កីឡាអន្តរជាតិ
អន្តរជាតិ
Man City ប្រារព្ធពិធីលើកពាន EPL នៅ Etihad ក្រោយឈ្នះ Chelsea
22, May 2023 , 10:54 am        
រូបភាព
Machester City បានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២២-២៣ និង៣រដូវកាលជាប់ៗគ្នា។ ក្រុមមេឃខៀវ ដឹងថាខ្លួនជាម្ចាស់ពានតាំងពី Arsenal ចាញ់ Nottingham Forest ១-០ កាលពីចុងសប្តាហ៍ បានធ្វើពិធីលើកពានលីគកំពូលអង់គ្លេសរបស់ខ្លួននៅកីឡដ្ឋាន Etihad ក្រោយប្រកួតឈ្នះ Chelsea ១-០ នៅជំនួបទី៣៦របស់ខ្លួន។



ខ្សែប្រយុទ្ធ Julian Alvarez ស៊ុតបញ្ចូលទី១គ្រាប់ ជួយក្រុមលោក Pep Guardiola យកឈ្នះ Chelsea ក្នុងការប្រកួតសប្តាហ៍ទី៣៦ នៅរាត្រីថ្ងៃទី២១ ខែឧសភា។ ក្រុមមេឃខៀវកើនដល់៨៨ពិន្ទុ និងសល់ពីរប្រកួតក្នុងដៃ នាំមុខ Arsenal ដែលប្រកួត៣៧លើកចំនួន៧ពិន្ទុ។
 
តាមពិតទៅ បើទោះ Man City ឈ្នះ ឬចាញ់ Chelsea នៅជំនួបនេះ ក៏ពួកគេបានក្លាយជាជើងឯកលីគកំពូលអង់គ្លេសប្រចាំរដូវកាល ២០២២-២៣ រួចទៅហើយ ពោលចាប់តាំងពី Arsenal បានចាញ់ Nottingham Forest ១-០ នៅជំនួបសប្តាហ៍ទី៣៧ម្លេះ។
 
ក្រុមដែលដឹកនាំដោយលោក Guardiola បានយកជ័យជម្នះលើតោខៀវនៅ Etihad ដើម្បីប្រារព្ធធ្វើពីធីលើកពានរបស់ខ្លួន ខណៈនៅសល់ពីរប្រកួតក្នុងដៃទៀត។ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Man City បានឈ្នះជើងឯកលីគកំពូអង់គ្លេស៥សម័យកាល ២០១៧–១៨, ២០១៨–១៩, ២០២០–២១, ២០២១–២២ និង ២០២២–២៣។ រដូវកាលនេះ ក្រៅពី Premier League លោក Guardiola នៅសល់ភារកិច្ចដឹកនាំ Man City ដណ្តើមពានពីរទៀតរួមមាន FA Cup វគ្គផ្តាច់ព្រ័ត្រទល់ Manchester United និងជួប Inter Milan ដើម្បីដណ្តើមពានកំពូលអឺរ៉ុប UEFA Champions League នៅវគ្គផ្តាច់ព្រ័ត្រ។
 
ដោយឡែកក្រុមដែលត្រូវធ្លាក់ពីលីគកំពូលអង់គ្លេសរដូវកាលក្រោយមាន Southampton ស្របពេល Everton, Leeds United និង Leicester City ត្រូវប្រជែងគ្នាយកមួយកៅអីដើម្បីបន្តលេងនៅ Premier League រដូវកាលក្រោយ។
 
Everton រកបាន៣៣ពិន្ទុ ឈរចំណាត់ថ្នាក់ទី១៧ ក្រោយឆ្លងកាត់៣៧ប្រកួត នាំមុខ Leeds ដែលស្ថិតនៅតំបន់ត្រូវកាត់ចោលលេខរៀងទី១៨ ចំនួន២ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៣៧លើក។ Leicester ដែលស្ថិតនៅចំណាត់ថ្នាក់ទី១៩បណ្តោះអាសន្ន មាន៣០ពិន្ទុ ប៉ុន្តែទើបប្រកួត៣៦លើកប៉ុណ្ណោះ៕
 

Tag:
 Premier League
  Machester City
© រក្សាសិទ្ធិដោយ thmeythmey.com