កីឡាជាតិ
ជាតិ
អត្តពលិកកម្ពុជាមានពិការភាព ២៣៦នាក់ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី៣-៩ មិថុនា
20, May 2023 , 2:59 pm        
រូបភាព
រូបភាពពី៖ ភ្នាក់ងារសារព័ត៌មានកម្ពុជា
រូបភាពពី៖ ភ្នាក់ងារសារព័ត៌មានកម្ពុជា
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៍ពហុកីឡាសម្រាប់ អត្តពលិកមានពិការភាពមកពីប្រទេសជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស ដែលរៀបចំឡើងរៀងរាល់ ២ឆ្នាំម្ដង។ ដោយឡែក កីឡាករ-កីឡាការិនីមានពិការភាពកម្ពុជាចំនួន ២៣៦នាក់ បានចុះឈ្មោះរួចរាល់ និងត្រូវបានទទួលស្គាល់ពីគណៈកម្មការអន្តរជាតិ សម្រាប់ឱ្យចូលប្រកួតក្នុងចំណោមប្រភេទកីឡាចំនួន១៣។


 
លោក យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បានត្រៀមខ្លួនបានយ៉ាងល្អ ខណៈទីលានត្រូវបានរៀបចំរួចរាល់ស្របតាមស្តង់ដារ។ លោក បន្តថា កីឡាករ-កីឡាការិនីកម្ពុជាមានពិការភាពចំនួន ២៣៦នាក់ នឹងចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
 
បើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ នឹងចំណាយទឹកប្រាក់ប្រមាណ១លានដុល្លារអាម៉េរិក។ ព្រឹត្តិការណ៍នេះ មានកីឡា១៤ប្រភេទ រួមមាន កីឡាប៊ូស្យា បាល់ទាត់ម្ខាង៥នាក់ (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់ម្ខាង៧នាក់(ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ បាល់ទះលើរទេះ យូដូ និងកីឡាអេឡិចត្រូនិច(E-Sports)។
 
សូមបញ្ជាក់ដែរ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕
 

Tag:
 កីឡាករ-កីឡាការិនីពិការ
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com