ជាតិ
សហគមន៍កសិកម្មខេត្តព្រះវិហារ ងាកមកដាំស្រូវផ្ការំដួល «ពូជសុទ្ធ» ដើម្បីជំរុញទិន្នផល និងតម្លៃ
20, May 2023 , 8:29 am        
រូបភាព
រូបភាព៖ មន្ទីរកសិកម្មខេត្តព្រះវិហារ
រូបភាព៖ មន្ទីរកសិកម្មខេត្តព្រះវិហារ
ភ្នំពេញ៖ សហគមន៏កសិកម្មចំនួន១៤ក្នុងខេត្តព្រះវិហារ បានផ្លាស់ប្ដូរមកដាំពូជស្រូវផ្ការំដួលដែលសុទ្ធល្អវិញ ដើម្បីជំរុញទិន្នផល និងបង្កើនតម្លៃ។ ជាមួយគ្នានេះ ក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU Rice) បានផ្ដល់ពូជផ្ការំដួលចំនួន ៥៩តោន សម្រាប់ការអនុវត្តការដាំដុះនៅរដូវវស្សាឆ្នាំ ២០២៣នេះ។

 
សហគមន៏កសិកម្មចំនួន១៤ ក្នុងខេត្តព្រះវិហារ ទទួលបានពូជស្រូវប្រភេទផ្ការំដួលចំនួន ៥៩ ៤០០ គីឡូក្រាម ដែលសុទ្ធល្អ សម្រាប់ការដាំដុះនៅរដូវវស្សាឆ្នាំ ២០២៣នេះ។ ក្រោយពេលប្រមូលផលរួច ក្រុមហ៊ុនធានា ប្រមូលទិញវិញទាំងអស់។ នេះបើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នៅថ្ងៃទី ១៥ ខែឧសភា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន អេមរុរ៉ាយស៍ (AMRU Rice Cambodia Co.,Ltd)។ 
 
រយៈពេល៨ឆ្នាំហើយ ដែលក្រុមហ៊ុន អេមរុរ៉ាយស៍ បានប្រមូលទិញស្រូវដោយចុះកិច្ចសន្យាផ្ទាល់ជាមួយសហគមន៏កសិកម្ម និងសហភាពសហគមន៏កសិកម្ម រួចកែច្នៃរទៅជាម្ហូបអាហារ និងអង្ករ នាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ សហគមទាំង១៤ ដែលបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន អេមរុរ៉ាយស៍ មានប្រហែល៣ពាន់គ្រួសារ។ សហគមនទាំង១៤ លក់ស្រូវបានជិត២ម៉ឺនតោន ក្នុងឆ្នាំ២០២២។


 
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា ឆ្នាំ២០២៣ មន្ទីរកសិកម្មខេត្តព្រះវិហារ បានជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវដែលមានគុណភាពវិញ ដើម្បីបានទិន្នផលខ្ពស់ និងតម្លៃល្អ។ ពូជស្រូវដែលកសិករកំពុងដាំរាល់ថ្ងៃ មិនសូវសុទ្ធល្អប៉ុន្មាននោះទេ។ នេះជាមូលហេតុធ្វើឱ្យទិន្នផលទាប និងបាត់បង់តម្លៃ។ 
 
លោក ពឹង ទ្រីដា ប្រាប់ដូច្នេះ៖ «ការផ្លាស់ប្ដូរពូជ នឹងផ្ដល់ប្រយោជន៍ច្រើនដល់ការដាំដុះរបស់កសិករ។ ទី១ វាបានជួយបង្កើនទិន្នផល តាមរយៈពូជសុទ្ធ។ ទី២ កាលណាពូជសុទ្ធ កសិករអាចលក់បានថ្លៃជាងមុន។ កាលណាយើងមានពូជសុទ្ធល្អ ក្រុមហ៊ុន អេមរុរ៉ាយស៍ គេនឹងទិញថ្លៃជាងស្រូវ ដែលអត់សុទ្ធ។ មែនទែនទៅ អ្នកនាំចេញទៅក្រៅប្រទេស គេក៏ចង់បានពូជសុទ្ធដែរ»។ 
 
សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ខេត្តព្រះវិហារ ដាំដុះស្រូវវស្សាបានចំនួន ៩៩ ១២០ហិកតា ដែលផ្ទៃដីប្រមូលផលសរុបចំនួន ៩៤ ០៦៣ហិកតា ស្មើនឹង ២៨៣ ៧៤៣តោន៕ 

Tag:
 សហគមន៍កសិកម្ម
  មន្ទីរកសិកម្មខេត្តព្រះវិហារ
  ក្រុមហ៊ុនអេមរុរ៉ាយស៍
© រក្សាសិទ្ធិដោយ thmeythmey.com