ជាតិ
សេដ្ឋកិច្ច
និស្សិតមួយក្រុម សិក្សាវិធីសាស្រ្តសន្សំសំចៃទឹកចំពោះស្រូវនៅរដូវប្រាំង
23, May 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ និស្សិតខ្មែរ និងបរទេស បានរួមគ្នាសិក្សាអំពីវិធីសាស្រ្ត «ស្រោចស្រពចម្លាស់សើម និងស្ងួត» ដែលជាបច្ចេកទេសគ្រប់គ្រង និងសន្សំសំចៃទឹក ដោយអនុវត្តចំពោះស្រូវរដូវប្រាំង ដែលអាចកាត់បន្ថយការប្រើប្រាស់ទឹក ២៥ ទៅ៣០ភាគរយ ធៀបនឹងការធ្វើបែបប្រពៃណី។



អ្នកស្រី កេតុ ពិណ្ណារ៉ា សាស្រ្តាចារ្យមកពីមហាវិទ្យាល័យវារីសាស្រ្តនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងជាអ្នកដឹកនាំគម្រោងស្រាវជ្រាវ បានឱ្យដឹងថា​ វិធីសាស្រ្ត «ស្រោចស្រពចម្លាស់សើម និងស្ងួត» គឺជាបច្ចេកទេសគ្រប់គ្រង និងសន្សំសំចៃទឹក ដែលអនុវត្តដើម្បីបង្កបង្កើនផលស្រូវនៅរដូវប្រាំង ដែលអាចកាត់បន្ថយការ​ប្រើប្រាស់ទឹក ជាងការធ្វើតាមបែបប្រពៃណីរបស់កសិករ។ 
  

អ្នកស្រី កេតុ ពិណ្ណារ៉ា សាស្រ្តាចារ្យមកពីមហាវិទ្យាល័យវារីសាស្រ្តនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងជាអ្នកដឹកនាំគម្រោងស្រាវជ្រាវ បច្ចេកទេសគ្រប់គ្រង និងសន្សំសំចៃទឹក 
 
ការសិក្សានេះ ត្រូវបានគេយកធ្យូង ឬអង្កាម ដែលដុតហើយ យកទៅធ្វើជាគម្របរង។ គេព្យាយាម ប្រើប្រាស់ជីធម្មជាតិបន្ថែម ដើម្បីជួយបង្កើនទិន្នផល និងទប់ស្កាត់ការលេចជ្រាបទឹក និងជីគីមី ចូលទៅក្នុងដីលឿនរហ័ស ព្រមទាំង បច្ចេកទេសគួបផ្សំ ជាច្រើនទៀត។
 
នៅអំឡុងពេល ស្រូវលូតលាស់ កសិករមិនចាំបាច់ដាក់ទឹកក្នុងស្រែជាប្រចាំនោះទេ។ ការស្រោចស្រព ត្រូវធ្វើឡើងចន្លោះ ៥ថ្ងៃម្ដង ដោយទុកឱ្យកម្ពស់ទឹកក្នុងស្រែស្រកចុះពី ១៥សង់ទីម៉ែត្រ ពីក្រោមផ្ទៃដីទើបស្រោចទឹកឡើងវិញ។ គេអាចប្រើប្រាស់បំពង់ជ័រ (PVC) ដើម្បីតាមដានកម្ពស់ទឹកក្នុងស្រែ។​ តាមការវាយតម្លៃដំបូងបង្ហាញថា បច្ចេកទេសនេះ អាចជួយការកាត់បន្ថយទឹកពី ២៤ទៅ៣០ ភាគរយ ធៀបនឹងការស្រោចស្រពប្រពៃណី។
  


លើសពីនេះ ក្រុមអ្នកស្រាវជ្រាវ​ បានប្រើប្រាស់ដ្រូន ដើម្បីទាញយកទិន្នន័យ។ ពួកគេ ក៏បានធ្វើ App មួយផងដែរ ដើម្បីឱ្យកសិករអាចបញ្ចូលទិន្នន័យ ពីប្រភេទដី និងពូជស្រូវ ដែលពួកគេបានដាំ។ ចំណុចពិសេសរបស់ App គឺប្រាប់ពីព័ត៌មានផ្សេងៗ ជាពិសេស ជូនដំណឹង រាល់ពេលវាលាបញ្ជូលទឹក និងដាក់ជី ដល់កសិករ។ 
 
កញ្ញា ឡៃ ចិន្ដា និស្សិតស្រាវជ្រាវថ្នាក់បណ្ឌិតម្នាក់ បានលើកឡើងថា តាមរយៈការពិសោធន៍លើកទីមួយ និងទីពីរ បង្ហាញថា ពូជស្រូវខ្លះ ប្រើប្រាស់«បច្ចេកទេសសន្សំសំចៃទឹក» បានផលតិចជាងការស្រោចស្រពបែបប្រពៃណី ប៉ុន្តែ ក៏មានពូជខ្លះ ទទួលបានផលប្រហាក់ប្រហែលគ្នា ឬលើស ពីការស្រោចស្រពបែបប្រពៃណី ផងដែរ។ ជាក់ស្ដែង ដូចជា ពូជ OM ៥៤ និង៥១, ផ្ការរំដួល, សែនក្រអូប សុទ្ធសឹងតែទទួលបានផលខ្ពស់ ពីបច្ចេកទេសសន្សំសំចៃទឹកចំពោះស្រូវរដូវប្រាំងនេះ។ 
  

