ជាតិ
អ្នកនាង លឹម ផាន់ណា និពន្ធរឿងខ្លី “រៀនតាម” ឆ្លុះបញ្ចាំងពីគំរូម្ដាយទៅកាន់កូន
22, May 2023 , 8:59 am        
រូបភាព
អ្នក​និពន្ធឯករាជ លឹម ផាន់ណា (រូប​ផ្ដល់ឱ្យ)
អ្នក​និពន្ធឯករាជ លឹម ផាន់ណា (រូប​ផ្ដល់ឱ្យ)
ភ្នំពេញ៖ និពន្ធរឿងខ្លីបានប្រមាណ៣០ស្នាដៃ ដែលជាប្រភេទរឿងចម្រុះ បែបអប់រំ កំប្លែង និងបែបទស្សនវិទ្យាជាដើម។ ក្នុងចំណោមស្នាដៃទាំងនោះ ក៏មានរឿង“រៀនតាម” មួយដែរ។ ក្នុងរឿងនេះ អ្នកនិពន្ធ លឹម ផាន់ណា បានបង្ហាញអំពីទង្វើមិនល្អរបស់ម្ដាយ ដែលធ្វើបង្ហាញកូន ហើយកូនរបស់គាត់ បានធ្វើតាម។

ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ប៉ុ សាគុន អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងអ្នកនិពន្ធ លឹម ផាន់ណា ដូចតទៅ៖

 

 
 
អ្នកនិពន្ធឯករាជ្យលឹម ផាន់ណា ថានាងនិពន្ធរឿង មិនមានបំណង បង្គាប់អ្នកអានឱ្យធ្វើតាមគំនិតរបស់នាងឡើយ។ ប៉ុន្តែនាងមានគោលដៅ ឱ្យអ្នកតាមដានយកខ្ចឹមសារទាំងនោះ ទៅពិចារណាដោយខ្លួនឯង។ ជាក់ស្ដែងរឿង “រៀនតាម” បានបង្ហាញពីការអប់រំកូនដោយប្រយោល។

រឿង”រៀនតាម” និយាយពីម្ដាយមួយរូប បានបោះចោលសំរាមនៅទីសាធារណៈ ស្ដោះទឹកមាត់តាមបង្អួចឡាន និងបានជេរស្ដីយាយអ្នកសុំទាន។ ក្រោយមកកូនរបស់ស្ត្រីម្នាក់នោះ បានធ្វើតាមទង្វើអាក្រក់ទាំងនោះគ្រប់យ៉ាង។ ដំបូងឡើយនាងខឹងកូនរបស់នាងយ៉ាងខ្លាំង ប៉ុន្តែនាងក៏នឹកឃើញមកវិញ ថានោះគឺជាទង្វើដែលនាងបានធ្វើឱ្យកូនឃើញ កាលពីពេលកន្លងទៅ។ ម្ដាយរូបនោះប្ដេជ្ញាថា នឹងធ្វើគំរូល្អៗឱ្យកូនឃើញវិញ។
 
ទោះជាយ៉ាងណាក៏ដោយ តាមរយៈរឿងនេះ អ្នកនិពន្ធពុំបានមានន័យថា ឪពុកម្ដាយបច្ចុប្បន្នអប់រំកូនមិនបានល្អឡើយ។ ប៉ុន្តែនាងចង់បញ្ជាក់ថា ទង្វើរបស់ម្ដាយឪពុក កូននឹងចាប់យកយ៉ាងឆាប់រហ័ស ទាំងរឿងល្អនិងមិនល្អ។ ការណ៍នោះដោយហេតុថា ពួកគេមិនអាចបែងចែកថារឿងណាល្អ ហើយរឿងណាខ្លះមិនល្អនោះឯង។  ដូច្នេះម្ដាយឪពុកឬអាណាព្យាបាល គួរតែបង្ហាញអ្វីដែលល្អឱ្យកូនៗឃើញ។
 
«ខ្ញុំមិនអាចនិយាយថា សៀវភៅសុទ្ធតែល្អទាំងអស់នោះទេ ប៉ុន្តែ៩៩ភាគរយសៀវភៅគឺល្អ។ សាធារណជនទាំងអស់ គួរតែចំណាយពេល ឬក៏ឆ្លៀតពេលអានសៀវភៅ ព្រោះសៀវភៅគឺជាបណ្ដុំចំណេះដឹង។ ខ្ញុំឃើញអ្នកខ្លះគាត់ទៅទិញសៀវភៅ គាត់ទិញច្រើនៗ។ អ្នកខ្លះទៀតគាត់នាំកូនគាត់ទៅទិញទៀត មានន័យថាគាត់កំពុងតែ បង្រៀនកូនគាត់ឱ្យស្រឡាញ់សៀវភៅ ឱ្យចេះជ្រើសរើសសៀវភៅដែលខ្លួនចង់អានដោយខ្លួនឯង»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាង លឹម ផាន់ណា។
 
បន្ថែមលើការយកចិត្តទុកដាក់ពីឪពុកម្ដាយ មជ្ឈដ្ឋានជុំវិញកុមារក៏ជាធាតុសំខាន់ខ្លាំងណាស់ដែរ ក្នុងដំណើរការអប់រំ និងបណ្ដុះស្មារតីកុមារ។ 
 
អ្នកនាងពន្យល់ដូច្នេះ៖«ឧទាហរណ៍នៅសាលារៀន លោកគ្រូអ្នកគ្រូត្រូវតែបណ្ដុះទម្លាប់ ឬក៏ពន្យល់ពីសារសំខាន់នៃការអានសៀវភៅដល់សិស្ស។ នៅតាមសាលារៀនមានបណ្ណាល័យ តើមានម៉ោងគ្រប់គ្រាន់ ឱ្យសិស្សទៅអានសៀវភៅក្នុងបណ្ណាល័យនោះឬអត់? ការដាក់កិច្ចការផ្ទះ ក៏ទាក់ទងនឹងការអានសៀវភៅដែរ។ ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ តើរាល់ថ្ងៃនេះ បានផលិតជាវីដេអូអប់រំអ្វីខ្លះ ដើម្បីលើកទឹកចិត្តកុមារ ឬក៏សាធារណជន ឱ្យចាប់អារម្មណ៍លើការអានសៀវភៅ ឬស្រឡាញ់សៀវភៅកម្រិតណា»?៕

Tag:
 អំណាន
  អប់រំ
  ការតែងនិពន្ធ
  រឿងខ្លី
  លឹម ផាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com