ជាតិ
​​​ន​យោ​បាយ​ជាតិ​
សំណុំរឿងលោក កឹម សុខា នៅមិនទាន់ឮដំណឹងពីសាលាឧទ្ធរណ៍
19, May 2023 , 11:37 am        
រូបភាព
លោក កឹម សុខា ជួបអ្នកគាំទ្រ កាលពីលោក មិនទាន់ត្រូវបានកាត់ទោស។ រូបពីហ្វេសប៊ុក៖ Chan Chen
លោក កឹម សុខា ជួបអ្នកគាំទ្រ កាលពីលោក មិនទាន់ត្រូវបានកាត់ទោស។ រូបពីហ្វេសប៊ុក៖ Chan Chen
ដោយ៖ ទេពញាណ 

សំណុំរឿងរបស់លោក លោក កឹម សុខា ហាក់ស្ងាត់ជ្រាបក្នុងមួយរយៈពេលមកនេះ។ តាមពិត សំណុំរឿងរបស់មេដឹកនាំប្រឆាំងរូបនេះ មិនទាន់បញ្ចប់ឡើយ ដោយបន្តប្តឹងតវ៉ាទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ ចាប់តាំងពីចាញ់ក្តីនៅតុលាការភ្នំពេញមកម្ល៉េះ។



អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ដូច្នេះថា៖«រហូតមកដល់ឥឡូវហ្នឹង យើងខ្ញុំជាសហមេធាវី នៅមិនទាន់ទទួលព័ត៌មានអ្វីពីសាលាឧទ្ធរណ៍ក្នុងការបន្តនីតិវិធីរឿងក្តីឯកឧត្តម កឹម សុខា នៅឡើយទេ»។ 
 
មេធាវីម្នាក់ទៀត គឺលោក ផែង ហេង ដែលធ្លាប់ការពារក្តីឲ្យលោក កឹម សុខា ក្នុងដំណាក់កាលនៅតុលាការភ្នំពេញ លើកឡើងថា បណ្តឹងតវ៉ាដែលសហមេធាវី ដាក់ទៅសាលាឧទ្ធរណ៍តាមរយៈតុលាការភ្នំពេញ ប្រហែលជាតុលាការភ្នំពេញ បានបញ្ជូនទៅដល់សាលាឧទ្ធរណ៍ហើយ។ លោក មានប្រសាសន៍ដូចអ្នកស្រី ម៉េង សុភារី ដែរ ថាសហមេធាវីរបស់លោក កឹម សុខា មិនទាន់ឮដំណឹងកោះហៅពីសាលាឧទ្ធរណ៍នោះទេ។ 
 
ចំពោះសំណួរ ដែលសារព័ត៌មានថ្មីៗបានសួរអំពីស្ថានភាពសុខភាពរបស់លោក កឹម សុខា អ្នកស្រី ម៉េង សុភារី មិនអាចឆ្លើយបានឡើយ ព្រោះអ្នកស្រី និងមេធាវីឯទៀត មិនបានចូលទៅជួបលោក កឹម សុខា សាជាថ្មីទៀតនោះទេ។  
 
សហមេធាវីរបស់លោក កឹម សុខា បានរៀបចំបណ្តឹងដាក់ទៅសាលាឧទ្ធរណ៍តាមរយៈតុលាការភ្នំពេញ តាំងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣មក ដើម្បីជំទាស់នឹងសាលក្រមរបស់តុលាការភ្នំពេញ។ រហូតមកដល់ពេលនេះ មានរយៈពេលលើពី១ខែកន្លះទៅហើយ ប៉ុន្តែ សាលាឧទ្ធរណ៍ មិនទាន់កំណត់កាលបរិច្ឆេទសម្រាប់ជំនុំជម្រះលើបណ្តឹងតវ៉ានេះនៅឡើយទេ។ 
 
លោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ អះអាងថា សាលាឧទ្ធរណ៍ភ្នំពេញ ទើបនឹងទទួលបានបណ្តឹងតវ៉ារបស់លោក កឹម សុខា នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។  លោក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«ទើបទទួលបានថ្មីៗនេះទេ»។

លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ ផ្តល់ព័ត៌មានខ្លីថា បណ្តឹងតវ៉ារបស់លោក កឹម សុខា ត្រូវបានតុលាការភ្នំពេញ បញ្ជូនទៅសាលាឧទ្ធរណ៍ភ្នំពេញយូរហើយ ប៉ុន្តែលោក មិនចាំកាលបរិច្ឆេទនៃការបញ្ជូននោះទេ។
 
អនុប្រធានសាលាឧទ្ធរណ៍ បន្តថា សាលាឧទ្ធរណ៍ កំពុងធ្វើរបាយការណ៍អំពីសំណុំរឿងនេះ។ ប៉ុន្តែលោក មិនទាន់អាចនិយាយបាននោះទេថា កាលបរិច្ឆេទសម្រាប់ការបើកសវនាការ នឹងត្រូវកំណត់នៅពេលណា។ 
 
សូមរម្លឹកថា កាលពីដើមខែមីនា ឆ្នាំ២០២៣ តុលាការភ្នំពេញ បានប្រកាសសាលក្រមដាក់ទោសលោក កឹម សុខា ឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ។ ចាប់តាំងពីការប្រកាសសាលក្រមមក សហមេធាវី ទើបតែបានចូលជួបលោកតែម្តងប៉ុណ្ណោះ៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com