កីឡាអន្តរជាតិ
អន្តរជាតិ
Saka បន្តកិច្ចសន្យាជាមួយ Arsenal ដល់ឆ្នាំ ២០២៧
24, May 2023 , 10:49 am        
រូបភាព
ខ្សែប្រយុទ្ធវ័យក្មេង​ Bukayo Saka នាថ្ងៃទី២៣ ខែឧសភា យល់ព្រមបន្តកិច្ចសន្យារយៈពេលវែងជាក្រុមកាំភ្លើងធំ Arsenal រហូតដល់ឆ្នាំ២០២៧។ នេះបើតាមការប្រកាសរបស់ក្លិប Arsenal។



Saka សញ្ជាតិអង់គ្លេស មានវ័យ ២១ឆ្នាំ បានចូលរួមជាមួយនឹងក្រុមឈុតយុវជនរបស់ ​Arsenal តាំងតែអាយុ ៨ឆ្នាំ ហើយរូបគេបានក្លាយជាកីឡាករដ៏សំខាន់នៅក្នុងក្រុមរបស់លោក Mikel Arteta ក្នុងរយៈពេល ២រដូវកាលចុងក្រោយ។ Saka បង្ហាញខ្លួនឱ្យ Arsenal បានចំនួន ១៧៨ប្រកួតរួចមកហើយមកដល់ពេលនេះ។
  


សម្រាប់រដូវកាល​ ២០២២-២៣ កីឡាករវ័យ ២១ឆ្នាំ រកបានគ្រាប់បាល់ចំនួន ១៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១១លើក រាល់ការប្រកួត។ កាលពីរដូវកាលមុន រូបគេក៏បានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនប្រចាំក្លិបផងដែរ។
 
កិច្ចសន្យារបស់ Saka ត្រូវផុតកំណត់នៅរដូវកាល ២០២៣-២៤ ហើយបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសអង់គ្លេសបានរាយការណ៍ថា កិច្ចសន្យាថ្មីធ្វើឱ្យរូបគេបន្តស្នាក់នៅជាមួយក្លិបរហូតដល់ឆ្នាំ ២០២៧។
 
«ខ្ញុំពិតជាសប្បាយចិត្តខ្លាំង ហើយគិតថាទីនេះគឺជាក្លិបដ៏ត្រឹមត្រូវ ជាកន្លែងដែលត្រឹមត្រូវដើម្បីបោះជំហ៊ានថ្មីក្នុងអាជីពនៅនេះ វាជាក្លិបមួយដ៏ស្រស់ស្អាត មើលទៅថាយើងនៅទីណា។ សម្រាប់ខ្ញុំ គឺដើម្បីទទួលបាននូវសមិទ្ធិផលសម្រាប់រូបខ្ញុំផ្ទាល់ ហើយខ្ញុំក៏មានមនុស្សដ៏ត្រឹមត្រូវដែលមានមនុស្សនៅជុំវិញខ្លួនខ្ញុំប្រៀបបានដូចជាគ្រួសារមួយ​ និងនៅពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុម និងក្រុមគ្រូបង្វឹក។ […] ខ្ញុំជឿថាយើងនឹងអាចទទួលបានជ័យជម្នះដ៏ធំ»។ Saka បាននិយាយបែបនេះប្រាប់ទៅកាន់គេហទំព័រក្លិប។
 
ដោយឡែក Arsenal នឹងត្រូវជួបស្វាគមន៍ Wolverhampton Wanderers សម្រាប់ជំនួបចុងក្រោយនៃរដូវកាល ២០២២-២៣ នេះ នៅថ្ងៃទី២៧ ខែឧសភា បន្ទាប់ពីពួកគេបានបាត់បង់ពានរង្វាន់ Premier League ទៅកាន់ក្រុម Manchester City៕
 

Tag:
 Arsenal
  Bukayo Saka
© រក្សាសិទ្ធិដោយ thmeythmey.com