ជាតិ
ស្ថានទូតបារាំង ប្រារព្ធទិវាអតីតនិស្សិតកម្ពុជា ដែលធ្លាប់បានសិក្សានៅបារាំង
21, May 2023 , 10:39 am        
រូបភាព
ស្ថានទូតបារាំងបានរៀបចំពិធីជួបជុំអតីតតនិស្សិត ដែលធ្លាប់បានសិក្សានៅប្រទេសបារាំង ឬទទួលបានសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំង។ ពិធីនេះធ្វើឡើង នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែឧសភា នៅក្នុងក្របខណ្ឌនៃទិវា France Alumni លើកទី១ ដែលផ្តួចផ្តើមគំនិតដោយលោកស្រី តឺរីន កូឡូណា រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ហើយដែលត្រូវប្រារព្ធធ្វើពីថ្ងៃទី១៣ ដល់ថ្ងៃទី២៨ ខែឧសភា នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ជាមួយព្រឹត្តិការណ៍ផ្សេងៗជាង១២០។

 
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ទិវាអតីតនិស្សិតដែលធ្លាប់បានសិក្សានៅបារាំង ត្រូវបានបានធ្វើឡើង ដើម្បីបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាលលើជំនាញផ្សេងៗនៅប្រទេសបារាំង រួមទាំងពីសមិទ្ធផលសម្រេចបាននៅលើទ្វីបទាំងប្រាំ។ ព្រឹត្តិការណ៍នេះរំលេចពី ភាពសម្បូរបែបនៃការសិក្សារបស់អតីតនិស្សិត ពិសេសអតីតនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង ក៏ដូចជាភាពជោគជ័យនៃអាជីពការងាររបស់ពួកគេ។ វាបង្ហាញពីភាពរស់រវើកនៃបណ្តាញ France Alumni ដែលត្រូវបានបង្កើតនៅឆ្នាំ២០១៤ ហើយបច្ចុប្បន្នមានសមាជិកជាង៣៧០ ០០០នាក់នៅលើពិភពលោក។
 
កម្មវិធីជួបជុំដែលរៀបចំនៅស្ថានទូតបារាំងនៅពេលនេះ ទទួលបានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសប្រមាណ៤៥០នាក់ ក្នុងនោះមានឥស្សរជនជាន់ខ្ពស់ជាច្រើន រួមទាំងរដ្ឋមន្ត្រីផងដែរ ដែលសុទ្ធសឹងជាអតីតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសបារាំង ឬទទួលសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំង។ វាក៏ជាឱកាសដើម្បីអបអរនិស្សិតកម្ពុជា៣១២នាក់ ដែលទទួលបានសញ្ញាប័ត្របារាំងកាលពីឆ្នាំ២០២២ បន្ទាប់ពីបានសិក្សានៅប្រទេសបារាំង ឬនៅ តាមថ្នាក់ពិសេសនៃគ្រឹះស្ថានសិក្សា ប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។ 


 
ពិធីនេះបង្ហាញពីការទាក់ទាញ និងការឈានមុខរបស់បារាំងលើការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងការស្រាវជ្រាវ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ជាក់ស្តែង លទ្ធផលចុងក្រោយនៃចំណាត់ថ្នាក់ធ្វើឡើងកាលពីឆ្នាំ២០២២ ដោយ Acadamic Ranking of World Universities ដែលគេស្គាល់ទូទៅថា «ចំណាត់ថ្នាក់សៀងហៃ» បានបង្ហាញថា ប្រទេសបារាំងរក្សាបានចំណាត់ថ្នាក់លេខ៣នៅលើពិភពលោក រយៈពេល៣ឆ្នាំបន្តបន្ទាប់គ្នា ដោយមានចំនួនគ្រឹះស្ថានសិក្សាស្ថិតក្នុងចំណោមគ្រឹះស្ថានឈានមុខគេទាំង៥០។ 
 
