កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ជាប់បម្រាមចូលទីលាន២ប្រកួត និងពិន័យ៩៥,០០០ដុល្លារ ព្រោះរិះគន់អាជ្ញាកណ្តាល
19, May 2023 , 12:09 pm        
រូបភាព
លោក ​Jurgen Klopp អ្នកចាត់ការក្រុម Liverpool ត្រូវរងពិន័យមិនឱ្យចូលទីលានប្រកួតដើម្បីដឹកនាំដោយផ្ទាល់ចំនួន ២ប្រកួត និងពិន័យជាប្រាក់ចំនួន ៧៥,០០០ផោន (៩៥,០០០ដុល្លារ) បន្ទាប់ពីលោកបានរិះគន់អាជ្ញាកណ្តាលលើប្រព័ន្ធផ្សព្វផ្សាយ ក្រោយការប្រកួត Liverpool ទល់ក្រុម ​Tottenham Hotspur កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅ។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេសនាថ្ងៃទី១៨ ខែឧសភា។



ការប្រកួតកាលថ្ងៃទី៣០ ខែឧសភា Liverpool បានយកឈ្នះក្នុងលទ្ធផល ៤-៣ លើ Spurs។ លោក Klopp បានចោទប្រកាន់ទៅអាជ្ញាកណ្តាលលោក Paul Tierney ថាបានប្រើវិធីមិនសមរម្យមកលើក្រុម Liverpool។ 
 
លើបញ្ហានៃការចោទប្រកាន់ពីសំណាក់លោក Klopp ស្ថាប័នអាជ្ញាកណ្តាលបានត្រួតពិនិត្យឡើងវិញនៅសំឡេងនៃការជជែកគ្នាពេលប្រកួតរបស់លោក Tierney ហើយបានបញ្ជាក់យ៉ាងច្បាស់ថាលោក Tierney កាត់សេចក្តីមានភាពយុត្តិធម៍ខុសពីអ្វីដែលលោក Klopp បាននិយាយទាំងស្រុង។
 
ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់រួចមកសហព័ន្ធ FA របស់អង់គ្លេស បានចេញសេចក្តីប្រកាសថា ប្រកួតដំបូងរបស់លោក Klopp នឹងត្រូវបានហាមឃាត់មិនឱ្យចូលទីលានភ្លាមៗតែម្តង ខណៈដែលការពិន័យលើកទីពីរ នឹងត្រូវធ្វើឡើងនៅចុងបញ្ចប់រដូវកាល ២០២៣-២៤ ក្រោមលក្ខខណ្ឌថាលោក ​Klopp នឹងមិនប្រព្រឹត្តិខុសពីច្បាប់របស់ FA បន្ថែមទៀតក្នុងរយៈពេលនៃការពិន័យនេះ។
 
ជំនួបរវាងក្រុម Liverpool ទល់ Aston Villa នាថ្ងៃទី២០ ខែឧសភា ក្នុងក្របខណ្ឌ Premier league អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់នឹងមិនអាចដឹកនាំក្រុមប្រកួតដោយផ្ទាល់ឡើយ បន្ទាប់ពីការសម្រេចដាក់ពិន័យពី FA។
 
បច្ចុប្បន្ន Liverpool កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន ៦៥ពិន្ទុ ឈរពីលើក្រុម Brighton & Hove Albion ដោយមានគម្លាតពិន្ទុ៦ពិន្ទុ ហើយពួកគេនៅសល់ ២ប្រកួតក្នុងដៃបន្ថែមទៀត។ 
 
Liverpool ក៏កំពុងតែប្រជែងតំណែងតំបន់កំពូលទាំង ៤ ដើម្បីរកឱកាសលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយ ខណៈក្រុមដែលឈរលេខ ៤ Manchester United កំពុងប្រជែងពិន្ទុគ្នាយ៉ាងស្វិតស្វាញ៕
 
 

Tag:
 Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com