ជាតិ
ការផលិត និងនាំចេញជ័រកៅស៊ូកម្ពុជា បន្តកើនឡើងក្នុងពេល៤ខែនេះ
20, May 2023 , 6:59 pm        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ការផលិត និងនាំចេញជ័រកៅស៊ូរបស់កម្ពុជា បន្តកើនឡើង ខណៈចំណូលដែលរកបានមានប្រមាណ ១១១លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយដ្ឋានកៅស៊ូ គិតត្រឹមរយៈពេល៤ខែឆ្នាំ២០២៣។


 
អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់មេសា កម្ពុជាផលិតជ័រកៅស៊ូបាន ៨១ ៩០៩តោន បានកើនឡើង ២៩តោន ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២២។ រីឯ ឈើកៅស៊ូ មានចំនួន ១៩២២ម៉ែត្រគូប។
 
រយៈពេលដដែលនេះ កម្ពុជាសម្រេចបានការនាំចេញជ័រកៅស៊ូចំនួន ៨២ ៣៥៨តោន កើនឡើង ២៨០០តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះ បានចំណូលប្រមាណ ១១១លានដុល្លារ។ ការនាំចេញឈើកៅស៊ូ មានចំនួន ២៧១៤ម៉ែត្រគូប ដែលបានចំណូល ៥៨ម៉ឺនដុល្លារ។
 
បច្ចុប្បន្ន ជ័រកៅស៊ូតម្លៃជាមធ្យម ១៣៥៤ដុល្លារ ក្នុង១តោន។ រីឯឈើកៅស៊ូវិញ មានតម្លៃជាមធ្យម ២៤៨ដុល្លារ ក្នុង ១ម៉ែត្រគូប។
 
យោងរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូជាង ៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មកៅស៊ូមានជាង ២៤ហិកតា និងកៅស៊ូគ្រួសារជាង ១៦ម៉ឺនហិកតា។ កម្ពុជា មានរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន ១១ ដែលមានលទ្ធភាពនាំចេញផលិតផលកៅស៊ូបានជាង ៣៧ម៉ឺនតោន ដោយទទួលបានចំណូលចំនួន ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ៕  
 

Tag:
 ជ័រកៅស៊ូ
  អគ្គនាយកដ្ឋានកៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com