អន្តរជាតិ
អាម៉េរិក និងប៉ាពូអាស៊ីនូវែលហ្គីណេ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ
22, May 2023 , 6:29 pm        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក (ខាងឆ្វេង) លោក Win Bakri Daki រដ្ឋមន្រ្តីការពារជាតិប៉ាពូអាស៊ីនូវែលហ្គីណេ និងលោក  James Marape នាយករដ្ឋមន្រ្តី ប៉ាពូអាស៊ីនូវែលហ្គីណេ (កណ្តាល)។ រូបភាព AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក (ខាងឆ្វេង) លោក Win Bakri Daki រដ្ឋមន្រ្តីការពារជាតិប៉ាពូអាស៊ីនូវែលហ្គីណេ និងលោក James Marape នាយករដ្ឋមន្រ្តី ប៉ាពូអាស៊ីនូវែលហ្គីណេ (កណ្តាល)។ រូបភាព AFP
អាម៉េរិក និងប៉ាពូអាស៊ីនូវែលហ្គីណេ នៅថ្ងៃទី២២ ខែឧសភា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារ ដែលអនុញ្ញាតអោយអាម៉េរិក អាចបង្វឹកកងកម្លាំងរបស់ប៉ាពូអាស៊ីនូវែលហ្គីណេ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ប្រទេសមួយនេះ។

 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ដែលធ្វើទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេជំនួសលោក ចូ បៃឌិន និងលោក Win Bakri Daki រដ្ឋមន្រ្តីការពារជាតិប៉ាពូអាស៊ីនូវែលហ្គីណេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យអាម៉េរិកចូលចតនាវា,​ ពង្រីកសមត្ថភាពលើការល្បាតសមុទ្រ ក៏ដូចជាចែករំលែកជំនាញបច្ចេកទេស។ 
 
«កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារ ត្រូវបានចុះរួចហើយ»។​ នាយករដ្ឋមន្រ្តីប៉ាពូអាស៊ីនូវែលហ្គីណេ លោក  James Marape បានបញ្ជាក់បែបនេះ នៅក្នុងពិធីចុះហត្ថលេខា ក្នុងថ្ងៃទី២២ ខែឧសភា ដោយបន្តថា កិច្ចព្រមព្រៀងមួយនេះ នឹងជួយពង្រឹងទំនាក់ទំនងប្រទេសទាំងពីរបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ចំណែករដ្ឋមន្រ្តីការបរទេសអាម៉េរិក បានអះអាងថា កិច្ចព្រមព្រៀង ដែលលោកចាត់ទុកមានតម្លាភាព ត្រូវបានព្រាងក្នុងនាមជាដៃគូស្មើភាព និងអធិបតេយ្យ។ បន្ថែមពីនេះ លោកប្លីងខិន បានយល់ថា វានឹងជួយពង្រឹងសមត្ថភាពការពារប៉ាពូអាស៊ីនូវែលហ្គីណេលើការជំនួយមនុស្សធម៌ និងការឆ្លើយតបនឹងមហន្តរាយជាដើម។ 
 
នាយករដ្ឋមន្រ្តីប៉ាពូអាស៊ីនូវែលហ្គីណេ បានហៅកិច្ចព្រមព្រៀងខាងលើ នឹងជួយពន្លឿនសន្តិសុខសេដ្ឋកិច្ច ក៏ដូចជាសមត្ថភាពខ្លួនឱ្យដឹងពីអ្វីកើតឡើងក្នុងដែនទឹក និងជាអ្វីដែលមានធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧៥មក។ 
 
កន្លងមក និស្សិតសកលវិទ្យាល័យមួយចំនួន ក៏បានតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារនេះដែរ ក្រោយហេតុផលវាអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីប៉ាពូអាស៊ីនូវែលហ្គីណេ បាននិយាយការពារថា កិច្ចព្រមព្រៀងខាងលើ ជាការពង្រីកកិច្ចសហប្រតិបត្តិការ ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់។ 
 
តាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងផ្តលជំនួយ ៤៥លានដុល្លារ ទៅរដ្ឋាភិបាលព័រម៉ូរេសប៊ី ដោយក្នុងនោះមានរួមបញ្ចូលការផ្តល់ឧបករណ៍ដល់កម្លាំងប៉ាពូអាស៊ីនូវែលហ្គីណេ, ការដោះស្រាយបម្រែបម្រួលអាកាសធាតុ ជំងឺ និងឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើម៕ 
 

Tag:
 អាម៉េរិក
  ប៉ាពូអាស៊ីនូវែលហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com