កីឡាជាតិ
ជាតិ
លោកស្រី Wandee Tosuwan ជឿជាក់ថា អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា នឹងទទួលបានជោគជ័យ
22, May 2023 , 10:15 am        
រូបភាព
លោកស្រី Wandee Tosuwan ក្នុងកិច្ចប្រជុំគណៈកម្មាធិការអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសកម្ពុជា។
លោកស្រី Wandee Tosuwan ក្នុងកិច្ចប្រជុំគណៈកម្មាធិការអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសកម្ពុជា។
ដោយ:
លោកស្រី Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍ ជឿទុកចិត្តលើម្ចាស់ផ្ទះកម្ពុជា ថា នឹងរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម ប្រកបដោយភាពជោគជ័យ។ ព្រឹត្តិការណ៍កីឡាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមបន្តចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។

 
លោកស្រី Wandee Tosuwan បាននិយាយថា៖ «ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ពិតជារៀបចំបានល្អ។ ដូច្នេះហើយសម្រាប់កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ខ្ញុំគិតថានឹងធ្វើបានល្អដូចគ្នា»។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣  លោកស្រីអគ្គលេខាធិការ ក៏សង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន នឹងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
 
លោកស្រី Wandee Tosuwan បន្ថែមថា៖ «ខ្ញុំសូមឱ្យមានការបញ្ចេញសារលើកទឹកចិត្តជូនទៅកាន់អត្តពលិកជនមានពិការភាព ចំពោះកីឡាករ-កីឡាការិនី ដែលអ្នកពេញចិត្ត ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣»។ 
 
គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាលើកដំបូងនៅកម្ពុជានេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយមន្រ្តីប្រតិភូ គ្រូបង្វឹកកីឡាករ-កីឡាការិនី ជាង២០០០នាក់មកពីប្រណ្តាប្រទេសទាំង១០ ចូលរួម ។
 
កីឡាទាំង១៣ ប្រភេទរួមមាន៖ អត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះ អង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។ ចំពោះកីឡាអេឡិចត្រូនិក(E-sport) ជាប្រភេទកីឡាបង្ហាញ តែមិនមានមេដាយឡើយ៕
 

Tag:
 Wandee Tosuwan
 អាស៊ានប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com