ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន រួចខ្លួន នៅតែលោក ជា ប៉ូច
23, May 2023 , 12:59 pm        
រូបភាព
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន កាន់ទៀន ដែលជានិមិត្តសញ្ញាគណបក្សក្នុងពិធីមួយនាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្នុងពិធីមួយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់សម្តេច)។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន កាន់ទៀន ដែលជានិមិត្តសញ្ញាគណបក្សក្នុងពិធីមួយនាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្នុងពិធីមួយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់សម្តេច)។
ដោយ៖ ទេពញាណ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចទទួលយកបាន ចំពោះការបំភ្លឺរបស់គណបក្សភ្លើងទៀន។ ការទទួលយកការបំភ្លឺនេះ ក៏មានន័យថា សម្តេច នឹងមិនប្តឹងផ្តល់អ្វីទៅលើគណបក្សជំទាស់នេះឡើយ។ អ្វីដែលសម្តេចកំពុងទន្ទឹងរង់ចាំមើលបន្តនោះ គឺការបំភ្លឺរបស់លោក ជា ប៉ូច ជាមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន។


ពីដំបូង សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រមុខគណបក្សកាន់អំណាច ប្រកាសរៀបចំបណ្តឹង ត្រៀមប្តឹងទាំងគណបក្សភ្លើងទៀន ទាំងលោក ជា ប៉ូច។ ប៉ុន្តែ សម្តេច ទុកពេលមួយរយៈឲ្យគណបក្សភ្លើងទៀន និងលោក ជា ប៉ូច សម្រេចចិត្តថា គួរធ្វើបែបណា។ ក្នុងន័យនេះ សម្តេច រង់ចាំមើល ថាតើការសម្រេចចិត្តរបស់គណបក្សភ្លើងទៀនក្តី និងការសម្រេចចិត្តរបស់លោក ជា ប៉ូច ក្តី អាចសមហេតុផល ដែលសម្តេចទទួលយកបានដែរឬទេ។ តាមរយៈសំណេរក្នុងតេឡេក្រាម សម្តេច ប្រាប់ថា ទុកពេលឲ្យគណបក្សភ្លើងទៀន និងលោក ជា ប៉ូច ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ 
 
ដើមចម ដែលធ្វើឲ្យសម្តេច ហ៊ុន សែន ចង់ប្តឹងលោក ជា ប៉ូច និងរាលដាលរហូតដល់ទៅចង់ប្តឹងគណបក្សភ្លើងទៀន ដែរនោះ គឺផ្តើមចេញពីពាក្យមួយមាត់របស់លោក ជា ប៉ូច គឺពាក្យ «ទម្លាក់ហ៊ុនសែនឲ្យបាន»។ សម្តីដើមរបស់អ្នកនយោបាយប្រឆាំងរូបនេះ គឺ៖«តាំងពីខ្ញុំធ្វើនយោបាយតាំងពីអាយុយ១៩ឆ្នាំមក សហការី និងមេខ្ញុំស្លាប់មិនមែនតិចទេ។ ការឈឺចាប់ហ្នឹងហើយ ទោះបីគេធ្វើបាបយើងប៉ុនណាក៏ដោយ យើងនៅ [រក្សា] គោលដៅយើង។ ខ្ញុំនិយាយត្រង់ថ្ងៃនេះ គោលដៅខ្ញុំត្រូវទម្លាក់ហ៊ុនសែនឲ្យបាន»។
 
លោក ជា ប៉ូច បាននិយាយពាក្យខាងលើនេះ ក្នុងពិធីជួបជុំមួយ។ សម្តេច ហ៊ុន សែន ទទួលបានសារសំឡេងរបស់លោក ហើយយកទៅផ្សព្វផ្សាយក្នុងតេឡេក្រាម ដោយភ្ជាប់ជាមួយការទាមទារថា សម្តេច ចង់បានការពន្យល់លោក តើរបៀបទម្លាក់សម្តេច គឺទម្លាក់តាមវិធីណា? ដោយដឹងខ្លួនថា ការប្រើពាក្យទម្លាក់នេះ អាចបង្កបញ្ហាដល់ខ្លួនឯង លោក ក៏សរសេរលិខិតបំភ្លឺជូនទៅសម្តេច។ 
 
ក្នុងលិខិតបំភ្លឺ លោក ជា ប៉ូច បកស្រាយជូនសម្តេចថា ពាក្យទម្លាក់សម្តេចឲ្យបាននេះ គឺលោកសំដៅលើការទម្លាក់តាមរយៈការបោះឆ្នោត។ ទោះយ៉ាងណា លោក នៅតែទទួលស្គាល់ថា ការប្រើពាក្យនេះ គឺមានការឆ្គាំឆ្គង និងមានការប៉ះពាល់ដល់សម្តេច ហើយលោក បានសូមអភ័យទោសពីសម្តេច។  
 
