ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី បេ ស៊ីនួន ដាក់ក្ដីស្រឡាញ់ជាមួយការងារសម្អាតបុរាណវត្ថុជាង១០ឆ្នាំមកហើយ
20, May 2023 , 9:39 am        
រូបភាព
អ្នកស្រី បេ ស៊ីនួន កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី១៨ ឧសភា នាសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ
អ្នកស្រី បេ ស៊ីនួន កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី១៨ ឧសភា នាសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ
សៀមរាប៖ អ្នកស្រី បេ ស៊ីនួន ជាមន្រ្តីបុរាណវិទ្យានៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា។ ការងារស្នួលរបស់អ្នកស្រី ស៊ីនួន គឺការសម្អាត និងជួសជុលបុរាណវត្ថុ ដែលរកឃើញនៅតាមការដ្ឋានកំណាយស្រាវជ្រាវ ឬទីតាំងផ្សេងៗ។ ជាមួយនឹងការងារនេះជាង ១០ឆ្នាំ អ្នកបុរាណវិទ្យារូបនេះបង្ហាញក្ដីមោទកភាពចំពោះការងារនេះ ហើយថាអ្វីដែលជំនះនិងធ្វើការរហូត ដល់បច្ចុប្បន្ននេះបាន គឺដោយសារក្ដីស្រឡាញ់នៃបុរាណវត្ថុទាំងនោះផង។

 
ព័ត៌មានពិស្ដារ សូមអានបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី បេ ស៊ីនួន ដូចតទៅនេះ៖
 
អ៊ីសា រ៉ហានី៖ តើការសម្អាតជួសជុលវត្ថុបុរាណមានប៉ុន្មានដំណាក់កាលឬប៉ុន្មានប្រភេទ?
 
បេ ស៊ីនួន៖ ចាស ការងារសម្អាតវត្ថុបុរាណនេះមានពីរដំណាក់កាល តែមុនសម្អាតយើង បានស្រាវជ្រាវឯកសារ បានគូររូប ថតលម្អិត ដើម្បីត្រៀមធ្វើឯកសារ បន្ទាប់មកចាប់ផ្តើមសម្អាត។ សម្អាតមានពីរ គឺសម្អាតស្ងួត និងសម្អាតសើម។
 
សម្អាតស្ងួតយើងប្រើជក់ ស្កាប៉ែល របស់អ្វីដែលមិនទាន់ទងនឹងទឹក។ ចំណែកសម្អាតសើម គឺយើងប្រើដូចជាវត្ថុគីមីមួយចំនួន មានជាអាកុល អាស៊ីតោន និងវត្ថុគីមីផ្សេងទៀតដែលពាក់ព័ន្ធនឹងការ សម្អាត។ 
 
អ៊ីសា រ៉ហានី៖ តើការសម្អាតយើងអាចប្រើទឹកធម្មតាដើម្បីលាងបានទេឬយ៉ាងណា?


 
បេ ស៊ីនួន៖ (សើច) អត់បានទេ ដោយសារតែខុសបច្ចេកទេស។ ហើយការប្រើទឹកនេះ គឺប្រើទឹកដែល គ្មានជាតិរ៉ែ និងមិនអាចប្រើខ្លាំងដែរ គឺយើងមូរនឹងសំឡីដាក់ទឹកបន្ដិច យកមកផ្សើមតិចៗ។ ទឹកធម្មតា មានជាតិអាស៊ីត អ៊ីចឹងវាធ្វើឱ្យកាន់តែស៊ីផ្ទៃវត្ថុទាំងនោះកាន់តែខ្លាំង។
 
អ៊ីសា រ៉ហានី៖ តើការលាងថ្នាំជាតិគីមីមានផលប៉ះពាល់ដល់វត្ថុបុរាណទេ?
 
