កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ លោកអាជ្ញាកណ្តាល Marciniak នឹងកាត់ក្តីវគ្គផ្តាច់ព្រ័ត្រ Man City-Inter Milan
× លោក Szymon Marciniak អាជ្ញាកណ្តាលកាត់ក្តីវគ្គផ្តាច់ព្រ័ត្រការប្រកួត World Cup ឆ្នាំ ២០២២ នឹងចូលខ្លួនកាត់សក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាងក្រុម Manchester City និង Inter Milan។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ថ្ងៃទី២២ ខែឧសភា។
លោក Marciniak វ័យ ៤២ឆ្នាំ បានក្លាយជាអាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលបានកាត់សេចក្តីក្នុងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រនៅពេលដែលក្រុមអាហ្សង់ទីនបានយកឈ្នះលើបារាំងដោយការស៊ុតបាល់១១ម៉ែត្រក្នុងលទ្ធផល ៤-២ ក្រោយបញ្ចប់លទ្ធផលស្មើ ៣-៣ រយៈពេល ១២០នាទីនៃការប្រកួតរួច។ World Cup 2022 ធ្វើឡើងនៅប្រទេសកាតា ដែលទីកន្លែងអាហ្សង់ទីនគ្រងជើងឯក World Cup លើកទី៣ ក្នុងប្រវត្តិសាស្ត្រ។
ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០២២-២៣ នឹងធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនៅថ្ងៃទី១០ ខែមិថុនា។
លោក Marciniak នឹងត្រូវកាត់សេចក្តីការប្រកួតដោយមានការចូលរួមពីសំណាក់ក្រុមការងារចាស់របស់លោកដែលបានកាត់សេចក្តីនៅ World Cup 2022 គឺលោក Pawel Sokolnicki និងលោក Tomasz Listkiewicz ដែលជាជំនួយការ។
នារដូវកាល ២០២២-២៣ បុរសវ័យ ៤២ឆ្នាំ សញ្ជាតិប៉ូឡូញបានកាត់សេចក្តីការប្រកួតពានរង្វាន់ Champions League ចំនួន ៨ប្រកួតរួចមកហើយ ក្នុងនោះក៏មានការប្រកួត Manchester City បានយកឈ្នះលើ Real Madrid លទ្ធផល ៤-០ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរកាលពីសប្តាហ៍មុន និងការប្រកួតរបស់ Inter Milan ស្មើ ០-០ ជាមួយ FC Porto វគ្គ ១៦ក្រុមចុងក្រោយ។
ការប្រកួតផ្តាច់ព្រ័ត្រនាពេលខាងមុខលោក Marciniak នឹងបានដឹកនាំការកាត់សេចក្តីការប្រកួតដំបូងបង្អស់នៃវគ្គផ្តាច់ព្រ័ត្ររបស់លោក បន្ទាប់ពីកាលពីឆ្នាំ ២០១៨ ដែលជាការប្រកួតរវាង Real Madrid បំបាក់ Liverpool លោកបានត្រឹមជាជំនួយការអាជ្ញាកណ្តាលទីបួន៕
Tag:
UEFA Champions league
© រក្សាសិទ្ធិដោយ thmeythmey.com