ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឆន ចាន់ធី៖ យុវជនត្រូវដាក់ខ្លួនរៀនសូត្រពីអ្នកជុំវិញ បើចង់ជោគជ័យ
21, May 2023 , 6:59 pm        
រូបភាព
លោក ឆន ចាន់ធី កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី១៦ ឧសភា។
លោក ឆន ចាន់ធី កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី១៦ ឧសភា។
សៀមរាប៖ លោក ឆន ចាន់ធី សព្វថ្ងៃជាប្រធានគ្រប់គ្រងតំបន់ នៃក្រុមហ៊ុន Foodpanda ប្រចាំខេត្ត សៀមរាប កំពង់ធំ កំពង់ចាម និងស្វាយរៀង។ វិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យអ្នកធ្វើការក្នុងវិស័យ សណ្ឋាគាររូបនេះ សម្រេចបោះបង់អាជីពដែលធ្លាប់ធ្វើជាង១០ឆ្នាំ ដោយទៅធ្វើការងារថ្មីដែលមិនធ្លាប់ មានបទពិសោធន៍ទាល់តែសោះ។ យ៉ាងណា ដោយសារធ្លាប់រៀនពីប្រព័ន្ធតិចណូឡូជីខ្លះកំឡុងពេលធ្វើ ការផ្នែកទេសចរណ៍ ធ្វើឱ្យលោក ចាន់ធី ងាយស្រួលក្នុងការអភិវឌ្ឍលើវិថីការងារថ្មី។ លោក ចាន់ធី ចង់ឃើញយុវជន ប្រឹងប្រែងរៀនអ្វីៗដែលនៅជុំវិញខ្លួន និងដាក់ខ្លួនជាមនុស្សស្រេកឃ្លានចំណេះដឹង ជាប់ជានិច្ច ទើបអាចអភិវឌ្ឍន៍សមត្ថភាពបានជាដរាប។

 
ព័ត៌មានពិស្ដារ សូមអានបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ឆន ចាន់ធី ប្រធានគ្រប់គ្រងតំបន់ នៃក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda ដូចតទៅនេះ៖  
 
អ៊ីសា រ៉ហានី៖ តាមដឹង កន្លងមកលោកធ្វើការក្នុងវិស័យសណ្ឋាគារទេ តែកំឡុងពេលវិបត្តិជំងឺកូវីដ-១៩ លោកចេញទៅធ្វើការក្នុងក្រុមហ៊ុនដឹកជញ្ជូនម្ហូប Foodpanda តើលោកអាចប្រាប់បានទេថា ការងារទាំងពីរនេះ ខុសប្លែកគ្នាអ្វីខ្លះសម្រាប់លោក?
 
ឆន ចាន់ធី៖ បាទដូចដឹងអ៊ីចឹង កន្លងមកខ្ញុំជាបុគ្គលិកដែលបម្រើការនៅក្នុងវិស័យទេសចរណ៍ឯណោះទេ តែដោយសារបរិបទកូវីដដែលធ្វើឱ្យខ្ញុំមានការផ្លាស់ប្ដូរមួយចំនួនដែរ ពីវិស័យទេសចរណ៍មកវិស័យក្រុមហ៊ុនវិញ។ ខ្ញុំបានចូលរួមក្រុមហ៊ុន Foodpanda រយៈពេល៣ឆ្នាំហើយ។ ទាក់ទងនឹងការងារ មានភាពខុសប្លែកមួយចំនួនដែរ ដោយសារកាលយើងធ្វើការនៅទេសចរណ៍គឺយើងធ្វើការងារអ្វី ដែលដាក់ទៅ គឺយើងបាននិយាយគ្នាមុនត្រឹមត្រូវបានច្រើន ដូចជាការងារនៅក្នុង Hospitallity (បដិសណ្ឋារកិច្ច) នៅក្នុងអូតែល យើងមានជជែករួមគ្នាច្រើន ចាប់ពីចំណុចតូចទៅ ធ្វើយ៉ាងណាបម្រើសេវាកម្មបានល្អ ហើយធ្វើយ៉ាងណាផ្តល់សេវា មើលថែភ្ញៀវរហូតដល់គាត់ចេញទៅវិញ។ 
 
