ជាតិ
ស៊ីហ្គេម២០២៣
បាត់ម៉ូតូ តែស្មារតីទទួលខុសត្រូវចំពោះការងារស្ម័គ្រចិត្តស៊ីហ្គេមរបស់ ផុន រ៉ាស៊ី មិនបាត់បង់
22, May 2023 , 11:59 am        
រូបភាព
ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តស៊ីហ្គេម ផុន រ៉ាស៊ី បានបាត់ម៉ូតូ «ហុងដា ឆ្នាំ២០២០» មួយគ្រឿងនៅទីលាន Az Group តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១១ ខែឧសភា។ ទោះបី ម៉ូតូ ត្រូវបានបាត់ហើយក្ដី តែនាង នៅតែមានស្មារតីមកបំពេញការងារស្ម័គ្រចិត្តដដែល។



យុវជនស្ម័គ្រចិត្តស៊ីហ្គេម ផុន រ៉ាស៊ី បានបាត់ម៉ូតូ «ហុងដា ឆ្នាំ២០២០» ពណ៌ខ្មៅ មួយគ្រឿងនៅទីលាន Az Group តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ដែលជាទីតាំងប្រកួតកីឡាគ្រីឃីត កាលពីថ្ងៃទី១១ ខែឧសភា។ 
  


ក្រោយពេល បានដំណឹងបាត់ម៉ូតូ យុវតី ផុន រ៉ាស៊ី មានការភ័យព្រួយយ៉ាងខ្លាំង ដោយហេតុថា នេះជាម៉ូតូតែមួយគត់ ដែលនាងជិះទៅធ្វើការ។ អំឡុងពេលនោះ ក៏មានគណៈកម្មាធិការអ្នកស្ម័គ្រចិត្ត បានខ្នះខ្នែងដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលីស ដោយពួកគេធានាថា នឹងទិញម៉ូតូថ្មីជំនួសវិញ ប្រសិនបើ រកពុំឃើញ។ 
 
បន្ថែមពីនេះ រូបគេ ក៏ទទួលបានការលើកទឹកចិត្ត និងក្ដីអាណិតអាសូរជាច្រើន ពីប្រជាពលរដ្ឋខ្មែរផងដែរ បន្ទាប់ពី នាងបានបង្ហោះរូប៣សន្លឹក ដែលរូបនាង ម៉ូតូ និងកាត់គ្រី ភ្ជាប់ជាមួយខ្លឹមផ្សារថា «នាងខ្ញុំឈ្មោះ ផុន រ៉ាស៊ី ជាអ្នកស្ម័គ្រចិត្តនៅទីលាន Az Group Cricket Oval (ផ្លូវ៦០ម៉ែត្រ) បានបាត់ម៉ូតូ Honda Dream ២០២៣ អំឡុងពេល ធ្វើការងារស្ម័គ្រចិត្ត» និងបានសុំឱ្យគេជួយ។​
 
ក្រោយទទួលបានការធានា និងការលើកទឹកចិត្តជាច្រើនបែបនេះ បានធ្វើឱ្យ យុវតី ផុន រ៉ាស៊ី ឈប់ភ័យព្រួយ និងមកបន្តបំពេញការងារជាធម្មតា។ នេះគឺជាទំនួលខុសត្រូវចំពោះការងារ ដ្បិតអី ត្រូវពឹងមិត្តភក្តិជូនទៅ និងមក។ 
 
នាង ប្រាប់ដូច្នេះថា៖«ខ្ញុំនៅមកធ្វើការងារធម្មតា ព្រោះខាងគណៈកម្មាធិការអ្នកស្ម័គ្រចិត្ត គាត់បានប្រាប់ខ្ញុំថា កុំភ័យ គាត់អត់ទុករឿងហ្នឹងចោលទេ។ គាត់នឹងសហការជាមួយសមត្ថកិច្ច ជួយតាមរកឱ្យ។ នៅពេលនោះ ខ្ញុំសោកស្ដាយខ្លាំងដែរ ប៉ុន្តែមានកូនចិត្តមួយថា ប្រហែលជាប៉ូលិស គេជួយរកឱ្យ។ អ៊ីចឹង ខ្ញុំទុកចិត្តដែរ អត់សូវភ័យវិញ»។ 
 
រ៉ាស៊ី គឺជាគ្រូបង្រៀនថ្នាក់បឋមសិក្សាគោខ្ចក ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ គ្រូបង្រៀនរូបនេះ បានឆ្លៀតយកពេលសម្រាកការងារខ្លួន ដើម្បីបានឱកាសបំពេញការងារស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដោយត្រូវស្នាក់នៅផ្ទះជួយជាមួយនឹងបងប្អូនជីដូនមួយ។ មូលហេតុដែលនាងចង់ធ្វើជាអ្នកស្ម័គ្រចិត្ត ដោយសារឃើញការរៀបចំ ​និងកីឡាជាច្រើន ដោយផ្ទាល់។ 
 
ក្រៅពីនេះ នាងទទួលបានក៏រៀនបានច្រើនពីការងារស្ម័គ្រចិត្តនេះផងដែរ ដូចជាការធ្វើការងារជាក្រុម ទំនាក់ទំនងទាំងភាសាខ្មែរ- អង់គ្លេស និងសម្របសម្រួល។ អ្វីដែលបំភ្លេចមិនបាន គឺក្រុមការងារស្ម័គ្រចិត្តទាំងអស់ មានទឹកចិត្តចែករំលែក និងយោគយល់គ្នាជាដើម។ 
 
ទោះបី ហត់នឿយបន្តិច តែយុវជនស្ម័គ្រចិត្តស៊ីហ្គេម ផុន រ៉ាស៊ី រីករាយដែលបានឱកាសធ្វើការងារស្ម័គ្រចិត្ត។ នាង បន្ថែមដូច្នេះថា៖« ខ្ញុំសប្បាយចិត្តដែលបានធ្វើការងារនេះ។ ខ្ញុំរៀនបានច្រើន ពីការងារស្ម័គ្រចិត្តនេះ ជាក់ស្ដែងដូចជា ទឹកចិត្តចេះចែករំលែកគ្នាតែម្ដង។ មួយទៀត នៅពេលខ្ញុំបាត់ម៉ូតូ ក៏បានបង្រៀនឱ្យខ្ញុំចេះប្រុងប្រយ័ត្នផងដែរ»។ 
 
សូមជម្រាបថា ក្រោយទទួលដំណឹងយុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមម្នាក់បានបាត់ម៉ូតូ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៣ពាន់ដុល្លារសម្រាប់ទិញម៉ូតូថ្មី៕  
 

Tag:
 ស៊ីហ្គេម
  ការងារស្ម័គ្រចិត្ត
  ផុន រ៉ាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com