កីឡាជាតិ
ជាតិ
អត្ដពលិកប៉ារ៉ាឡាំពិកហ្វីលីពីន ១៧៤នាក់ ត្រៀមប្រកួតអាស៊ានប៉ារ៉ាលើកទី១២ នៅកម្ពុជា
21, May 2023 , 3:19 pm        
រូបភាព
លោក Walter Torres ស្នងការ នៃ PSC នៅចំកណ្ដាល រូបពី Philippines News Agency
លោក Walter Torres ស្នងការ នៃ PSC នៅចំកណ្ដាល រូបពី Philippines News Agency
ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ ចំពោះការប្រកួតនោះ គណៈកម្មការកីឡាហ្វីលីពីន (Philippine Sports Commission ឬ PSC) នឹងបញ្ជូនអត្ដពលិក ចំនួន១៧៤នាក់ ប្រកួតលើ ១៣ប្រភេទកីឡា ខណៈម្ចាស់ផ្ទះ កម្ពុជា បានចុះឈ្មោះអត្ដពលិកទាំងអស់ ២៣៦នាក់។


 
យោងទៅលើការផ្សាយរបស់ Philippine News Agency ប្រទេសហ្វីលីពីន នឹងបញ្ជូនអត្ដពលិក ១៧៤នាក់ មកប្រកួតលើ១៣ ប្រភេទកីឡា មានដូចជា៖ កីឡាប៊ូស្យា, បាល់ទាត់ (ចលករខួរក្បាល), បាល់បោះពិការភ្នែក, វាយសី, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, អុក, អត្តពលកម្ម, ហែលទឹក, លើកទម្ងន់, បាល់ទះលើរទេះ, យូដូ និងកីឡាអេឡិចត្រូនិច(E-Sports)។ 
 
លោក Walter Torres ស្នងការនៃគណៈកម្មការកីឡាហ្វីលីពីន មានគោលដៅមួយ គឺចង់ជំរុញឲ្យអត្ដពលិកជាតិខ្លួនដណ្ដើមបានមេដាយច្រើនជាងការប្រកួត អាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នៅប្រទេស ឥណ្ឌូណេស៊ី។ ការប្រកួតក្នុងព្រឹត្តិការណ៍នោះ អត្ដពលិកហ្វីលីពីន ដណ្ដើមបានមេដាយសរុប ១០៤ ក្នុងនោះ មាស២៨, ប្រាក់៣០ និង ៤៦សំរិទ្ធ និងឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងតារាងនៃប្រទេសដែលដណ្ដើមបានមេដាយ។
 
ស្នងការ PSC រូបនេះ បាននិយាយដូច្នេះថា៖«យើងចង់ធ្វើបានល្អជាងលើកមុន។ ក្រុមរបស់យើងពិតជានឹងផ្តល់ឱ្យអស់ពីសមត្ថភាពព្រោះអ្នករាល់គ្នាចង់ឈ្នះ។»។
ដោយឡែក កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានដាក់ចុះឈ្មោះអត្ដពលិកចូលរួមប្រកួត ២៣៦ នាក់ នៅលើកីឡាចំនួន ១៤ប្រភេទ ដោយរាប់បញ្ចូល E-sports (កីឡាសម្ដែង) ផងដែរ។
 
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី អត្ដពលិកកម្ពុជា រកមេដាយសរុបទាំងអស់ ចំនួន ២៨ ដោយក្នុងនោះ មាស៧, ប្រាក់១០ និងសំរិទ្ធ១១៕
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com