កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជា នឹងរៀបចំការប្រកួតកីឡាទាញព្រ័ត្រថ្នាក់ជាតិ ដើម្បីត្រៀមប្រកួតអន្តរជាតិ និងស៊ីហ្គេមនៅថៃ
23, May 2023 , 10:59 am        
រូបភាព
ការប្រកួតកីឡាទាញព្រ័ត្រលក្ខណៈមិត្តភាព នៅកីឡដ្ឋានខេត្តកំពត
ការប្រកួតកីឡាទាញព្រ័ត្រលក្ខណៈមិត្តភាព នៅកីឡដ្ឋានខេត្តកំពត
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតជ្រើសជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៣ នៅរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វា។ គោលដៅ នៃការប្រកួតថ្នាក់ជាតិនេះ ដើម្បីជ្រើសកីឡាករ-កីឡាការិនីពង្រឹងសមត្ថភាព និងហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ដូចជា ការប្រកួតទាញព្រ័ត្រនៅអង្គរវត្ត និងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។



មន្ត្រីសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាមួយរូប មិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ប្រទេសថៃ ដែលនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់ពីកម្ពុជា​ អាចនឹងដាក់វិញ្ញាសាកីឡាទាញព្រ័ត្រក្នុងព្រឹត្តិការណ៍នេះ ព្រោះជាកីឡា ដែលមានសក្ដានុពលរបស់គេ ហើយម្យ៉ាងវិញទៀត ក៏ជាកីឡាប្រជាប្រិយផងដែរ។ ដូច្នេះ សហព័ន្ធ ត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ក្នុងតំបន់មួយនេះ។ 
 
បន្ថែមជាងនេះទៀត មន្ដ្រីរូបនេះ ក៏បានបង្ហើបថា ព្រឹត្តិការណ៍នោះ គឺមានរយៈពេល២ឆ្នាំទៀត បើទោះជាមិនមានវិញ្ញាសាកីឡានេះក្ដី ក៏សហព័ន្ធ ត្រូវពង្រឹងធនធានកីឡាករ កីឡាការិនីជម្រើសជាតិផងដែរ គឺដើម្បី ប្រកួតអន្ដរជាតិនានា។ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គ្រោងនឹងបង្កើតការប្រកួតនៅទឹកដីខេត្តសៀមរាប នាអំឡុងខែធ្នូ ឆ្នាំ២០២៣ ផងដែរ។
សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ សហព័ន្ធ បានដាក់ ៤វិញ្ញសា ក្នុងនោះមាន៖ 
 
វិញ្ញាសាបុរស ៨ទល់៨ ទម្ងន់ ៦០០គីឡូក្រាម 
វិញ្ញាសានារី ៨ទល់៨ ទម្ងន់ ៥០០គីឡូក្រាម
វិញ្ញាសាបុរស ៤ទល់៤ ៣០០គីឡូក្រាម
វិញ្ញាសានារី៤ទល់៤ ២៥០គីឡូក្រាម។
 
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ធ្វើនៅការប្រកួតនេះឡើងដោយអនុវត្តទៅតាមបទបញ្ជាសហព័ន្ធកីឡាទាញព្រ័ត្រអន្ដរជាតិ៕
 

Tag:
 កីឡាទាញព្រ័ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com