កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលថ្កោលទោសចំពោះការរើសអើងពូជសាសន៍លើ Vinicius Jr នៅទឹកដីអេស្ប៉ាញ
23, May 2023 , 8:29 pm        
រូបភាព
ប្រទេសប្រេស៊ីល ថ្កោលទោសចំពោះការរើសអើងពូជសាសន៍លើកីឡាករខ្សែប្រយុទ្ធ ​Vinicius Jr របស់ក្រុម Real Madrid ជារឿយៗនៅក្នុងទឹកដីប្រទេសអេស្ប៉ាញ និងស្នើឱ្យរដ្ឋាភិបាលប្រទេសនេះ ចាត់វិធានការចំពោះជន ដែលបង្កការរើសអើងទាំងអស់នេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប្រទេសប្រេស៊ីល ថ្ងៃទី២២ ខែឧសភា។



ក្រសួងការបទេសប្រេស៊ីល បានស្នើឱ្យស្ថានទូតអេស្ប៉ាញ ប្រចាំប្រេស៊ីល ពន្យល់ពីស្ថានភាពអំពីរឿងរ៉ាវ ដែលបានកើតឡើងលើខ្សែបម្រើ Vinicius Jr កាលពីថ្ងៃទី២០​ ខែឧសភា ដែលត្រូវបានគេរើសអើងពូជសាសន៍ អំឡុងលេងឱ្យក្រុម Real Madrid។
 
«ដោយគិតពីភាពធ្ងន់ធ្ងរនៃអង្គហេតុ និងការកើតឡើងរឿងរ៉ាវដែលមិនអាចទទួលយកបានមួយផ្សេងទៀត រដ្ឋាភិបាលប្រេស៊ីល មានការសោកស្តាយយ៉ាងខ្លាំងដែលរហូតមកដល់ពេលនេះ ដោយមិនមានវិធានការដ៏មានប្រសិទ្ធិភាពណាមួយ ត្រូវបានអនុវត្តដើម្បីទប់ស្កាត់ និងចៀសវាងការកើតឡើងដដែលនៃការរើសអើងពូជសាសន៍ដូចនេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប្រេស៊ីល។
 
ក្រសួងការបទេសប្រេស៊ីល ក៏បានអះអាងបន្ថែមថា ឯកអគ្គរដ្ឋទូតអេស្ប៉ាញលោក Mar Fernandez Palacios ត្រូវបានសួរនាំអំពីហេតុការណ៍ ដែលបានកើតឡើង និងជំរុញឱ្យប្រធាន​ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ស្នើទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA និងលីគ La Liga ឱ្យធ្វើការងារបញ្ឈប់ការរើសអើងនៅក្នុងកីឡដ្ឋានបាល់ទាត់នានា។
 
រឿងហេតុនៃការរើសអើងលើ Vinicius Jr កាលពីថ្ងៃទី២០ ខែឧសភា វីដេអូមួយត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា មនុស្សរាប់រយនាក់នៃអ្នកគាំទ្រក្រុម Valencia បានស្រែកច្រៀងដោយប្រើពាក្យថាVinicius គឺជាសត្វស្វា (Vinicius is a Monkey) អំឡុងពេលរថយន្តក្រុងក្រុម ​Real Madrid បានមកដល់កីឡដ្ឋានក្រុម Valencia។
 
អំឡុងការប្រកួតរវាង Real Madrid ទល់ Valencia ត្រូវបានផ្អាករយៈពេល ១០នាទី បន្ទាប់ពីកីឡាករវ័យ ២២ឆ្នាំ របស់ Real Madrid ត្រូវបានអ្នកគាំទ្របានស្រែករើសអើងពូជសាសន៍ដល់រូបគេ។ Vinicius ត្រូវបានផ្លាស់ប្តូរចេញពីការប្រកួតនោះ ក្រោយពីរូបគេបានជួបហេតុការណ៍ដ៏អាក្រក់នោះ៕
 

Tag:
 Real Madrid
  Vinicius Jr
© រក្សាសិទ្ធិដោយ thmeythmey.com