បេ ស៊ីនួន៖ ចាសការប្រើថ្នាំគីមីអត់ប៉ះពាល់ទេ ដោយសារទីមួយ ពេលរូបឡើងជាតិស្នឹមខៀវខ្លាំង អ៊ីចឹងគេមានថ្នាំគីមីម្យ៉ាងដើម្បីបញ្ឈប់ស្នឹមពណ៌ខៀវនឹងបាន។ ក្រោយសម្អាតរួចរាល់ យើងប្រើក្រមួន ការពារផ្ទៃ។ ក្នុងបរិយាកាសវាមានសំណើម ធូលីដីអ៊ីមក ធ្វើឱ្យវាប្រតិកម្មឡើងវិញព្រោះយើងបានសម្អាត នៅលើផ្ទៃវារួចហើយ យើងលៀបក្រមួនការពារដើម្បីបញ្ឈប់ការឡើងស្នឹម។
 
អ៊ីសា រ៉ហានី៖ ចំពោះការងារនេះ អ្នកស្រីយល់ថាវាទាមទារការព្យាយាម អត់ធ្មត់យ៉ាងដូចម្ដេចខ្លះ?
 
បេ ស៊ីនួន៖ ការងារអភិរក្សទៅលើលោហៈ ទីមួយអ្នកអភិរក្សគឺថាមានចិត្តស្រឡាញ់អត់។ ការធ្វើនេះ ត្រូវទាមទារអត់ធ្មត់ យើងប្រើស្កាប៉ែលថ្មមៗ ត្រូវមានកម្លាំងចិត្តពីក្នុងដែរមិនមែនមកធ្វើដោយបង្ខំ គឺធ្វើមិនចេញទេ។ យើងស្រឡាញ់រូបហ្នឹង ធ្វើដោយប្រុងប្រយ័ត្ន មានអារម្មណ៍ស្រឡាញ់ដែរទើបអាចធ្វើ បាន។ 


 
អ៊ីសា រ៉ហានី៖ តើអ្នកស្រីអាចប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួនបានទេ ក្នុងនាមយើងជាអ្នកជួសជុល សម្អាត ឬអភិរក្សនេះ នៅពេលវត្ថុខ្លះយកមកវាសឹងថាគ្មានតម្លៃ រូបខ្លះប្រឡាក់ និងស្ទើរបាត់រូបរាង តែយើងបាន សម្អាត ថែទាំវាល្អវិញ តើពេលនោះយើងមានអារម្មណ៍បែបណា?
 
បេ ស៊ីនួន៖ នេះជាមោទកភាពរបស់ខ្ញុំដែរ ដែលចេះជំនាញនេះ។ អ៊ីចឹងគេមើលមកធម្មតាៗ ប៉ុន្តែក្នុងនាម ខ្ញុំជាអ្នកសម្អាត ខ្ញុំគិតថារូបហ្នឹងមិនធម្មតាទេ។ កាលណាយើងធ្វើខុសបច្ចេកទេស វានឹងខូច។ ទៅថ្ងៃមុខទៀត អ្នកមកមើលហ្នឹងរូបដែលយើងបានសម្អាតហើយ នឹងអាចទុកបន្តឱ្យអ្នកជំនាន់ក្រោយបានមើលទៀត។ ក្នុងការសម្អាតទាមទារឱ្យយើងអត់ធ្មត់ ស្រឡាញ់រូបនឹងមែនទែន ហើយក៏មិនអាចចេះតែយកផលិតផលមកប្រើទេ។
 
អ៊ីសា រ៉ហានី៖ តើការសម្អាត និងបច្ចេកទេសអភិរក្សបុរាណវត្ថុនៅកម្ពុជាយើង អ្នកស្រីមើលឃើញថា បានល្អប្រសើរ ឬក៏ត្រូវរៀនសូត្រ មានបច្ចេកទេសបន្ថែមទៀត?
 
បេ ស៊ីនួន៖ យើងមិនទាន់ថាបានល្អពេញលេញទេ យើងនៅមានកម្រិតនៅឡើយ។ ឧទាហរណ៍សារមន្ទីរ នៅភ្នំពេញ អ្នកបណ្ដុះបណ្ដាលផ្សេងអ៊ីចឹងមានវិធីសាស្រ្ដផ្សេងៗគ្នា។ ខ្ញុំនៅតែទាមទារថា ប្រសិនមាន ខាងណាមកជួយបណ្ដុះបណ្ដាលថែមគឺល្អ ព្រោះយើងនៅមានកម្រិតនៅឡើយ៕



Tag:
 ការសម្អាតបុរាណវត្ថុ
  សារមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com