អន្តរជាតិ
ក្រោយមានការគាំទ្រច្រើន តៃវ៉ាន់ នៅតែរំពឹងទទួលបានការអញ្ជើញឱ្យចូលកិច្ចប្រជុំរបស់ WHO
19, May 2023 , 8:59 pm        
រូបភាព
ទីក្រុងតៃប៉ិនៅតែមានក្ដីសង្ឃឹមថា ខ្លួនអាចទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំរបស់អង្គភាពសុខភាពពិភពលោកនៅចុងសប្ដាហ៍នេះ ស្របពេលទទួលបានការគាំទ្រកាន់តែច្រើនពីប្រទេសនានា។ តៃវ៉ាន់អាក់ខានចូលរួមប្រជុំជាច្រើនឆ្នាំមកហើយ ក្រោយចិនបិទផ្លូវ។

 
ចាប់ពីឆ្នាំ២០១៧ មក តៃវ៉ាន់ ត្រូវបានផាត់ចេញពីកិច្ចប្រជុំមហាសន្និបាតសុខាភិបាលពិភពលោក ដោយសារតែចិនជំទាស់។ ជាច្រើនឆ្នាំមកនេះ តៃវ៉ាន់ប្រឹងបង្កើនកិច្ចខិតខំផ្នែកការទូតដើម្បីអាចចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។ សម្រាប់ឆ្នាំ២០២៣ កិច្ចប្រជុំនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែឧសភា ប៉ុន្តែតៃវ៉ាន់នៅតែមិនទាន់បានការអញ្ជើញដដែល ខណៈមានការគាំទ្រកាន់តែច្រើន
 
ក្នុងសន្និសីទកាសែតថ្ងៃទី១៨ ខែឧសភា រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu បានលើកឡើងពីការគាំទ្ររបស់ប្រទេសដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងប្រទេសជាមិត្តខ្លះដែលចង់ឃើញតៃវ៉ាន់ចូលរួមប្រជុំជាអ្នកសង្កេតការណ៍ ឬក៏តាមទម្រង់ទ្វេភាគីនៅក្រៅកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ។ បើតាមលោក Wu តៃវ៉ាន់មានការគាំទ្រខ្លាំងជាងពីមុន។
 
«ទោះបីយើងមិនទាន់ទទួលបានការអញ្ជើញសម្រាប់សន្និបាតឆ្នាំនេះ យើងមិនបោះបង់ឡើយ ហើយបន្តតាមរយៈច្រកនានាដើម្បីបង្ហាញការទាមទារទៅកាន់ WHO ។» លោក Wu អះអាងបែបនេះ។
 
តាមពិតទៅ តៃវ៉ាន់ ត្រូវបានហាមចូលរួមវេទិការបស់អង្គការអន្តរជាតិជាច្រើន មិនត្រឹមកិច្ចប្រជុំរបស់ WHO ឡើយ ព្រោះចិនជំទាស់ក្រោមហេតុផលថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ ប៉ុន្តែតៃវ៉ាន់មិនដែលទទួលយកការអះអាងនេះឡើយ។ ទោះយ៉ាងណា​ តៃវ៉ាន់ក៏ត្រូវបានអនុញ្ញាតឱ្យចូលប្រជុំកម្រិតបច្ចេកទេសខ្លះដែរ។
 
កាលពីដើមខែនេះ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន ក៏បង្ហាញជំហរចង់ឱ្យតៃវ៉ាន់មានវត្តមានក្នុងសន្និបាតរបស់​ WHO ដែរ តែត្រូវបានចិនប្រតិកម្មយ៉ាងខ្លាំង៕
 
 

Tag:
 តៃវ៉ាន់
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com