ជាតិ
សេដ្ឋកិច្ច
រោងចក្រ-សហគ្រាសថ្មី បើកដំណើការ ជិត៥០០កន្លែង នា៥ខែនេះ
22, May 2023 , 8:59 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ:
រោងចក្រ-សហគ្រាសចំនួន៤៨៣ បានបើកទ្វារ ខណៈមានរោងចក្រសហគ្រាស១៦១ បានបិទទ្វារ នៅដើមឆ្នាំ២០២៣នេះ។ រោងចក្រ-សហគ្រាស ដែលបិទទ្វារឬព្យួរការងារនេះ បណ្ដាលមកពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដោយសារការអូសបន្លាយ នៃសង្គ្រាមរុស្សី-អ៊ុយក្រែន ដែលធ្វើឱ្យការនាំចេញទំនិញ មានការធ្លាក់ចុះ។



លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២២ ខែឧសភា តាមប្រព័ន្ធតេឡេក្រាមថា រោងចក្រ-សហគ្រាសដែលបិទទ្វារទាំងនោះ ភាគច្រើនជាសហគ្រាស នៅក្នុងវិស័យក្រៅកាត់ដេរ ១២០ទីតាំង និង ៤១សហគ្រាស ស្ថិតក្នុងវិស័យកាត់ដេរ។ 
  

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបភាព៖ ក្រសួងការងារ
 
អ្នកនាំពាក្យរូបនេះ បានបន្តថា រោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរ៣៤កន្លែង កំពុងព្យួរការងារ ដែលមានកម្មករនិយោជិត ១២ ៩៨១នាក់។ ស្របគ្នានេះ ក៏មានរោងចក្រសហគ្រាសនៅក្នុងវិស័យកាត់ដេរ កំពុងប្រកាសជ្រើសរើសបុគ្គលិកចំនួន ១១ ៩៧៤នាក់ផងដែរ។
 
ជុំវិញបញ្ហារោងចក្រ-សហគ្រាស ដែលបិទទ្វារ ឬព្យួរកិច្ចសន្យាការងារនេះ បណ្ដាលមកពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដែលមានការអូសបន្លាយនៃសង្គ្រាម រុស្សី-អ៊ុយក្រែន។ លោក ហេង សួរ លើកឡើងបែបនេះ ដោយបញ្ជាក់ថា៖« អត្រាអតិផរណានៅខ្ពស់ ជាពិសេសការកើនឡើងតម្លៃប្រេង និងអាហារ ដែលនាំឱ្យមានការបង្វែរការចំណាយរបស់ប្រជាជននៅបណ្ដាប្រទេសសំខាន់ៗ។ ការនាំចូលផលិតផលពីប្រទេសកម្ពុជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ទៅជាការចំណាយលើទំនិញចាំបាច់នានាវិញ ដែលជារួមនាំឱ្យមានការធ្លាក់ចុះតម្រូវការសកល»។ 
 
បើតាមលោក ហេង សួរ ជារៀងរាល់ឆ្នាំ មានរោងចក្រ សហគ្រាសមួយចំនួនបានបិទ និងមួយចំនួនទៀត ក៏បានបើកដំណើរការជាថ្មី ដែលជានិន្នាការធម្មតានៃសេដ្ឋកិច្ចទីផ្សារសេរី។ លោក បានបន្ថែមថា ទីផ្សារការងារក្នុងវិស័យកាត់ដេរគ្រប់ប្រទេសទាំងអស់ សុទ្ធតែប្រឈមនឹងបញ្ហា រួមមានប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងស្រីលង្កាជាដើម។
 
សូមជម្រាបថា នៅឆ្នាំ២០២២ មានរោងចក្រ-សហគ្រាស បិទទ្វារចំនួន ៤៩១ កន្លែង ដោយមានកម្មករនិយោជិត ៥,៩ម៉ឺននាក់ ក្នុងនោះវិស័យកាត់ដេរមានចំនួន១៣២កន្លែង មានកម្មករនិយោជិតប្រមាណ ៥ម៉ឺនាក់។ ប៉ុន្តែ ក៏មានរោងចក្រ-សហគ្រាស បើកថ្មីចំនួន៣ ៧៤៨ មានកម្មករនិយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលបានបំពេញការងារ ។ ក្នុងនោះវិស័យកាត់ដេរចំនួន២៣៤កន្លែង មានកម្មករនិយោជិតជាង ៧ម៉ឺននាក់៕
 

Tag:
 រោងចក្របិទទ្វារ
© រក្សាសិទ្ធិដោយ thmeythmey.com