កីឡាអន្តរជាតិ
អន្តរជាតិ
Sevilla និង Roma ត្រូវដណ្តើមពាន Europa League វគ្គផ្តាច់ព្រ័ត្រ
19, May 2023 , 10:32 am        
រូបភាព
ម្ចាស់ជើងឯង៦សម័យ Sevilla បានទម្លាក់ Juventusឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ជាមួយ AS Roma។ Roma បានយកឈ្នះ Bayer Leverkusen នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផលទាំងពីរជើង ១-០។



នាជំនួបវគ្គ១/២ផ្តាច់ព្រ័ត្រជើងទី២ នាកីឡដ្ឋាន Estadio R.Sanchez Pizjuan នៅរាត្រីថ្ងៃទី១៨​ ខែឧសភា Sevilla បានយកឈ្នះ Juventus ២-១ ដោយពីរគ្រាប់របស់ក្រុមអេស្ប៉ាញធ្វើបានដោយ Suso និង Erik Lamela ឯ១គ្រាប់របស់ក្រុមអ៊ីតាលីសម្រេចដោយ Dusan Vlahovic។ ដោយនៅជើងទី១នាទឹកដីអ៊ីតាលីក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល១-១ ដូច្នេះសរុបលទ្ធផលទាំងពីរជើងក្រុមលោក Jose Luis Mendilibar Etxebarria ឈ្នះក្រុមលោក Massimiliano Allegri ៣-២។
 
លោក Jose Mourinho បានជួយក្រុម Roma ឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌទី២អឺរ៉ុប ក្រោយទៅដឹកនាំក្រុមអ៊ីតាលីមួយនេះបាន២ឆ្នាំ។ ក្រុមរហស្សនាមចចក បានយកឈ្នះក្រុមអាល្លឺម៉ង់ Leverkusen ក្នុងលទ្ធផលទាំងពីរជើង ១-០ ដោយជើងទី២បញ្ចប់ក្នុងលទ្ធផល ០-០។
 
មិនធ្លាប់មានប្រវត្តិលើកពាន Europa League ឡើយ​ ដោយទទួលបានត្រឹមរងជើងឯកមួយលើកនៅឆ្នាំ១៩៩១។ ដោយឡែក Sevilla ជាក្រុមចាស់ទុំជាងគេសម្រាប់ពានលំដាប់ទី២អឺរ៉ុបដោយគ្រងជើងឯកជាកំណត់ត្រា៦លើករួចមកហើយ។
 
ជំនួបវគ្គផ្តាច់ព្រ័ត្រ UEFA Europa League រដូវកាល ២០២២-២៣ រវាង Sevilla និង AS Roma នឹងធ្វើឡើងនៅរាត្រីថ្ងៃទី៣០​ ខែមិថុនា វេលាម៉ោង២រំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា] ក្នុងកីឡដ្ឋាន Puskas Arena ប្រទេសហុងគ្រី៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com