កីឡាជាតិ
ជាតិ
គ្រូបង្វឹកកីឡាអេឡិចត្រូនិកប៉ារ៉ាហ្គេម៖ ការហ្វឹកហាត់ល្អហើយ ប៉ុន្ដែ ត្រូវការពង្រឹងស្មារតីបន្ថែម
23, May 2023 , 9:59 pm        
រូបភាព
អត្ដពលិកប៉ារ៉ាអ៊ីស្ពត កំពុងហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២
អត្ដពលិកប៉ារ៉ាអ៊ីស្ពត កំពុងហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២
លោក កែវ ភោគសំបូរ គ្រូបង្វឹកអត្ដពលិកកីឡាអេឡិចត្រូនិកប៉ារ៉ាហ្គេមកម្ពុជា បាននិយាយថា អត្ដពលិកកីឡាអេឡិចត្រូនិកកម្ពុជា មានការវិវឌ្ឍទៅមុខជាវិជ្ជមាន ដែលធ្វើឱ្យខ្លួន មានជំនឿចិត្តថាពួកគេនឹងសាងសមិទ្ធផលល្អក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។ យ៉ាងណា គ្រូបង្វឹករូបនេះ ក៏បង្ហាញពីការព្រួយបារម្ភផងដែរ ព្រោះអត្ដពលិកទាំងនោះ ត្រូវការពង្រឹងស្មារតីជាចំបាច់ ដោយសារតែខ្វះបទពិសោធន៍ប្រកួតអន្ដរជាតិ និងឆាប់ទទួលរងសម្ពាធពីគូប្រកួត។



លោក កែវ ភោគសំបូរ បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា អត្តពលិកជម្រើសជាតិ វិញ្ញាសាកីឡាអេឡិចត្រូនិក បង្ហាញភាពវិជ្ជមានជាច្រើនក្នុងការហ្វឹកហាត់ ដូចជាការហាត់ជាក្រុម ដែលចុះសម្រុងគ្នា បច្ចេកទេស និងយុទ្ធសាស្ដ្រប្រកួត លើវិញ្ញាសា Mobile Legend Bang Bang។ កីឡាករទាំងនោះ មានការវិវឌ្ឍលឿន បើទោះជាការប្រមូលផ្ដុំហ្វឹកហាត់របស់ពួកគេ ទើបបានរយៈពេល ជិត២ខែ។ អ្វី ដែលជាកត្តាជម្រុញឲ្យមានការវិវឌ្ឍលឿនបែបនេះ គឺកីឡាករ មានទាំងពេលវេលាហ្វឹកហាត់ ទាំងការហូបចុក គ្រប់គ្រាន់ និងកន្លែងស្នាក់នៅត្រឹមត្រូវ។
 
ដោយឡែក អ្វី ដែលជាក្ដីបារម្ភរបស់លោក កែវ ភោគសំបូរ គឺស្មារតីអត្ដពលិក នៅមិនទាន់រឹងមាំនៅឡើយ។ នេះ គឺដោយសារតែពួកគេ មិនមានបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិ ហើយម្យ៉ាងវិញទៀត កីឡាករទាំងនោះ ងាយរងសម្ពាធពីគូប្រកួត។ 
  

ក្រុមអត្ដពលិកប៉ារ៉ាហ្គេម វិញ្ញាសាកីឡាអេឡិចត្រូនិក
 
«ក្រុមអត្ដពលិកវិស័យកីឡានេះ មានការវិវឌ្ឍបានច្រើន។ ហើយសម្រាប់ការត្រៀមខ្លួនបែបណា គឺយើង ត្រូវតែត្រៀមខ្លួនឲ្យបាន ១០០% សម្រាប់ការប្រកួតខាងមុខ។ ប៉ុន្ដែអ្វី ដែលយើង ជួបបញ្ហាបន្ថែមទៀតនោះ គឺការប្រឈមមុខនៅលើឆាកអន្ដរជាតិ ដោយសារ គាត់ជាកីឡាករថ្មី ព្រោះគាត់អាចភ័យនៅលើឆាកប្រកួត។ ខ្ញុំ សង្ឃឹមថា ដល់ថ្ងៃប្រកួត ពួកគាត់អាចពង្រឹងស្មារតីពួកគាត់បាន។
 
គ្រូបង្វឹបរូបនេះ ពន្យល់បន្ថែមពីពាក្យថាងាយរងសម្ពាធនោះ គឺកីឡាករ ឆាប់បាក់ទឹកចិត្ត ងាយបែកអារម្មណ៍អំឡុងពេលប្រកួត ប្រសិនជាគូប្រកួតមានប្រៀបជាង ឬផ្នែកណាមួយរបស់ក្រុម ចាញ់ប្រៀបគូប្រកួត។ ប៉ុន្ដែ លោក ភោគសំបូរ នៅតែជឿថា អំឡុងពេលប្រកួតអត្ដពលិកប៉ារ៉ាអ៊ីស្ពត អាចធ្វើបានល្អ ដោយសារមានប្រជាជនកម្ពុជា នៅគាំទ្រ។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជា បានដាក់ ១៤ប្រភេទកីឡា ដោយក្នុងនោះរាប់បញ្ចូលទាំងកីឡាអេឡិចត្រូនិក មួយផងដែរ។ នេះ គឺជាលើកដំបូង ដែលកីឡាអេឡិចត្រូនិក ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម៕
 

អត្ដពលិកប៉ារ៉ាអ៊ីស្ពត កំពុងហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២
 

អត្ដពលិកប៉ារ៉ាអ៊ីស្ពត កំពុងហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២
 


Tag:
 កីឡាអេឡិចត្រូនិក
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com