អន្តរជាតិ
Mourinho និង ​​​Zidane ជាបេក្ខភាពនាំមុខគេដើម្បីជំនួសតំណែង Ancelotti នៅ Real Madrid
19, May 2023 , 5:59 pm        
រូបភាព
ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងតែសម្លឹងរកគ្រូថ្មីដែលមានទាំង Zinedine Zidane និងលោក Jose Mourinho ដើម្បីជំនួសលោក Carlo Ancelotti។ ក្រុមអធិរាជសមិនសប្បាយចិត្តជាមួយអ្នកចាត់ការសញ្ជាតិអ៊ីតាលី ក្រោយរបូតពាន La Liga​ និង UEFA Champions League រដូវកាល ២០២២-២៣។



បើតាមរបាយការណ៍របស់កាសែត El Nacional លោក Zidane និងលោក Mourinho ដែលកំពុងដឹកនាំនៅ Roma ជាបេក្ខភាព២រូបនាំមុខគេ ដើម្បីក្លាយជាអ្នកចាត់ការថ្មី Real Madrid។ ប្រធានក្លិបលោក Florentino Perez ចង់ឃើញក្រុមអធិរាជសវិលត្រលប់ទៅកាន់ការប្រជែងកម្រិតកំពូលវិញ។
 
រដូវកាល ២០២២-២៣ Real Madrid នឹងបញ្ចប់រដូវកាលដោយការឈ្នះពានរង្វាន់ Copa del Rey និងពានរង្វាន់ FIFA Club World Cup តែប៉ុណ្ណោះ ខណៈពួកគេត្រូវបានក្រុម ​Barcelona ដណ្តើមបានពាន La Liga និងត្រូវបានក្រុម Manchester City ទម្លាក់ចេញពី UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
Real Madrid រងបរាជ័យក្រោមថ្វីជើងក្រុម Man City ដោយលទ្ធផលសរុបទាំងពីរជើង ៥-១។ ការប្រកួតជើងទីពីរជាបរាជ័យដ៏អាម៉ាស់បំផុតរបស់ក្រុមអធិរាជស ដោយត្រូវ Man City បំបាក់លទ្ធផល ៤-០ ក្នុងទឹកដី Etihad។
 
ទោះយ៉ាងណា បញ្ហាជុំវិញអនាគតរបស់លោក Ancelotti បានក្លាយជារឿងដ៏ក្តៅមួយបន្ទាប់ពីការប្រកួតរួម ប៉ុន្តែបើតាមសម្តីលោក ​Ancelotti និយាយប្រាប់ទៅកាន់អ្នកសែតក្រោយចប់ការប្រកួតទល់ Man City ថាលោកគ្មានបញ្ហាអ្វីឡើយលើអនាគតដឹកនាំ ហើយគ្មានគម្រោងក្នុងការចាកចេញឡើយ។
 
«គ្មានការសង្ស័យឡើយលើរឿងរបស់ខ្ញុំ ខ្ញុំគិតថាប្រធានក្លិបបានគិតរួចរាល់ និងច្បាស់លាស់ហើយតាំងពី ១៥ថ្ងៃមុន នេះគឺជាជំហ៊ានមួយសម្រាប់ពង្រឹង និងរីកចម្រើននៅឆ្នាំក្រោយ។ រដូវកាលក្រោយ ខ្ញុំនឹងនៅទីនេះប្រយុទ្ធដើម្បីឈ្នះពានរង្វាន់ Champions League ផ្សេងទៀត។»។ នេះជាអ្វីដែលលោក Ancelotti បាននិយាយ។
 
កិច្ចសន្យារវាងក្លិប ​Real Madrid និងលោក Ancelotti នឹងត្រូវផុតកំណត់នៅរដូវក្តៅក្នុងឆ្នាំ ២០២៤។ Zidane បច្ចុប្បន្នមិនទាន់ដឹកនាំក្លិបណាមួយឡើយ ខណៈដែលលោក Mourinho កំពុងតែនាំភាពជោគជ័យដល់ AS Roma ក្នុងពានរង្វាន់លំដាប់ទី២អឺរ៉ុប UEFA Europa League។
 
លោក Ancelotti បានវិលទៅដឹកនាំ Real Madrid ក្នុងឆ្នាំ ២០២១ ហើយបានជួយក្រុមឈ្នះពានរង្វាន់ La Liga Champions League និងពានរង្វាន់ Supercopa de Espana នៅរដូវកាលដំបូងតែម្តង៕
 
 

Tag:
 Real Madrid
  Zinedine Zidane
  Carlo Ancelotti
© រក្សាសិទ្ធិដោយ thmeythmey.com