កញ្ញា ឡៃ ចិន្ដា និស្សិតស្រាវជ្រាវ បច្ចេកទេសសន្សំសំចៃទឹកចំពោះស្រូវប្រាំង
 
ការឈានចូលរដូវប្រាំងម្ដងៗ នៅតំបន់ខ្លះនៃប្រទេសកម្ពុជា តែងតែជួបបញ្ហាខ្វះខាតទឹកសម្រាប់ការធ្វើកសិកម្ម ហើយពលរដ្ឋ តែងតែចំណាយលើការទិញទឹក ឬប្រេងសាំង ដើម្បីបូមទឹកដាក់ស្រែខ្លួន។ ក្នុងន័យនេះ ការទទួលបានផលច្រើន ឬតិច គឺអាស្រ័យលើគុណភាពដី និងពូជស្រូវ ប៉ុន្តែ អ្វីដែលពិសេស បច្ចេកទេសសន្សំសំចៃទឹកចំពោះស្រូវប្រាំងនេះ អាចជួយកាត់ថ្លៃចំណាយ និងការប្រើប្រាស់ទឹក ដែលអាចឱ្យកសិករទទួលបានផលចំណេញជាងមុន។ 
 
កញ្ញា ឡៃ ចិន្ដា ប្រាប់ដូច្នេះថា៖«វាអាស្រ័យលើប្រភេទដី និងពូជដែលគាត់(កសិករ) យកមកធ្វើ។ អ៊ីចឹង! ក្នុងការពិសោធន៍ទី១ និងទី២របស់យើង ឃើញថា ពូជខ្លះនៅពេលគាត់ប្រើវិធីសន្សំសំចៃទឹកហ្នឹងទៅ ផលវាបានតិចជាងវិធីធម្មតា​ ដែលកសិករធ្លាប់ធ្វើកន្លងមក។ ប៉ុន្តែ មានពូជមួយចំនួនទៀត បានផលប្រហាក់ប្រហែលគ្នា​ឬលើស ប៉ុន្តែ យើងអាចសន្សំទឹកបាន។ អ៊ីចឹង ! វាល្អសម្រាប់ អ្នករស់នៅតំបន់ដែលខ្វះទឹក»។ 
  


​ប្រយោជន៍ពីរដែលកសិករបានប្រយោជន៍ពីបច្ចេកទេសនេះ គឺកម្មវិធីលើទូរសព្ទដៃ (App) ព្រោះថា កសិករ អាចប្រើប្រាស់សម្រាប់តាមដានទឹក និងជី។ ក្រុមអ្នកស្រាវជ្រាវ នឹងរៀបចំសិក្ខាសិលាខ្នាតធំមួយ ដើម្បីបង្រៀនកសិករពីដំណើរការពិសោធន៍ និងរបៀបកម្មវិធីទូរសព្ទដៃ។ 
 
កញ្ញា ឡៃ ចិន្ដា បញ្ជាក់ថា​ បច្ចេកទេសសន្សំសំចៃទឹកសម្រាប់ស្រូវប្រាំងនេះ អាចអនុវត្តលើដីស្រែទូទៅបាន ដោយមិនចាំបាច់មានការរៀបចំតាមស្ដង់ដារពេកនោះទេ។ ប្រសិនបើ គម្រោងនេះ ជោគជ័យនៅខេត្តកំពង់ធំ ពួកគេ នឹងដាក់ឱ្យអនុវត្តសម្រាប់ខេត្ត ឬតំបន់ដែលខ្វះខាតទឹកផ្សេងទៀត។
  


សូមជម្រាបថា នេះជាអនុគម្រោងទី២០ ផ្តោតលើការស្រាវជ្រាវលើការស្រោចស្រពដោយសន្សំសំចៃទឹកតាមវិធីសាស្រ្តស្រោចស្រពចម្លាស់សើម និងស្ងួតសម្រាប់ ដំណាំស្រូវរបស់ក្រុមអ្នកស្រាវជ្រាវនៃមន្ទីរពិសោធន៍ដីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមជំនួយថវិការនៃគម្រោងកែលម្អការសិក្សានៅឧត្តមសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា (HEIP)។ 
 
ការសិក្សានេះ មានការចូលរួមពីដៃគូផ្សេងៗដូចជាសាកលវិទ្យាល័យ Liege University-AgroBioTech ពីប្រទេសបែលហ្ស៊ិក និងស្ថាប័នផ្សេងៗទៀត។ ក្នុងនោះ មាននិស្សិតចូលរួមសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតចំនួន ២នាក់ រួមមានអ្នកស្រី ភឿនចន្ទអារុណ និងកញ្ញា ឡៃ ចិន្តា , និស្សិតថ្នាក់អនុបណ្ឌិត ២នាក់ មកពីបែលហ្ស៉ិក, អនុបណ្ឌិតវិស្មកម្មទឹក និងបរិស្ថាន៤នាក់ ព្រមទាំង និស្សិតថ្នាក់វិស្វកម្មធនធានទឹកជាច្រើនរូបទៀត។ 
 
គម្រោងនេះ ដឹកនាំដោយអ្នកគ្រូបណ្ឌិត កេតុ ពិណ្ណារ៉ា និងលោកគ្រូគឹមឡេងថុង សាស្រ្តាចារ្យមកពីមហាវិទ្យាល័យវារីសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ការសិក្សានេះ ត្រូវឡើងនៅវិទ្យាស្ថាន កាឌី និងស្រុកសន្ទុក់ ខេត្តកំពង់ធំ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០២០ និងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៣នេះ៕  
 



 

Tag:
 កសិកម្ម
  សន្សំសំចៃទឹក
  ស្រូវប្រាំង
© រក្សាសិទ្ធិដោយ thmeythmey.com