ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមប្រឹក្សាធម្មនុញ្ញ ត្រៀមបើកកិច្ចប្រជុំដើម្បីសម្រេចចុងក្រោយលើការតវ៉ារបស់បក្សភ្លើងទៀន
23, May 2023 , 4:19 pm        
រូបភាព
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (កណ្តាល) ដឹកនាំកិច្ចប្រជុំមួយនាពេលកន្លងមក (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)។
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ (កណ្តាល) ដឹកនាំកិច្ចប្រជុំមួយនាពេលកន្លងមក (រូបពីក្រុមប្រឹក្សាធម្មនុញ្ញ)។
ក្រុមប្រឹក្សាធម្មនុញ្ញ កំណត់យកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩ព្រឹកទៅ សម្រាប់ការបើកកិច្ចប្រជុំពិភាក្សាលើបណ្តឹងរបស់គណបក្ស២ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ បានជូនដំណឹងនេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃ២៣ឧសភា។



បើតាមសេចក្តីប្រកាសព័ត៌មាន លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងដឹកនាំកិច្ចប្រជុំនេះ។ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជួបរឿងដូចគ្នា គឺបាត់ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។
 
ការដែលគ្មានប្រកាសដើមនេះ ធ្វើឲ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនអាចបញ្ជាក់នីត្យានុកូលកម្ម (ភាពត្រឹមត្រូវតាមច្បាប់) ពីអាជ្ញាធរដែនដី ហើយការដែលគ្មានការបញ្ជាក់នីត្យានុកូលកម្ម ធ្វើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចអនុញ្ញាតឲ្យគណបក្សទាំង២ ចូលរួមប្រកួតប្រជែងការបោះឆ្នោត។ 
 
ដោយមិនសុខចិត្ត គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ក៏ប្តឹងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ។ ការពឹងក្រុមប្រឹក្សាធម្មនុញ្ញ គឺជានីតិវិធីចុងក្រោយ ដែលមានន័យថា បើក្រុមប្រឹក្សាធម្មនុញ្ញ តម្កល់សេចក្តីសម្រេចរបស់គ.ជ.ប ទុកជាបានការ គណបក្សភ្លើងទៀន ឬគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនអាចចូលរួមប្រកួតបានឡើយ ហើយអស់ផ្លូវតវ៉ា តែបើក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធសេចក្តីសម្រេចរបស់គ.ជ.ប គណបក្សទាំង២ នឹងអាចមានឱកាសចូលរួមប្រកួតប្រជែង។ 
 
មានគណបក្សទាំងអស់២០ ដែលបានដាក់ពាក្យទៅគ.ជ.ប ដើម្បីសុំចូលរួមប្រកួត ដោយក្នុងនោះ មានតែគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ប៉ុណ្ណោះ ដែលត្រូវបានគ.ជ.ប បដិសេធ ដោយសំអាងថា ខ្វះឯកសារដូចជម្រាបខាងលើ។ ការបោះឆ្នោតជាតិលើកទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ 
 

Tag:
 បក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com