ជាងនេះទៅទៀត ពិធីជួបជុំខាងលើក៏មានការចូលរួមផងដែរ ពីក្រុមហ៊ុនបារាំងដែលដំណើរការនៅកម្ពុជា ហើយមានចំណាប់អារម្មណ៍ ជាពិសេសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញធនធានមនុស្សនេះ។ ដោយជ្រើសយកឧត្តមសិក្សាបារាំង អតីតនិស្សិតទទួលបានសមត្ថភាពផ្នែកភាសា ចំណេះដឹង និងការបើកទូលាយផ្នែកផ្នត់គំនិត ដែលជាអត្ថប្រយោជន៍ដ៏មានតម្លៃក្នុងមុខអាជីព។ ម៉្យាងវិញទៀត ច្បាស់ណាស់ដែលថាឱកាសការងារគឺមានច្រើនសម្រាប់អតីតនិស្សិតទាំងនេះ។ 
 
ក្នុងឱកាសនោះដែរ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានរំឭកពីភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យនៃប្រទេសបារាំង និងប្រទេសកម្ពុជា។ បន្ថែមលើកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្តជាច្រើនរវាងវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ(IRD) មជ្ឈមណ្ឌល CIRAD និងសកលវិទ្យាល័យនានារបស់កម្ពុជា បច្ចុប្បន្ននៅប្រទេសកម្ពុជា និស្សិតអាចទទួលបានសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំងនៅលើជំនាញជាច្រើនតាមរយៈការបណ្តុះបណ្តាល់ជាភាសាបារាំងនៅតាមសាកលវិទ្យាល័យកម្ពុជាចំនួន៤ គឺសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ គ្រូពេទ្យកម្ពុជាជាច្រើនរូបដែលបានបំពេញកម្មសិក្សានៅតាមមន្ទីរពេទ្យបារាំង និងនិស្សិតអាហារូបករណ៍រដ្ឋាភិបាលបារាំង និងនិស្សិតអាហារូបករណ៍សហហិរញ្ញប្បទានផ្តល់ដោយគ្រឹះស្ថានសិក្សាកម្ពុជា ក៏មានវត្តមានក្នុងឱកាសខាងលើផងដែរ។ លោកឯកអគ្គរដ្ឋទូតបារាំងបានស្វាគមន៍និស្សិតទាំងនេះឱ្យចូលរួមក្នុងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំង (France Alumni Cambodge) និងបានថ្លែងអំណរគុណដៃគូកម្ពុជាចំពោះទំនាក់ទំនងទ្វេភាគីប្រកបដោយគុណភាព។ 
 
បណ្តាញ France Alumni Cambodge ត្រូវបានដាក់ឱ្យដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបច្ចុប្បន្នមានការចូលរួមពីអតីតនិស្សិតកម្ពុជាជាង១ ០០០នាក់។ តាមពិត ចំនួននិស្សិតជាក់ស្តែងមកពីបារាំងគឺច្រើនជាងនេះដោយសារជារៀងរាល់ឆ្នាំ និស្សិតកម្ពុជាប្រមាណ១៥០នាក់ចេញទៅសិក្សានៅប្រទេសបារាំង ហើយបច្ចុប្បន្ន និស្សិតកម្ពុជាជាង៨០០នាក់កំពុងសិក្សានៅប្រទេសបារាំង។ និស្សិតភាគច្រើនទទួលបានអាហារូបករណ៍ ដូចជាកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលបារាំង (ប្រមាណ៥០នាក់ក្នុងមួយឆ្នាំ) កម្មវិធី Excellence Eiffel (ប្រមាណ១០នាក់ក្នុងមួយឆ្នាំ) កម្មវិធី Erasmus+ (ប្រមាណ១៥នាក់ក្នុងមួយឆ្នាំ) និងកម្មវិធីសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្ត្រ (ប្រមាណ៧០នាក់ក្នុងមួយឆ្នាំ)៕  

Tag:
 អប់រំ
  និស្សិត
  ស្ថានទូតបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com