អន្តរជាតិ
អគ្គលេខាធិការ UN ថាដល់ពេលត្រូវធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ
22, May 2023 , 9:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២១ ខែឧសភា បានលើកឡើងថា​ ដល់ពេលហើយដែលត្រូវកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធហិរញ្ញវត្ថុ Bretton Woods ដើម្បីឱ្យស្របតាមការពិតនៃពិភពលោកនាពេលបច្ចុប្បន្ន។



ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Hiroshima ដែលជាកន្លែងមេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) រៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បាននិយាយថា ទម្រង់ក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធហិរញ្ញវត្ថុ Bretton Woods ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព។
 
«ទម្រង់ហិរញ្ញវត្ថុពិភពលោក (Bretton Woods) បានក្លាយជាទម្រង់ហួសសម័យ ដំណើរការខុសប្រក្រតី និងអយុត្តិធម៌»។ លោក ហ្គូតេរ៉េស បញ្ជាក់បែបនេះ មុនបន្ថែមថា ផលប៉ះពាល់ពីជំងឺកូវីដ-១៩លើសេដ្ឋកិច្ចពិភពលោក និងជម្លោះរុស្ស៊ី-អ៊ុយក្រែន បានឆ្លុះបញ្ចាំងពីភាពបរាជ័យជាក់ស្ដែងនៃប្រព័ន្ធទាំងពីរដើម្បីបំពេញមុខងារស្នូលរបស់ខ្លួនក្នុងការដោះស្រាយបញ្ហា។ 
 
ដោយបានរៀបរាប់លម្អិតពីភាពលំអៀងជាប្រព័ន្ធ និងអយុត្តិធម៌នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក Bretton Woods លោក ហ្គូតេរ៉េស បានកត់សម្គាល់ថា កំណែទម្រង់ប្រព័ន្ធ Bretton Woods ជាសំណួរសំខាន់សម្រាប់ការបែងចែកអំណាចឡើងវិញស្របតាមភាពជាក់ស្តែងនៃពិភពលោកបច្ចុប្បន្ន។
 
ក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) លោក ហ្គូតេរ៉េស អះអាងដែរថា ប្រទេសកំពុងអភិវឌ្ឍ​បានមើលឃើញការតែច្បាស់ពីការមិនធ្វើកំណែទម្រង់ស្ថាប័នហួសសម័យនេះ។ 
 
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឥទ្ធិពលសេដ្ឋកិច្ចរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) បានធ្លាក់ចុះក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ដែលមានផលិតផលក្នុងស្រុកសរុបធៀបនឹងពិភពលោកស្មើនឹង២៩,៩ភាគរយ ខណៈផលិតផលក្នុងស្រុកសរុបរួមគ្នារបស់ចិន និងឥណ្ឌាមានជាង៥០ភាគរយធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកក្នុងឆ្នាំ២០២៣។ 
 
គួរបញ្ជាក់ថា ប្រព័ន្ធ Bretton Woods ជាសំណុំនៃច្បាប់ និងគោលនយោបាយបង្រួបបង្រួម ដែលផ្តល់ក្របខ័ណ្ឌដើម្បីបង្កើតអត្រាប្តូរប្រាក់អន្តរជាតិថេរ។ នៅក្រោមប្រព័ន្ធនេះ មាសគឺជាមូលដ្ឋានធៀបនឹងប្រាក់ដុល្លារ និងរូបិយប័ណ្ណផ្សេងទៀត៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com