កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
មន្ត្រី និងកីឡាករក្រុម U22 ថៃ ៥នាក់រងពិន័យ ចំពោះភាពចលាចលនៅស៊ីហ្គេម ២០២៣
23, May 2023 , 3:39 pm        
រូបភាព
សមាគមកីឡាបាល់ទាត់ថៃ (FAT) ថ្ងៃទី២៣ ខែឧសភា ដាក់ពិន័យលើមន្ត្រីជំនួយការ និងកីឡាករក្នុងក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ចំនួន ៥រូប បន្ទាប់ពីការស៊ើបអង្កេតរកឃើញពីកំហុសឆ្គងរបស់ពួកគេ។ កាលពីថ្ងៃទី១៦ ខែឧសភា នាជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាសស៊ីហ្គេមវិញ្ញាសាបាល់ទាត់បុរស រវាងថៃ និងឥណ្ឌូណេស៊ី មានការប៉ះទង្គិចគ្នាពីរដង ក្នុងការប្រកួតនោះ។ នេះបើតាមសេចក្តីប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ (FAT)។

 
ក្រុម U22 ថៃជាក្រុមរងជើងឯក ក្រោយបរាជ័យក្រោមថ្វីជើងឥណ្ឌូណេស៊ីក្នុងលទ្ធផល ៥-២ បន្ទាប់ពីបញ្ចប់ការប្រកួតរយៈពេល ១២០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ 
 


បើតាមការប្រកាសរបស់ FAT គ្រូបង្វឹកអ្នកចាំទីលោក Prasadchok Chokmoh លោក Mayed Madada និងលោក Patrawut Wongsripuek បុគ្គលិកប្រចាំក្រុម ត្រូវបានហាមមិនឱ្យចូលរួមភារកិច្ចក្រុមជម្រើសជាតិថៃរយៈពេល ១ឆ្នាំ ខណៈកីឡាករចាំទី Soponwit Rakyart និងខ្សែបម្រើ Teerapak Pruengna រងពិន័យមិនឱ្យចូលរួមសកម្មភាពក្រុមក្រុមជម្រើសជាតិថៃ គ្រប់ឈុតរយៈពេល ៦ខែ។
 
ហេតុការណ៍ចលាចលនេះ បានកើតឡើង បន្ទាប់ពីថៃបានរកបានគ្រាប់បាល់តាមស្មើ ២-២ នៅក្នុងម៉ោងបន្ថែមនាទី៩០+៦ ដោយគ្រូបង្វឹក និងកីឡាករបម្រុងថៃ បានរត់កាត់ទីតាំងអង្គុយរបស់ក្រុមឥណ្ឌូណេស៊ី ដើម្បីអបអរ។ ប៉ុន្តែបានក្លាយជាការប៉ះទង្គិចគ្នា មុនពេលភាពចលាចលខ្លាំងកើតឡើងម្តងទៀត នៅពេលដែលក្រុមឥណ្ឌូណេស៊ី រកបានគ្រាប់បាល់នាំមុខសាជាថ្មី នៅដើមម៉ោងបន្ថែម ១៥នាទីពីរដង វគ្គទីមួយ។ 
 
ក្រោយឥណ្ឌូណេស៊ី រកបានគ្រាប់បាល់នាំមុខឡើងវិញ ពោលនៅនាទី៩២ នៃការប្រកួតក្នុងម៉ោងបន្ថែម ក្រុមកីឡាករនិងគ្រូបង្វឹកឥណ្ឌូណេស៊ី ក៏បានរត់ទៅឌឺដងទៅកាន់ទីតាំងអង្គុយរបស់ក្រុមកីឡាករថៃវិញ ពេលនោះក្រុមគ្រូជំនួយនិងបុគ្គលិកក្រុមថៃ និងកីឡាករអង្គុយកៅអីបម្រុង ក៏បង្កហិង្សាដោយការវាយប្រតាយប្រតប់គ្នា បង្កភាពភ្ញាក់ផ្អើលពេញកីឡដ្ឋាន។
 
ក្រោយបញ្ចប់ការប្រកួតរវាងក្រុម U22 ថៃទល់ U22 ឥណ្ឌូណេស៊ី សមាគមបាល់ទាត់ថៃ (FA Thailand) ក៏បានប្រកាសអំពីការស៊ើបអង្កេតចំពោះភាពចលាចលក្នុងការប្រកួត ដែលបានធ្វើឡើងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៧ ខែឧសភា។
 
គួររំលឹកថា វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយក្រុមឥណ្ឌូណេស៊ី ជាម្ចាស់មេដាយមាស ។ ថៃទទួលបានមេដាយប្រាក់ ចំណែកក្រុមការពារតំណែងឯកវៀតណាម ធ្វើបានត្រឹមមេដាយសំរឹទ្ធ៕
 

Tag:
 (ស៊ីហ្គេម២០២៣
  បាល់ទាត់អាយុក្រោម ២២ឆ្នាំ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com