ជាតិ
សម្តេច ហ៊ុន សែន ជឿថា គ្មានការឈ្លានពានវប្បធម៌ទេ តែខ្លាចបំផុតគឺការទទួលយកដោយស្ម័គ្រចិត្ត
24, May 2023 , 10:20 am        
រូបភាព
ដោយ: រួបរួម
«ខ្ញុំនៅតែអះអាងថា គ្មានការឈ្លានពានវប្បធម៌ទេ ព្រោះមិនអាចនឹងឈ្លានពានកើតទេ ប៉ុន្តែអ្វីដែលខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្ត នេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន»។ សម្តេច ហ៊ុន សែន បានកត់សម្គាល់ យ៉ាងដូច្នេះ នាពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា។


អំណះអំណាងសម្តេចនាយករដ្ឋមន្ត្រី គឺភ្ជាប់ទៅនឹងការប្រឹងប្រែងរបស់បុព្វបុរសខ្មែរក្នុងការទប់ស្កាត់វប្បធម៌បារាំងដែលបានត្រួតត្រាកម្ពុជាអស់ប្រមាណ៩០ឆ្នាំ។ ខុសពីបណ្តាប្រទេសផ្សេងទៀត ជាពិសេសវៀតណាម ដែលកែប្រែអក្សរ សម្តេចចោទសួរថា៖ «បារាំងអាចកែយើងបានទេ? ព្រោះយើងអត់ទទួលវប្បធម៌បារាំង វត្តអារាមរបស់យើងក៏មានទីកន្លែងដើម្បីរក្សាទុកអក្សរសាស្ត្រ»។ 
 
ទាក់ទងនឹងវប្បធម៌ សម្តេច ហ៊ុន សែន សម្តែងការព្រួយបារម្ភ ព្រោះពី១០០ឆ្នាំទៅរាប់រាយឆ្នាំទៀត ក្មេងដែលទទួលតំណរពីក្រោយ អាចមិនត្រឹមត្រូវតាមក្បួនខ្នាត។ សម្តេចគូសបញ្ជាក់ថា៖ «បើធ្វើមិនត្រូវ ថ្ងៃក្រោយមិនដឹងទៅជាស្អី? យើងទទួលមរតកពីមុនមក យើងដឹងថា ព្រះបាទជ័យវរ្ម័នមានព្រះភ័ក្តយ៉ាងម៉េច ព្រះកេសយ៉ាងម៉េច យើងស្គាល់ទម្រង់ហ្នឹង អប្សរា ស្លៀកពាក់ចម្រុះ យើងដឹងតាមហ្នឹង ឥលូវហ្នឹង នាំគ្នាស្អីក៏ខ្មែរ ស្អីក៏ខ្មែរ ប៉ុន្តែវាមិនមែនជាទម្រង់ខ្មែរ រួចហើយថ្ងៃក្រោយវាទៅជាខ្មែរដែរ យើងថាខ្មែរចុះប៉ុន្តែប្រសិទ្ធនាមវាឱ្យច្បាស់ថា សម័យណា?»។
 
កន្លងមកសម្តេច ហ៊ុន សែន ក៏ធ្លាប់ប្រតិកម្មនឹងការប្រើប្រាស់សម្លៀកបំពាក់ក្នុងខ្សែភាពយន្តមួយផងដែរ ហើយសម្តេចនៅតែមិនទទួលបានចម្លើយទាក់ទងនឹងសម័យកាលនៃឈុតសម្លៀកបំពាក់នោះ។ ការចាក់បដិមា ក៏ដូចគ្នាផងដែរ សម្តេចស្នើសុំឱ្យមានការគោរពតាមក្បួនខ្នាត កុំឱ្យដូចករណីវត្តមួយដែលចំណាយថវិកាសាងសង់ដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែបែរជាចាក់រូបព្រះមុខក្រញូវទៅវិញ។
 
ទោះបីបារាំងគ្មានលទ្ធភាពកែប្រែវប្បធម៌ខ្មែរ ប៉ុន្តែសម្តេចក៏បានអរគុណផងដែរចំពោះបារាំង ដែលបានរួមចំណែកថែរក្សា កត់ត្រាទុកវប្បធម៌សិល្បៈខ្មែរ ដូចជាល្បើកក្រមង៉ុយ ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com