ជាតិ
ត្រីជាច្រើនក្នុងស្ទឹងព្រែកត្នោត ត្រូវបានបំពុលដោយទឹកស្អុយចេញពីរោងចក្រ
19, May 2023 , 5:19 pm        
រូបភាព
ពលរដ្ឋជាច្រើន បានចុះចាប់ត្រីដែលសន្លប់ក្នុងស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ។ រូបភាព៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
ពលរដ្ឋជាច្រើន បានចុះចាប់ត្រីដែលសន្លប់ក្នុងស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ។ រូបភាព៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ត្រីតូចធំជាច្រើន ត្រូវបានគេប្រទះឃើញសន្លប់ពេញស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ ករណីនេះ​ បណ្ដាលមកពីការហៀរទឹកស្អុយចេញពីរោងចក្រដំណាប់ស្វាយ ដែលស្ថិតនៅផ្នែកខាងលើ។ នេះជាការបញ្ជាក់របស់ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មកកាន់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី ១៩ ខែឧសភានេះ។



លោក វ៉ី សំណាង បានឱ្យដឹងថា ករណីបំពុលទឹកនេះបានកើតឡើង២ទៅ៣ថ្ងៃហើយ ប៉ុន្តែ ត្រូវបានគេប្រទះឃើញត្រីជាច្រើនសន្លប់ កាលពីព្រឹកមិញ នៅមុខសាលាខេត្ត។ ការណ៍នេះមកពីភ្លៀងធ្លាក់ ធ្វើឱ្យស្រះពិពិធកម្មទឹករបស់រោងចក្រផលិតដំណាប់ស្វាយមួយចំនួន ហៀរទឹកស្អុយចូលទៅក្នុងស្ទឹង។ 
  


ទឹកមានស្ថានភាពល្អក់ ខណៈពលរដ្ឋជាច្រើន ខ្លះកាន់សំណាញ់ ខ្លះកាន់ស្នរ និងខ្លះកាន់កញ្ច្រែង ដើម្បីចាប់ត្រីតូចធំ ដែលពុលនៅក្នុងស្ទឹងព្រែកត្នោត។ លោក វ៉ី សំណាង ប្រាប់ដូច្នេះថា៖«ត្រីវាគ្រាន់តែសន្លប់ មិនមែនងាប់ទេ អ៊ីចឹង! ងាយស្រួលនឹងចាប់។ នៅពេលយើងតាមដានទៅ ឃើញថា វាកើតចេញពីរោងចក្រស្វាយ»។ 
 
ជាវិធានការ លោកបានបញ្ជាឱ្យមន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យស្ថានភាពទឹក និងរោងចក្រ។ ប្រសិនបើ រកឃើញថា រោងចក្រកែច្នៃដំណាប់ស្វាយខាងលើ ខ្វះលក្ខណៈបច្ចេកទេសក្នុងការគ្រប់គ្រងកាក់សំណល់ នឹងត្រូវរងការពិន័យទៅតាមច្បាប់។ 
  


មកដល់ពេលនេះ មិនទាន់ប៉ះពាល់ដល់សុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងនៅឡើយទេ ដោយសារទឹកទាំងនោះ ត្រូវចម្រុះ និងឆ្លងកាត់ពិពិធកម្មទឹកស្អាត។ នេះជាការបញ្ជាក់របស់ លោក វ៉ី សំណាង ដោយបន្ថែមដូច្នេះថា៖«ឱ្យគាត់(មន្រ្តីបរិស្ថាន) ទៅពិនិត្យ និងសិក្សាពីលក្ខណៈបច្ចេកទេសឱ្យគាត់(រោងចក្រ) កែលម្អ។ បើមិនអញ្ចឹងទេ វានឹងបំពុលទឹក ព្រោះយើងប្រើប្រាស់ទឹកហ្នឹងទាំងអស់គ្នា»។ 
 
នេះជាឆ្នាំទី២ហើយដែលត្រីក្នុងស្ទឹងព្រែកត្នោតបានពុល ដោយសារការបង្ហូរកាកសំណល់ពុលចេញពីរោងចក្រ សហគ្រាស​ ដែលស្ថិតនៅផ្នែកខាងលើ។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ៕ ​
 




Tag:
 កំពង់ស្ពឺ
  បរិស្ថាន
  ស្ទឹងព្រែកត្នោត
  ទឹកស្អុយ
© រក្សាសិទ្ធិដោយ thmeythmey.com