កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក នូ ចំរើន៖ ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ ជាកំណត់ត្រាថ្មីសម្រាប់កីឡាទោចក្រយានកម្ពុជា
19, May 2023 , 8:59 am        
រូបភាព
កីឡាករកង់ភ្នំកម្ពុជា ឃីម ម៉េងឡុង ឡើងទទួលមេដាយប្រាក់ ជាមួយកីឡាករថៃ​ និងឥណ្ឌូណេស៊ី។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
កីឡាករកង់ភ្នំកម្ពុជា ឃីម ម៉េងឡុង ឡើងទទួលមេដាយប្រាក់ ជាមួយកីឡាករថៃ​ និងឥណ្ឌូណេស៊ី។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
ដោយ:
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា រំភើបចិត្តបន្ទាប់ពីកម្ពុជា ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាកំណត់ត្រាថ្មីសម្រាប់វិញ្ញាសាកង់ភ្នំកម្ពុជា។ លោកចំរើន ចាត់ទុកនេះជាលទ្ធផលដ៏គាប់ប្រសើរក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធគ្រូបង្វឹក និងអត្តពលិកទាំងអស់។

 
ជាមួយនឹងកំណត់ត្រាថ្មីនេះដែរលោក នូ ចំរើន ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកថា ការទទួលបានមេដាយលើកដំបូងនេះ ពិតជាមានក្តីរំភើបខ្លាំងណាស់ ដែលការខិតប្រឹងប្រែងរបស់មន្រ្តីសហព័ន្ធ គ្រូបង្វឹកកីឡាករ-កីឡាការិនី ទទួលបានជោគជ័យ។
 

កីឡាករកង់ភ្នំជម្រើសជាតិកម្ពុជា ឃីម ម៉េងឡុង ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
 
«ខ្ញុំមានក្តីរំភើបរីករាយឥតឧបមា»។ លោក ចំរើន អះអាងដូច្នេះ មុនបន្តថា ការជោគជ័យនេះជាជំហ៊ានថ្មីមួយទៀតសម្រាប់ការត្រៀមខ្លួនឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ ដែលជាម្ចាស់ផ្ទះបន្តវេនបន្ទាប់ពីកម្ពុជា។ លោកអគ្គលេខាធិការក៏បានបញ្ជាក់បន្ថែមដែរថា ការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជាគឺបានបញ្ចប់ទៅដោយរលូនល្អ ព្រោះសហព័ន្ធបានរៀបចំខ្លួនយូរឆ្នាំមកហើយ។
 
កីឡាករកង់ភ្នំកម្ពុជា ឃីម ម៉េងឡុង ឈ្នះមេដាយប្រាក់លើកដំបូងជូនកម្ពុជា លើវិញ្ញាសា Men’s Cross Country Eliminator (XCE) ដែលបញ្ចប់ទីក្រោយកីឡាករកីឡាករថៃ Mathasit Boonsane ម្ចាស់មេដាយមាស នឹងនាំមុខកីឡាករឥណ្ឌូណេស៊ី Ihza Muhmmad ម្ចាស់មេដាយសំរឹទ្ធ។
 
ចំណែកមេដាយសំរឹទ្ធធ្វើបានលើវិញ្ញាសា Mountain Bike Cross-Country Olympic ដោយតាមពីក្រោយ ម្ចាស់មេដាយមាសកីឡាករឥណ្ឌូណេស៊ី Feri Yudhoyono និងម្ចាស់មេដាយប្រាក់ កីឡាករឥណ្ឌូណេស៊ី Zaenal Fanani។
 
គួបញ្ជាក់ថា ការប្រកួតកីឡាកង់ភ្នំ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅទីតាំភ្នំគូលែន ខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ(៦-៨)ខែឧសភា ឆ្នាំ២០២៣ ដោយមានប្រទេសចំនួន៩ ចូលរួមប្រកួតប្រជែង ក្នុងនោះដែរឥណ្ឌូណេស៊ី ឈ្នះមេដាយសរុប៨ មាស៥ ប្រាក់២ និងសំរឹទ្ធ១ ថៃឈ្នះមេដាយ៦ ក្នុងនោះមាស២ ប្រាក់២ និងសំរឹទ្ធ២ ម៉ាឡេស៊ី មេដាយ៥ មាស១ ប្រាក់២ និងសំរឹទ្ធ២ វៀតណាម មេដាយមាស១ និងប្រាក់១ ហ្វីលីពីន មេដាយ៤ ប្រាក់១ និងសំរឹទ្ធ៣ កម្ពុជា មេដាយ២ ប្រាក់១ និងសំរឹទ្ធ១ ខណៈសិង្ហបុរី ឡាវ និងទីម័រខាងកើតពុំទទួលបានមេដាយពីការប្រកួតឡើយ៕
 

Tag:
 កីឡាទោចក្រយាន
 នូ ចំរើន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com