយបារម្ភថាតើលទ្ធផលនៃការចរចាលើពិដានបំណុលសាធារណៈនៅអាម៉េរិកអាចជួយរដ្ឋាភិបាលជៀសវាងការសងបំណុលបានទេ។ ប្រសិនបើកិច្ចព្រមព្រៀងស្តីពីពិដានបំណុលសាធារណៈមិនអាចសម្រេចបាននោះ រដ្ឋាភិបាលអាម៉េរិកអាចធ្លាក់ចូលទៅក្នុងបំណុលធ្ងន់ធ្ងរជាមួយនឹងបំណុលចំនួន ៣១,៤ទ្រីលានដុល្លារចាប់ពីខែមិថុនាខាងមុខនេះ។ 
 
ចិនគឺជាម្ចាស់បំណុលធំទីពីររបស់រដ្ឋាភិបាលអាម៉េរិក បន្ទាប់ពីប្រទេសជប៉ុន។ យោងតាមទិន្នន័យពីក្រសួងរតនាគារអាម៉េរិក គិតត្រឹមខែមីនា ចិនបានកាន់កាប់បំណុលសាធារណៈរបស់អាម៉េរិកប្រហែល ៨៦៩,៣ពាន់លានដុល្លារ កើនឡើងពី ៨៤៨,៨ពាន់លានដុល្លារកាលពីខែកុម្ភៈ។ នេះជាលើកដំបូងដែលចិនបានបង្កើនការកាន់កាប់បំណុលសាធារណៈរបស់អាម៉េរិកបន្ទាប់ពីការកាត់បន្ថយរយៈពេល៧ខែកន្លងមក៕
 

Tag:
 ចិន
  អាម៉េរិក
  បំណុល
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com