ប៉ុន្តែត្រឡប់មកវិញ ជាមួយការងារក្រុមហ៊ុនយើងមានខុសប្លែកបន្ដិច ដោយសារក្រុមហ៊ុនយើងមានការ ផ្លាស់ប្ដូរ និងបត់បែនលឿនដែរ។ តិចណូឡូជី ទាមទារនូវការផ្លាស់ប្ដូរ ហើយនិងបត់បែនទៅតាម កាលៈទេសៈដែរ។  បើមិនចេះបត់បែនទាន់ពេលទេ គឺវាមានផលលំបាកមួយមិនទាន់សម័យកាល។ អ៊ីចឹងទៅ កាលនៅអូតែលយើងធ្វើការប្រើ System តិចទេ មកខាងក្រុមហ៊ុនយើងមាន System ច្រើន ហើយបន្ថែមលើហ្នឹង យើងគ្រប់គ្រងមនុស្សច្រើនដែរ។ ដូចនៅខេត្តសៀមរាបឥឡូវនេះអ៊ីចឹង គ្រាន់តែ System ដែលយើងគ្រប់គ្រងលើហាងច្រើន គ្រប់គ្រងលើអ្នកដឹកច្រើន យើងមាន១០០នាក់ជាងនៅទីនេះ។ អ៊ីចឹងយើងចំណាយពេលក្នុងការប្រើន System ក្នុងការគ្រប់គ្រងពួកគាត់។ មានន័យថា វារៀងខុសប្លែកគ្នាដែរ នៅក្នុងវិស័យទេសចរណ៍យើងភាគច្រើនធ្វើការជាមួយមនុស្សច្រើន ហើយក្រុមហ៊ុន នេះយើងធ្វើការជាមួយ System ច្រើនដើម្បីគ្រប់គ្រងទៅលើមនុស្សវិញ។
 
អ៊ីសា រ៉ហានី៖ ដំបូងឡើយ មានការសម្រេចចិត្តលំបាកទេ ក្នុងការងាកទៅធ្វើការលើជំនាញផ្សេងពីវិស័យ ទេសចរណ៍ដែលយើងធ្វើការជាង១០ឆ្នាំមកនេះ?


 
ឆន ចាន់ធី៖ មែនទែនទៅ ដូចជាអត់សូវលំបាកប៉ុន្មានដែរនិយាយឱ្យស្មោះត្រង់ទៅ ដោយសារតែបើនិយាយពីកូវីដផ្ទុះនៅស្រុកខ្មែរយើង ដើមឆ្នាំ២០២០ទេ តែដោយឡែកដោយសារឃើញផលប៉ះពាល់ នៃកូវីដ ហើយក៏ឱកាសនៃក្រុមហ៊ុនហ្នឹងមកដល់ ខ្ញុំគិតថាវាជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំដែរ ដែលខ្ញុំអាច ចាប់យកការងារថ្មីដែរ។ 
 
អ៊ីសា រ៉ហានី៖ ប៉ុន្តែមានធ្លាប់គិតថា វាពិបាក ដែលយើងមិនអាចធ្វើកើតទេ?
 
ឆន ចាន់ធី៖ តាមពិតទៅ ដោយសារកាលនៅអូតែលខ្ញុំមានបទពិសោធន៍ទាក់ទងនឹងតិចណូឡូជី មួយចំនួនដែរ ពិសេសខ្ញុំធ្វើការនៅខាងផ្នែកលក់ និងទីផ្សារ យើងធ្លាប់ធ្វើការផ្ទាល់ និងមិនផ្ទាល់ ជាមួយ ក្រុមហ៊ុនទេសចរណ៍យើងធ្វើការជាមួយមនុស្សទេ តែអនឡាយយើងមាន System ដែរតាមក្រុមហ៊ុន ផ្សេងៗ។ ដល់ពេលត្រឡប់ទៅធ្វើការជាមួយក្រុមហ៊ុនដែលប្រើប្រាស់តិចណូឡូជី យើងអាចធ្វើការហ្នឹង បាន។ បន្ថែមពីនេះ វាផ្តល់មេរៀនដល់យើងច្រើន ផ្តល់ចំណេះដឹង បទពិសោធន៍ដល់យើងច្រើនដែរ។ មុន យើងធ្លាប់ធ្វើការជាមួយមនុស្សច្រើន ដល់មកធ្វើការជាមួយ System ច្រើន អ៊ីចឹងយើងអាចទទួលបាន បទពិសោធន៍ល្អៗថ្មីច្រើន។
 
