ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​ប៉ះពាល់​ដល់​ចង្វាក់បេះដូង
24, May 2023 , 6:59 am        
រូបភាព
តើ​អ្នក​ពិតជា​មាន​បំណង ចង់​ឲ្យ​មាន​កម្លាំង​ឡើង​វិញ តាម​រយៈ​ការ​ញ៉ាំ ភេសជ្ជៈ​ប៉ូវ​កម្លាំង​មែន​ទេ? អ្នក​គួរតែ​គិត​រក វិធី​អ្វីមួយ​ផ្សេង​វិញ​ទៅ ព្រោះ​វា ជាតិ​កាហ្វេ​អ៊ី​ន​ដ៏​ខ្ពស់ របស់​ភេសជ្ជៈ​មួយ​នេះ អាច​ធ្វើ​ឲ្យ​បេះដូង​ដើរ​ខុស​ចង្វាក់​បាន​។ មាន​សេចក្តីរាយការណ៍​មួយ ដែល​ទាក់ទង​នឹង​ផល​រំខាន នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ថា​វា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា ដល់​ចង្វាក់បេះដូង​។ អ្នកជំងឺ​ត្រូវ​បាន​បញ្ជូន ទៅ​បន្ទប់សង្គ្រោះបន្ទាន់ ក្រោយ​ពី​កើត​អាកា​រៈ​ក្អួត​ឈាម​។

 
តាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​រក​ឃើញ​ថា អ្វី​ដែល​មិនធម្មតា​នោះ គឺ​ចង្វាក់បេះដូង​លោត​លឿន​បំផុត រហូត​ដល់ ១៣០ ដង​ក្នុង​មួយ​នាទី​។ តាម​ការ​ថត​ចង្វាក់បេះដូង ECG ឃើញ​ថា មាន​បញ្ហា​បេះដូង​ញាក់​ជាប់ ឬ​ហៅ​ថា Atrial Fibrillation ដែល​វា​អាច​បណ្តាល​ឲ្យ​មាន ផលវិបាក​ធ្ងន់ធ្ងរ​បាន បើសិនជា​មិន​ស្វែង រក​ការ​ព្យាបាល​។
 
អ្នកជំងឺ​បាន​និយាយ​ថា គាត់​បាន​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ប្រភេទ Monster ចំនួន​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​សរុប​ចំនួន ៣២០ មី​លី​ក្រាម ជាមួយនឹង​ស្រា​បៀរ​ពីរ​ទៅ​បី​កំប៉ុង​ថែម​ទៀត​។ ក្រោយ​ពី​ប្រើ​ថ្នាំ​ព្យាបាល​ហើយ អាកា​រៈ​ជំងឺ Atrial Fibrillation ក៏​ធូរស្រាល​មក​វិញ​ក្នុង​រយៈពេល ៤៨ ម៉ោង​ក្រោយ​។ ចំពោះ​ការ​ឆ្លុះ​ក្រពះ​វិញ​ឃើញ​ថា មូលហេតុ​នាំ​ឲ្យ​ក្អួត​ឈាម គឺ​បណ្តាល​មក​ពី ការ​ខំប្រឹង​ក្អួត​ពេក ទើប​ធ្វើ​ឲ្យ​រហែ​កក រហូត​ដល់​ចេញ​ឈាម​។ ក្រោយ​ពី​អ្នកជំងឺ​ស្រួលបួល​វិញ​ហើយ ក៏​គ្រូពេទ្យ​ឲ្យ​ចេញ​ទៅ​ផ្ទះ ព្រមទាំង​តាមដាន​បន្ត​ទៀត​ផង​ដែរ ប៉ុន្តែ​គាត់​ក៏​លែង​មាន រោគ​សញ្ញា​ជំងឺ​បេះដូង ដើរ​ខុស​ចង្វាក់​ទៀត​ដែរ​។ ថ្វីបើ​មាន​កត្តា​ជា​ច្រើន នាំ​ឲ្យ​អ្នកជំងឺ​កើត​បញ្ហា Atriall Fibrillation ក៏​ដោយ ក៏​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដើរតួ​នាទី​សំខាន់​ចំពោះ​រឿង​នេះ​ដែរ​។ ជាតិ​កាហ្វេ​អ៊ី​ន​រហូត​ដល់ ១៦០ មី​លី​ក្រាម​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង Monster មាន​ចំនួន​ខ្ពស់​ជាង​ភេសជ្ជៈ​ធម្មតា​ៗ ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែរ​នោះ រហូត​ដល់ ៤​ដង​ឯណោះ​។ ការ​សិក្សា​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ ក្នុង​សារព័ត៌មាន Journal of Addiction Medicine​។
 
ក្រោយ​ពី​បងប្អូន​អាន​អំពី​រឿង​នេះ​រួច​ហើយ សូម​ចាំ​ថា ការ​សិក្សា​នេះ​បាន​ធ្វើ​ទៅ​លើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ប្រភេទ​ប៉ុណ្ណោះ ហើយ​ភេសជ្ជៈ​នេះ ក៏​មិន​មាន​ក្នុងស្រុក​យើង​ដែរ ប៉ុន្តែ អ្វី​ដែល​ត្រូវ​យល់​ដឹង​នោះ​គឺថា ឲ្យ​តែ​ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធតែ​ដូច​គ្នា​ទាំងអស់ ដូច្នេះ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ផង រាល់​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នានា ដែល​មាន​ក្នុងស្រុក​យើង​។

© រក្សាសិទ្ធិដោយ thmeythmey.com