អន្តរជាតិ
ទន្លេកខ្វក់និងទឹកស្អុយជាភាពបរាជ័យនៃប្រព័ន្ធលូរបស់ឥណ្ឌា
21, May 2023 , 8:39 am        
រូបភាព
ប្រជាជនដើរតាមផ្លូវមួយនៅក្បែរប្រឡាយពេញដោយសំរាមនៅក្នុងទីក្រុងញូវដែលីកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
ប្រជាជនដើរតាមផ្លូវមួយនៅក្បែរប្រឡាយពេញដោយសំរាមនៅក្នុងទីក្រុងញូវដែលីកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
ដោយ: VOA
លោក Mohammed Azhar បានបីទារកជាក្មួយស្រីរបស់លោក នៅជាប់នឹងបំពង់បង្ហូរទឹកដែលពោរពេញដោយប្លាស្ទិកនិងក្លិនស្អុយ ដែលនេះបង្ហាញពីភាពបរាជ័យរបស់ប្រទេសឥណ្ឌាក្នុងការធ្វើប្រព្រឹត្តិកម្មទឹកស្អុយដែលត្រូវបានហូចេញពីប្រព័ន្ធលូជិត ២/៣ នៅក្នុងទីក្រុងរបស់ខ្លួន។

 
យុវជនវ័យ ២១ ឆ្នាំរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅសង្កាត់ Seelampur ក្នុងទីក្រុងដេលី ជាកន្លែងដែលមាត់លូមានសុទ្ធតែកាកសំណល់ថង់ប្លាស្ទិក ហើយទឹកស្អុយពណ៌ប្រផេះហូរតាមគន្លងតូចចង្អៀតនោះថា «យើងនៅក្នុងផ្ទះរបស់យើង។ យើងធ្លាក់ខ្លួនឈឺ ប្រសិនបើយើងចេញទៅក្រៅ»។
 
លោកបានបន្ថែមថា «វាមានក្លិនស្អុយ និងធ្វើឱ្យមានមូសច្រើន។ យើងឆ្លងជំងឺ ហើយក្មេងៗបន្តធ្លាក់ខ្លួនឈឺ។ គ្មានអ្នកណាសម្អាតភាពកខ្វក់នោះទេ»។
 
បើយោងតាមអង្គការសហប្រជាជាតិ ប្រទេសឥណ្ឌានៅចុងខែមេសាកន្លងទៅនេះ ត្រូវបានគេព្យាករណ៍ថា មានចំនួនប្រជាជនច្រើនជាងប្រទេសចិន និងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួនប្រជាជនសរុបជិត ១ពាន់៤រយ៣០លានលាននាក់។
 
ចំនួនប្រជាជនទីក្រុងនៅឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ដោយគេព្យាករណ៍ថា នឹងមានមនុស្សជាង ២៧០ លាននាក់ទៀត នឹងមករស់នៅក្នុងទីក្រុងប្រទេសឥណ្ឌានៅត្រឹមឆ្នាំ២០៤០។
 
ប៉ុន្តែក្នុងចំណោមទឹកស្អុយចំនួន ៧២ ពាន់លានលីត្រដែលបច្ចុប្បន្នមានក្នុងទីក្រុងជារៀងរាល់ថ្ងៃនោះ ទឹកស្អុយចំនួន ៤៥ ពាន់លានលីត្រដែលល្មមនឹងអាចបំពេញអាងហែលទឹកអូឡាំពិកទំហំ ១៨.០០០ ម៉ែត្រការ៉េបាន មិនត្រូវបានគេធ្វើប្រព្រឹត្តិកម្មទេ។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ឆ្នាំ ២០២០-២០២១។
 
ប្រព័ន្ធលូបង្ហូទឹកនៅក្នុងប្រទេសឥណ្ឌាមិនតភ្ជាប់ទៅនឹងផ្ទះក្នុងទីក្រុងប្រមាណ ២/៣ នោះទេ។ នេះបើយោងតាមសម្ព័ន្ធគ្រប់គ្រងកាកសំណល់និងទឹកកខ្វក់ជាតិ NFSSM របស់ឥណ្ឌា។
 
រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ជាច្រើន ដែលកំពុងដំណើរការ មិនគោរពតាមស្តង់ដារត្រឹមត្រូវ រួមទាំងរោងចក្រចំនួន ២៦ ក្នុងចំណោមរោងចក្រ ៣៥ ក្នុងទីក្រុងដេលីផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
 
គួបផ្សំជាមួយនឹងចំនួនកាកសំណល់ឧស្សាហកម្មដ៏ច្រើន ទឹកកខ្វក់តាមប្រព័ន្ធលូ កំពុងបង្កប៉ះពាល់លើផ្លូវទឹករបស់ឥណ្ឌា សម្លាប់សត្វព្រៃ និងហូរចូលក្នុងស្រទាប់ទឹកក្រោមដីផងដែរ។
 
