អន្តរជាតិ
ក្រុមហ៊ុន TikTok ប្តឹងរដ្ឋ Montana ក្រោយហាមឃាត់ការប្រើប្រាស់កម្មវិធីនេះ
23, May 2023 , 5:29 pm        
រូបភាព
ក្រុមហ៊ុន TikTok Inc នៅថ្ងៃទី២៣ ខែឧសភា បានដាក់ពាក្យប្ដឹងប្រឆាំងនឹងរដ្ឋ Montana របស់អាម៉េរិក ក្រោយអភិបាលរដ្ឋ Montana បានហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok ក្នុងរដ្ឋនេះ។



Montana ជារដ្ឋដំបូងបង្អស់នៅអាម៉េរិកដែលបានហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok ដែលរងការចោទប្រកាន់លើការប្រមូលទិន្នន័យអ្នកប្រើប្រាស់ ហើយប្រឈមុខការហាមឃាត់ទាំងស្រុង។ កម្មវិធីវីដេអូខ្លីៗគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅចិន ត្រូវបានប្រើប្រាស់ដោយជនជាតិអាម៉េរិកប្រមាណ១៥០លាននាក់។ 
 
វិធានការរបស់រដ្ឋ Montana នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករាខាងមុខ។ វិធានការនេះ ក៏មិនបានដាក់បន្ទុក និងពិន័យលើពលរដ្ឋអ្នកប្រើប្រាស់កម្មវិធី TikTok ឡើយ។
 
ក្រុមហ៊ុន TikTok Inc តវ៉ាជំទាស់ភ្លាមៗដោយបានអះអាងថា ការហាមឃាត់នេះ បានរំលោភសិទ្ធិចែងក្នុងជំពូកទី១នៃរដ្ឋធម្មនុញ្ញអាម៉េរិកដែលចែងពីសិទ្ធិរបស់អ្នកប្រើប្រាស់ និងសិទ្ធិរបស់ក្រុមហ៊ុន។ ក្នុងបណ្ដឹងដែលដាក់នៅតុលាការដំបូងនៃរដ្ឋ Montana ​ការហាមប្រាមនេះ ជាការរំលោភអំណាចរបស់រដ្ឋាភិបាលសហព័ន្ធ និងរំលោភមាត្រាពាណិជ្ជកម្មនៃរដ្ឋធម្មនុញ្ញអាម៉េរិកដែល​ធ្វើ​ឱ្យ​មាន​បន្ទុក​ធ្ងន់ធ្ងរ​ដល់​ពាណិជ្ជកម្មបរទេស។ 
 
ក្នុងពាក្យបណ្ដឹងរបស់ខ្លួន ក្រុមហ៊ុន TikTok Inc បានអះអាងថា ខ្លួនបានមិនបានចែករំលែក និងនឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាម៉េរិកជាមួយរដ្ឋាភិបាលចិនឡើយ ខណៈខ្លួនកំពុងចាត់វិធានការជាច្រើនដើម្បីការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់កម្មវិធី TikTok។ 
 
គួរបញ្ជាក់ថា កម្មវិធី TikTok ត្រូវបានប្រើប្រាស់និងជាការពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យ។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ជាង៦៧​ភាគរយនៃក្មេងជំទង់អាម៉េរិកដែលមានអាយុពី១៣ ទៅ១៧ឆ្នាំ បានប្រើប្រាស់កម្មវិធីនេះ ហើយ ជាង១៦ភាគរយនៃក្មេងជំទង់អាម៉េរិកទាំងអស់និយាយថាពួកគេប្រើកម្មវិធីស្ទើរតែឥតឈប់ឈរ៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com