ជាតិ
បោះឆ្នោត
មានបក្សមួយទៀត ត្រូវគ.ជ.ប មិនឲ្យចូលប្រកួតដែរ ព្រោះខ្វះឯកសារដូចបក្សភ្លើងទៀន
19, May 2023 , 3:39 pm        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យពាក្យសុំចូលរួមប្រកួតរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ រួមទាំងកិច្ចការដទៃទៀត។ រូបពីគ.ជ.ប
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យពាក្យសុំចូលរួមប្រកួតរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ រួមទាំងកិច្ចការដទៃទៀត។ រូបពីគ.ជ.ប
មានគណបក្ស១ទៀត ដែលមិនសូវមានសក្មភាព ហើយក៏គេមិនសូវឮឈ្មោះ គឺគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានអាជ្ញាធរកណ្តាល បដិសេធមិនទទួលពាក្យសុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះទេ។ មូលហេតុ គឺគណបក្សនេះ ខ្វះឯកសារគោលសំខាន់១។ 



ក្រោយពីពិនិត្យពាក្យស្នើសុំរួចរាល់ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយសម្រេចមិនអនុញ្ញាតឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយសារគណបក្សនេះ គ្មានប្រកាសស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មពីអាជ្ញាធរដែនដី។ 
 
គណបក្សមហាសាមគ្គីជាតិខ្មែរ ជួបរឿងដូចគណបក្សភ្លើងទៀនដែរ។ គណបក្សភ្លើងទៀន ត្រូវគ.ជ.ប មិនចុះឈ្មោះឲ្យចូលរួមប្រកួត ដោយសារខ្វះឯកសារនេះ។ គណបក្សភ្លើងទៀន ប្រកាសប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២០ ខែឧសភា។ 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា គណបក្សមហាសាមគ្គីជាតិខ្មែរ បានបាត់ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្ស តែក្រោយមក មន្រ្តីគណបក្សនេះ បានទាក់ទងទៅគ.ជ.ប ដោយផ្តល់ដំណឹងថា រកឃើញប្រកាសដើមនោះវិញហើយ។ 
 
ទោះគណបក្សមហាសាមគ្គីជាតិខ្មែរ រកឃើញប្រកាសដើមពិតមែន តែការដាក់ពាក្យនៅគ.ជ.ប ត្រូវបានបិទបញ្ចប់ទៅហើយ ហើយប្រធានគ.ជ.ប ថែមទាំងចេញសេចក្តីសម្រេចរួចទៅទៀត ស្តីពីការមិនចុះឈ្មោះឲ្យគណបក្សនេះចូលរួមប្រកួត។ យ៉ាងណា លោក ហង្ស ពុទ្ធា មើលឃើញថា គណបក្សមហាសាមគ្គីជាតិខ្មែរ អាចនឹងមានឱកាស បើគណបក្សនេះ ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ។ 
 
អ្នកនាំពាក្យគ.ជ.ប អះអាងដូច្នេះថា៖«បើគាត់មានប្រកាសដើម ហើយគាត់ប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ គាត់ប្រហែលជាបាន [ចូលរួមប្រកួត]»។
 
គណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ និងចុះឈ្មោះក្នុងបញ្ជីគណបក្ស តាំងពីឆ្នាំ២០១៧មក។ កាលពីបោះឆ្នោតជាតិឆ្នាំ២០១៨ គណបក្សនេះ ពុំបានចូលរួមប្រកួតនោះទេ៕ 
 

Tag:
 គណបក្សមហាសាគ្គីជាតិខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com