ជាតិ
កម្ពុជា នាំចេញស្វាយចន្ទីធ្លាក់ចុះ១៣ភាគរយ ដោយសារតម្លៃថោក និងបញ្ហាអាកាសធាតុ
20, May 2023 , 11:39 am        
រូបភាព
រូបភាព៖ សមាគមស្វាយចន្ទីកម្ពុជា
រូបភាព៖ សមាគមស្វាយចន្ទីកម្ពុជា
ភ្នំពេញ៖ រយៈពេល ៤ខែឆ្នាំ ២០២៣នេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៤៨៣ ០០០តោន ទៅកាន់ទីផ្សារធំ គឺប្រទេសវៀតណាម។ បរិមាណនាំចេញនេះ បានធ្លាក់ចុះ ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។

 
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ចាប់ពីខែមករា ដល់ខែឧសភា កម្ពុជា ផលិតស្វាយឆៅបាន ៥១ម៉ឺនតោន។ កម្ពុជា បាននាំចេញទៅវៀតណាម ៤៨៣ ០០០តោន ដែលគិតជាទឹកប្រាក់ ៦៦០លានដុល្លារ។ ចំនួននេះ បានថយចុះ ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។ 
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីនៅពេលនេះ ដោយសារតម្លៃគ្រាប់ស្រស់ធ្លាក់ថ្លៃ ដែលធ្វើឱ្យកសិករពិបាកលក់ចេញ។ កសិករដែលមានលទ្ធភាព បានហាលគ្រាប់ស្វាយចន្ទីទុក ដើម្បីរង់ចាំតម្លៃខ្ពស់។ ក្រៅពីតម្លៃថោក ការប្រែប្រួលអាកាសធាតុ ក៏បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលចន្ទីផងដែរ។ 


លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ សែម វណ្ណា
 
បញ្ហាទាំងនេះ បានបង្ខំឱ្យកសិករ កាប់ដើមស្វាយចន្ទីចោល ហើយងាកទៅដាំដំឡូងមី ឬដំណាំផ្សេងវិញ។ លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«ការធ្លាក់ចុះនេះ ដោយសារតម្លៃគ្រាប់ស្រស់ ពិបាកទទួលយកបាន អ៊ីចឹង! កសិករដែលគាត់មានលទ្ធភាពហ្នឹង គាត់បានហាលទុកសិន ដែលធ្វើឱ្យការនាំចេញទៅវៀតណាមធ្លាក់ចុះ។ មួយវិញទៀត ផ្ទៃដីដាំស្វាយចន្ទីក៏ថយចុះដែរ ដោយសារការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកសិករពិបាកតាម ខណៈតម្លៃទីផ្សារអត់ថេរទៀត។ អ៊ីចឹង! គាត់ដោយសារបញ្ហាអាកាសធាតុផង និងតម្លៃធ្លាក់ចុះផង ធ្វើឱ្យគាត់កាប់ស្វាយចន្ទីចោល»។
 
បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីសើម ធ្លាក់ថ្លៃមកត្រឹម ២៨០០ ទៅ៣២០០រៀល ក្នុងមួយគីឡូក្រាម និងគ្រាប់ស្ងួត មានតម្លៃ ៦១០០រៀល ក្នុងមួយគីឡូក្រាម។ កសិករនឹងរងការខាតបង់ បើគ្រាប់ស្វាយចន្ទីសើម បានតម្លៃក្រោម ៤ពាន់រៀល ។ ចំណែក គ្រាប់ស្ងួតវិញ មានតម្លៃល្អប្រសើរ។ 
 
សូមជម្រាបថា រយៈពេល១២ខែ ឆ្នាំ២០២២ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិ ៦៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់ ១,០៧៧លានដុល្លារ ដោយថយចុះ ៣៤,៦៥ភាគរយធៀបនឹងឆ្នាំ ២០២១។ វៀតណាម បានប្រមូលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាចំនួន ៦៤ម៉ឺនតោន៕
 

Tag:
 ស្វាយចន្ទី
  សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com