ជាតិ
សេដ្ឋកិច្ច
គម្រោងព្រែកជីកហ្វូណនតេជោតម្លៃ ១ ៧០០លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុម័ត
19, May 2023 , 9:29 pm        
រូបភាព
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នាព្រឹកថ្ងៃទី១៩ឧសភា
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នាព្រឹកថ្ងៃទី១៩ឧសភា
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់(គម្រោងព្រែកជីកហ្វូណនតេជោ)  ត្រូវបានរដ្ឋាភិបាលអនុម័ត​ នៅព្រឹកថ្ងៃទី១៩ឧសភានេះ​។ គម្រោងដឹកជញ្ជូនទំនិញ  និងអ្នកទេសចរតាមផ្លូវទឹករបស់កម្ពុជា ដែលមានលក្ខណៈតភ្ជាប់ប្រព័ន្ធទន្លេ និងផ្លូវសមុទ្រ នេះ គឺត្រូវការទុនវិនិយោគប្រមាណ១ ៧០០លានដុល្លារអាម៉េរិក។​

 
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានអនុម័តនៅលើរបាយការណ៍ស្ដីពី«កិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់» របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចំណាយពេលសិក្សាអស់រយៈពេលជាង២ឆ្នាំ។ 
 
បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ការរៀបចំគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ (គម្រោងព្រែកជីកហ្វូណនតេជោ)នេះឡើង គឺដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក។ 
 
លោកបន្តសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកខ្លួន នាថ្ងៃទី១៩ឧសភា ឆ្នាំ២០២២ ថា ៖ «ការអនុវត្តគម្រោងនេះ គឺសំដៅលើការចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក  ដែលយើងបាននិងកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន»។ 
 
 
 
តាមលទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច គម្រោងផ្លូវទឹកថ្មីនេះ នឹងត្រូវចំណាយទុនវិនិយោគប្រមាណ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ក្នុងរយៈពេល៤ឆ្នាំ។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែប របស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ 
 
«គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ១៧០លានដុល្លារសម្រាប់ទំនិញប្រភេទកុងតឺន័រ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ៤០ហ្វីត ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦ភាគរយ»។ នេះជាលើកឡើងបន្ថែមរបស់លោក ផៃ ស៊ីផាន។​
 
គម្រោងនេះ ក៏នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់ចរន្តសេដ្ឋកិច្ចផងដែរ ដូចជា៖ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។ 
 
គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ ក្រសួងសាធារណការបានបែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទីមួយ គឺជាការសិក្សាបឋម ប្រើរយៈពេល១៤ខែ និងដំណាក់កាលទីពីរ ជាការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល១២ខែ។ 
 
ក្រុមការងារបច្ចេកទេស បានកំណត់គោលដៅនៃការសិក្សានេះ ដើម្បីបង្កើនអធិបតេយ្យភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និងថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។ ការសិក្សារបស់ក្រុមការងារបច្ចេកទេស បានបង្ហាញឱ្យឃើញថា​៖« តម្រាយផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ គឺស្រដៀងគ្នានេះ ហើយក៏ធ្លាប់បានជីកតាំងពីអាណាចក្រហ្វូណនមកម្លេះ។ ផ្លូវទឹកនេះ គឺនឹងត្រូវកសាងលើតម្រាយខ្សែរផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់»។ បើតាមលោក ផៃ ស៊ីផាន។​
 
តាមការសិក្សាផ្លូវទឹកនេះ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
 
ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ គឺនឹងការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៊ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា​ ការប្រើប្រាស់វិធីសាស្ត្រទាំងពីរប្រភេទនេះ គឺមានលក្ខណៈសមស្របទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និងសន្ទះផ្លូវនាវាចរណ៍ ដែលគម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១កន្លែង។
 
លទ្ធផលនៃការសិក្សាបង្ហាញឱ្យឃើញថា គម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២ភាគរយប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។ ក្នុងករណីមានការប្រែប្រួល អាកាសធាតុបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រកើនឡើងលើសពី ០,៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០ភាគរយក្នុងមួយថ្ងៃ។ នោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃពីសមុទ្រក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ១,២៣ភាគរយប៉ុណ្ណោះ ដែលបរិមាណនេះជាចំនួនតិចតួចនឹងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលបានបន្ថែមថា ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍១០០ភាគរយក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឱ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកឡើយ៕
 

Tag:
 គម្រោងព្រែកជីកហ្វូណនតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com