ជាតិ
សេដ្ឋកិច្ច
សេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះយ៉ាងស្វាហាប់ ឆ្ពោះទៅស្តារស្ថានភាពឡើងវិញ
19, May 2023 , 8:19 pm        
រូបភាព
សេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះទៅការស្តារស្ថានភាពឱ្យមានប្រក្រតីឡើ់ងវិញ ​។ នោះក៏ព្រោះតែមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក​ ដែលមានសុទិដ្ឋិនិយមថា ​សេដ្ឋកិច្ចកម្ពុជា​នឹងមានកំណើនក្នុងអត្រា៥,៥ភាគរយ។

 
សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ​ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម​ ការធ្វើដំណើរ  និងបដិសណ្ឋារកិច្ច បាននាំឱ្យកម្ពុជាត្រលប់ទៅរកកម្រិតកំណើន ដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩។ ក្នុងនោះការមកដល់នៃភ្ញៀវបរទេស មានការកើនឡើងខ្លាំង ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។​
 
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដែលចេញផ្សាយនាថ្ងៃទី១៨ឧសភា​ បានបញ្ជាក់ថា ៖ « ការស្ទុះឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ដែលទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងប្រទេស ផងដែរ»។​
 
សម្រាប់វិស័យកសិកម្មរបស់កម្ពុជា​ ក៏កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងបណ្តានានា ដូចជា ពាណិជ្ជកម្មសេរីជាមួយចិន​ និងកូរ៉េខាងត្បូង ជាដើម។​ ក្នុងបរិបទនេះ​ ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់អត្រា៥,៥ភាគរយ។ 
 
យ៉ាងណាក៏ដោយ ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការបរទេស នឹងអាចធ្វើឱ្យផ្នែកកសិកម្ម សម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើសកល អាចបង្កហានិភ័យមួយដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានពឹងអាស្រ័យខ្លាំងលើទុនមកពីក្រៅសម្រាប់វិនិយោគ។ នេះ​ជាក្តីបារម្ភរបស់ធនាគារពិភពលោក។​
 
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ដើម្បីរក្សាឱ្យបាននូវដំណើរសេដ្ឋកិច្ចងើបឡើងវិញនេះ កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទិសដៅទេសចរណ៍ ឱ្យកាន់តែសម្បូរបែបថែមទៀត។  លោកស្រី បន្ថែមថា៖​ «ជាមួយគ្នានេះ កម្ពុជា​ក៏ចាំបាច់ត្រូវបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់ខ្លួន តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយឱ្យកាន់តែរលូនថែមទៀត»។ 
 
បើតាមធនាគារពិភពលោក ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងកើនដល់៦ភាគរយ ដោយមានការទ្រទ្រង់យ៉ាងស្វាហាប់នៃការនាំចេញទំនិញ-សេវាកម្ម និងពីសំណាក់ការកើនឡើងនៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈ និងឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រ និងផ្លូវ ជាដើម។ 
 
ធនាគារពិភពលោកបានបន្ថែមថា៖ «កម្ពុជា អាចជំរុញកំណើននេះបានតាមរយៈការវិនិយោគលើតភ្ជាប់នៃហេដ្ឋរចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com