សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលីមិនគាំទ្រចិនក្នុងការចូលជាសមាជិក CPTPP រូបភាពពី ៖ VCG ។
× ចិនបានទទួលបរាជ័យក្នុងការគាំទ្រពីអូស្ត្រាលីដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP ។ ការប៉ុនប៉ងចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ចិន នឹងមិនអាចទៅរួចសម្រាប់អូស្ត្រាលី ដ៏រាបណាការដាក់ទណ្ឌកម្មរបស់ទីក្រុងប៉េកាំងនៅតែមាន។
បើតាមកាសែត South China Morning Post បញ្ហាដែលចិនចូលរួម CPTPP គឺជាចំណុចសំខាន់ក្នុងរបៀបវារៈនៅលើតុចរចារវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាអំឡុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលី Don Farrell នៅប៉េកាំងក្នុងបរិបទនៃទំនាក់ទំនងកំពុងមានភាពតានតឹង។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអូស្ត្រាលីនឹងមិនគាំទ្រដោយបើកចំហចំពោះសមាជិកភាពរបស់ចិនទេ ស្របពេលដែលប្រទេសខ្លួននៅតែទទួលរងទណ្ឌកម្មពាណិជ្ជកម្មពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក Farrell បានបញ្ជាក់ជាថ្មីថា អូស្រ្តាលីក៏មិនគាំទ្រសមាជិកភាព CPTPP របស់តៃវ៉ាន់ដែរ។ ជំហរនេះត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese កាលពីឆ្នាំមុន។
ប្រទេសចិនបានដាក់ពាក្យចូលរួមជាមួយ CPTPP កាលពីខែកញ្ញា ឆ្នាំ ២០២១ ហើយភ្លាមៗនោះក៏មានការដាក់ពាក្យរបស់តៃវ៉ាន់ផងដែរ។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសត្រូវបានយល់ព្រមចូលរួមនៅក្នុងខែមីនា ហើយត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការនៅចុងឆ្នាំនេះ។
កិច្ចព្រមព្រៀង CPTPP មានប្រទេសសមាជិកចំនួន ១១ ដូចជា អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក សិង្ហបុរី នូវែលសេឡង់ ប៉េរូ និងវៀតណាម។ ប្រទេសទាំងនេះមានប្រជាជនរស់នៅប្រហែល ៥០០លាននាក់។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ប្រមាណថា ដោយមានការចូលរួមពីចក្រភពអង់គ្លេស ក្រុមនេះនឹងរួមចំណែក ១៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕
Tag:
ចិន
អូស្រ្តាលី
CPTPP
© រក្សាសិទ្ធិដោយ thmeythmey.com