អ៊ីសា រ៉ហានី៖ លោកមានអ្វីចែករំលែកដល់យុវជនផ្សេងទៀត ដែលគាត់ត្រូវត្រៀមយ៉ាងដូចម្ដេចខ្លះពេលមានហានិភ័យការងារកើតឡើង ទើបយើងអាចបត់បែនតាមកាលៈទេសៈទាំងនោះបាន?
 
ឆន ចាន់ធី៖ បើតាមបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំតែម្ដង ខ្ញុំគិតថានៅកាលៈទេសៈណាក៏ដោយ យើងត្រូវ Keep Learning រហូត ពីព្រោះថាការរៀនវាមានសារសំខាន់សម្រាប់យើងទាំងអស់គ្នា ឧទាហរណ៍ឥឡូវគេត្រូវការប្រើតិចណូឡូជីច្រើន គួបផ្សំចំណេះដឹងទូទៅដែលយើងធ្លាប់រៀន ខ្ញុំគិតថា នៅក្នុងដំណាក់កាលលំបាកណាមួយយើងអាចបត់បែនបានហើយ។ ឧទាហរណ៍ថាឥឡូវខ្ញុំធ្លាប់ តែធ្វើការក្នុងសណ្ឋាគារ ខ្ញុំធ្លាប់ដឹងពី Process នៅក្នុងសណ្ឋាគារ ស្របពេលជាមួយនោះ ខ្ញុំក៏ឆ្លៀតរៀន តិចឡូណូជីមួយផ្នែក ព្រោះថាតិចណូឡូជីពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍរហូត។ 
 
អ៊ីសា រ៉ហានី៖ មកដល់ដំណាក់កាលនេះ ក្រោយធ្វើការងារក្រុមហ៊ុនដឹកជញ្ជូនអាហាររយៈពេល៣ឆ្នាំ មកនេះ អាចថានៅពេលវិស័យទេសចរណ៍ល្អប្រសើរឡើងវិញ លោកអាចនឹងងាកទៅធ្វើការចាស់វិញទេ ឬចង់បន្តការងារបច្ចុប្បន្នបន្តទៀត?
 
 ឆន ចាន់ធី៖ (គិតបន្ដិច) ទាក់ទងនឹងការងារ សព្វថ្ងៃខ្ញុំនៅតែបន្តធម្មតា គ្រាន់តែសួរថាត្រឡប់ទៅក្នុង វិស័យទេសចរណ៍វិញអត់ ខ្ញុំក៏មិនទាន់ហ៊ានឆ្លើយថានឹងត្រឡប់ទៅវិញដែរ ប៉ុន្តែយើងមើលទៅតាម ស្ថានការណ៍ជាក់ស្ដែង វិស័យទេសចរណ៍យ៉ាងម៉េចៗ។ ទាក់ទងនឹងវិស័យទេសចរណ៍បើថាឱ្យចោលអត់ ខ្ញុំគិតថាពិបាកក្នុងការចោល ដោយសារតែវាជាបេកក្រោនដែលធ្លាប់កសាង១០ឆ្នាំជាង តាំងពី២០០៧មក យើងនៅតែនឹក និងព្យាយាមទទួលព័ត៌មាន ព្យាយាមសិក្សារៀនសូត្រពីវិសយទេសចរណ៍ដូចគ្នា ដោយសារតែយើងធ្វើការរយៈពេល១៣ឆ្នាំ យើងមានមិត្តភក្តិ យើងមានទំនាក់ទំនង យើងមានដៃគូច្រើនដែលធ្លាប់ធ្វើការជាមួយ។ វានៅតែមានភាពអាឡោះអាល័យ និងនឹកនាគ្នា៕
 

Tag:
 ទេសចរណ៍
  ការអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com