ទោះបីប្រទេសឥណ្ឌាមានការរីកចម្រើនទៅមុខក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ក្នុងការកាត់បន្ថយការស្លាប់របស់កុមារក៏ដោយក្តី ក៏ជំងឺរាគរូសដែលភាគច្រើនបណ្តាលមកពីបញ្ហាទឹកកខ្វក់ និងអាហារមិនស្អាតនៅតែជាឃាតកនាំមុខដដែល។
 
កុមារឥណ្ឌាជាង៥ម៉ឺន៥ពាន់នាក់ដែលមានអាយុក្រោម ៥ ឆ្នាំ បានស្លាប់ដោយសារជំងឺរាគរូសនៅទូទាំងប្រទេសឥណ្ឌាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីឆ្នាំមុននៅក្នុងព្រឹត្តិបត្រសុខភាពសាធារណៈ BMC ។
 
ទន្លេ Yamuna ក្នុងទីក្រុងដេលីគឺជាទន្លេមួយ ក្នុងចំណោមទន្លេដែលកខ្វក់បំផុតក្នុងពិភពលោក និងត្រូវបានចាត់ទុកថា ជាទន្លេដែលបាត់បង់ប្រព័ន្ធអេកូឡូស៊ី ទោះបីជាពលរដ្ឋឥណ្ឌានៅតែបោកសម្លៀកបំពាក់ និងធ្វើពិធីងូតទឹកតាមបែបសាសនាក៏ដោយ។
 
ទោះបីជាមានចំណុចល្អខ្លះៗ ដូចជាការខិតខំប្រឹងប្រែងដាំដើមឈើបន្ថែមនៅតាមដងទន្លេក៏ដោយ ក៏ស្ថានភាពនៅកន្លែងផ្សេងៗទៀត ជារឿយៗមិនល្អជាងនៅក្នុងទីក្រុងធំៗនៅទូទាំងប្រទេសឥណ្ឌានោះទេ រួមទាំងទីក្រុង Mumbai និងទីក្រុងChennai ផងដែរ។
 
អ្នកស្រី Mridula Ramesh អ្នកនិពន្ធសៀវភៅអំពីបញ្ហាទឹកនៅឥណ្ឌាបាននិយាយថា ការធ្វើប្រព្រឹត្តិកម្មទឹកស្អុយឱ្យបានត្រឹមត្រូវទៅជាទឹកដែលអាចប្រើប្រាស់បាន នឹងជួយដោះស្រាយវិបត្តិនេះនៅក្នុងទីក្រុងនានាក្នុងប្រទេសឥណ្ឌា។
 
បើយោងតាមធនាគារពិភពលោក ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមាន «បញ្ហាទឹក» ខ្លាំងបំផុតក្នុងពិភពលោក ដោយបរិមាណស្រទាប់ទឹកក្រោមដីមានការថយចុះ និងមានភ្លៀងមូសុងកាន់តែមិនទៀងទាត់។
 
ទីក្រុង Chennai ស្ទើរតែអស់ទឹកប្រើប្រាស់ក្នុងរយៈពេលខ្លីមួយ ក្នុងឆ្នាំ២០១៩ ហើយទីក្រុងផ្សេងៗទៀតអាចនឹងជួបគ្រោះមហន្តរាយស្រដៀងគ្នាក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារមានការបូមទឹកក្រោមដីច្រើនពេក និងភាពមិនទៀងទាត់នៃទឹកភ្លៀងផងដែរ។
 
អ្នកស្រី Ramesh បានប្រាប់សារព័ត៌មាន AFP ថា «ប្រទេសឥណ្ឌាកំពុងឈានទៅរកវិបត្តិទឹក។ ទឹកលូអាចត្រូវបានធ្វើប្រព្រឹត្តិកម្មយ៉ាងងាយស្រួល និងអាចត្រូវយកទៅប្រើប្រាស់ដើម្បីទប់ស្កាត់ និងជួយយើងយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាទឹកនៅក្នុងទីក្រុងរបស់យើង»។
 
ក្រុមអ្នកជំនាញនិយាយថា បញ្ហានេះអាចដោះស្រាយទៅបាន ប្រសិនបើមានរោងចក្រប្រព្រឹត្តិកម្មតាមបែបវិមជ្ឈការដែលផ្តល់មូលនិធិមួយផ្នែកពីឯកជន ឬអង្គការមិនមែនរដ្ឋាភិបាល ហើយទឹកកខ្វក់ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មពេញលេញមួយចំនួន ត្រូវបានប្រើប្រាស់ឡើងវិញ ឬបញ្ចេញទៅក្នុងបឹងក្នុងមូលដ្ឋាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com