សម្តេច ប្រាប់ទៅលោក ជា ប៉ូច វិញថា សម្តេច មិនទទួលយកការសូមទោសនេះឡើយ។ តាមបណ្តាញតេឡេក្រាម ប្រមុខគណបក្សប្រជាជនកម្ពុជា ផ្ញើសារទៅលោក ជា ប៉ូច ថា៖«ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែប៉ូចនិងបក្សរបស់ខ្លួន មានចរិតបែបនេះជារៀងរហូតមក ហើយក្លាយជាវប្បធម៌សងសឹកមិនចេះចប់ទាំងមេទាំងកូន»។
 
លោក ជា ប៉ូច នៅមានលិខិតមួយទៀត ដែលជូនទៅសម្តេច ហ៊ុន សែន គឺលិខិតចំហ។ ក្នុងលិខិតចំហ លោក បានបដិសេធទៅនឹងការចុះផ្សាយរបស់សារព័ត៌មានហ្វ្រេសញូ ដែលយកសំឡេងរបស់លោកទៅចុះផ្សាយ ហើយសរសេរថា គោលដៅរបស់លោក គឺទម្លាក់សម្តេចឲ្យបាន។ លោក បកស្រាយថា លោក មិនដែលមានគំនិតដូចការចុះផ្សាយនេះទេ។ 
 
មិនសូវខុសពីលិខិតបំភ្លឺប៉ុន្មានឡើយ ក្នុងលិខិតចំហ លោក ជា ប៉ូច បកស្រាយថា ការនិយាយរបស់លោក គឺដើម្បីពង្រឹងជំហរគណបក្សប្រឆាំង ក្នុងការប្រជែងយកជ័យជម្នះលើគណបក្សកាន់អំណាចតាមរយៈការបោះឆ្នោត។ លោក បញ្ជាក់ថា សកម្មភាពនយោបាយរបស់លោកជាមួយគណបក្សប្រឆាំង គឺប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សានិងសន្តិវិធី។ 
 
សម្តេច ហ៊ុន សែន មិនសប្បាយចិត្តទាល់តែសោះចំពោះលិខិតចំហរបស់លោក ជា ប៉ូច។ តាមបណ្តាញតេឡេក្រាមដដែល សម្តេច បានហៅការបដិសេធទៅនឹងការចុះផ្សាយរបស់ហ្វ្រេសញូ ដោយការប្រើលិខិតចំហនេះ ថាជារឿងអាក្រក់។ សម្តេច អះអាងថា លិខិតចំហនេះ ត្រូវបានមនុស្សក្នុងគណបក្សភ្លើងទៀន រៀបចំឡើង ហើយឲ្យលោក ជា ប៉ូច ចុះហត្ថលេខា។ សម្តេច បន្តថា លិខិតចំហនេះ មានគោលបំណងវាយប្រហារលើអង្គភាពហ្វ្រេសញូ ដោយមិនខ្វល់ពីយុត្តិធម៌។ 
 
សម្តេច ហ៊ុន សែន ទទួលព័ត៌មានថា លិខិតចំហនេះ ត្រូវបានព្រាងឡើងដោយលោក សេង ម៉ាឌី ជាមនុស្សក្នុងគណបក្សភ្លើងទៀន ហើយសម្តេច ទាមទារឲ្យលោក សេង ម៉ាឌី ចេញមកពន្យល់។ ដោយសារយល់ថា លិខិតចំហនេះ មានការពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀន ទើបសម្តេច ប្រកាសរៀបចំបណ្តឹង ត្រៀមប្តឹងទាំងគណបក្សភ្លើងទៀនដែរ។ 
 
មិនបង្អង់យូរ គណបក្សភ្លើងទៀន ក៏ចេញសេចក្តីថ្លែងការណ៍ជុំវិញរឿងនេះ។ គណបក្សភ្លើងទៀន បដិសេធថា គណបក្ស មិនពាក់ព័ន្ធជាមួយលិខិតរបស់បុគ្គលឡើយ។ គណបក្សភ្លើងទៀន បន្តថា គណបក្ស តែងគោរពការសម្រេចចិត្តរបស់មន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ដោយគ្មានគោលការណ៍បង្ខិតបង្ខំនោះទេ។ 
 
ពេលឃើញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន សម្តេច​ ហ៊ុន សែន ក៏ឆ្លើយតបក្នុងតេឡេក្រាមថា សម្តេច មិនចង់ឲ្យមានរឿងវែងឆ្ងាយឡើយ ហើយសម្តេច ក៏សុខចិត្តទទួលយកការបកស្រាយរបស់គណបក្សនេះ។ សម្តេច មានប្រសាសន៍ថា៖« ពេលនេះ នៅសល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ»។ 
 
ក្រៅពីលិខិតចំហ និងលិខិតបំភ្លឺខាងលើ មកដល់ពេលនេះ គេ មិនទាន់ឃើញលោក ជា ប៉ូច ចេញមកបំភ្លឺ ឬបង្ហាញការសម្រេចចិត្តយ៉ាងណាចំពោះសម្តេច ហ៊ុន សែន នោះទេ។ បច្ចុប្បន្ន លោក កំពុងសម្រាកព្យាបាលនៅប្រទេសអូស្ត្រាលី បន្ទាប់ពីជំងឺបេះដូងរើឡើង៕ 
 

Tag:
 បក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com