អន្តរជាតិ
ឥណ្ឌូណេស៊ី ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រសន្តិភាពនៅអ៊ុយក្រែន
22, May 2023 , 8:29 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានជួបជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាពយកពីPresidential Secretariat
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានជួបជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាពយកពីPresidential Secretariat
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី២១ ខែឧសភា បានប្រាប់សមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គីថា រដ្ឋាភិបាលក្រុងហ្សាការតា គាំទ្រកិច្ចខិតខំស្តារសន្តិភាពនៅអ៊ុយក្រែនឡើងវិញ ហើយត្រៀមខ្លួនជាស្រេច ក្នុងការជួយឱ្យមានសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។

 
ពីក្រៅកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ (G7) នៅក្រុង Hiroshima ក្នុងថ្ងៃទី២១ ខែឧសភា លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានជួបជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ។
 
«ប្រធានាធិបតី ហ្សេលេនស្គី ខ្ញុំបានតាមដានស្ថានភាពអ៊ុយក្រែនយ៉ាងខ្លាំង។ ខ្ញុំសូមបង្ហាញក្តីរំលែកទុក្ខចំពោះជនរងគ្រោះដែលបន្តជួបបញ្ហា»។ លោក ចូកូ បានបញ្ជាក់បែបនេះ ដោយបន្តថា ឥណ្ឌូណេស៊ី ត្រៀមខ្លួនជាស្រេច ក្នុងការជួយរៀបចំសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី។ 
 
ជាការឆ្លើយតប លោក ហ្សេលេនស្គី បានបង្ហាញការពេញចិត្តចំពោះតួនាទីរបស់ឥណ្ឌូណេស៊ី ក្នុងការជួយស្វែងរកសន្តិភាពនៅអ៊ុយក្រែន។ 
 
បន្ថែមពីនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាពីការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ក៏ដូចជាជំនួយមនុស្សធម៌ផង។ ឥណ្ឌូណេស៊ី បានសន្យារៀបចំមន្ទីរពេទ្យមួយនៅអ៊ុយក្រែនឡើងវិញ ក្នុងពេលមានសង្រ្គាមបែបនេះ។ 
 
សូមបញ្ជាក់ថា វត្តមានរបស់លោក ហ្សេលេនស្គី នៅក្នុងកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសអ្នកមានទាំង ៧ (G7) បានទទួលការសន្យាជាច្រើន ដើម្បីដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ឈប់សង្រ្គាម ក៏ដូចជាដកទ័ពចេញពីអ៊ុយក្រែន៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com