ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា ប៉ូច សូមទោសនាយករដ្ឋមន្រ្តីលើកទី២ តែគ្មានប្រសិទ្ធភាព
24, May 2023 , 11:59 am        
រូបភាព
លោក ជា ប៉ូច និយាយក្នុងវេទិកាគណបក្សភ្លើងទៀននាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់លោក)។ សម្តេច ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីមួយកាលពីថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់សម្តេច)។
លោក ជា ប៉ូច និយាយក្នុងវេទិកាគណបក្សភ្លើងទៀននាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់លោក)។ សម្តេច ហ៊ុន សែន ធ្វើជាអធិបតីក្នុងពិធីមួយកាលពីថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់សម្តេច)។
ដោយ៖ ទេពញាណ 

ប្រហែលជាមានតែការប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ប៉ុណ្ណោះ ទើបអាចជួយឲ្យលោក ជា ប៉ូច ទទួលបានការអភ័យទោសពីសម្តេច ហ៊ុន សែន។
 
លោក ជា ប៉ូច អ្នកនយោបាយប្រឆាំង ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅក្រៅប្រទេស ប្រឹងឆ្លៀតសរសេរលិខិតលើកទី២ ជូនទៅសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រមុខគណបក្សកាន់អំណាច ដើម្បីសូមទោសចំពោះការប្រើពាក្យ «ទម្លាក់ហ៊ុនសែនឲ្យបាន»។ ដូចលើកទី១ដែរ ការសូមទោសលើកទី២នេះ ត្រូវសម្តេចបដិសេធទៀត។ 
 
ក្នុងលិខិតសូមទោសលើកទី២ ចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ជា ប៉ូច ម្ចាស់ពាក្យទម្លាក់ហ៊ុនសែនឲ្យបាន សារភាពត្រង់ៗទៅកាន់សម្តេច ហ៊ុន សែន ថា លោក ប្រើពាក្យនេះ ដោយខ្វះការពិចារណា និងមិនបានគិតវែងឆ្ងាយ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្តេច។ លោក បានហៅសម្តេចថា ជាវីរជន ដែលនាំសន្តិភាពនិងការអភិវឌ្ឍជូនជាតិមាតុភូមិ។ លោក ក៏បានជម្រាបសម្តេចឲ្យដឹងដែរថា លោក កំពុងសម្រាកព្យាបាលជំងឺបេះដូងនៅប្រទេសអូស្ត្រាលី។ 
 
មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន និងជាអតីតតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ សរសេរទៅកាន់សម្តេចនាយករដ្ឋមន្រ្តីដូច្នេះថា៖«ខ្ញុំបាទ ធ្លាប់បានដឹងក្នុងពេលកន្លងទៅ សម្តេចតេជោ តែងមានព្រហ្មវិហារធម៌សន្តោសប្រណីដល់បុគ្គលណាដែលបានប្រព្រឹត្តខុសឆ្គងចំពោះសម្តេច ហើយសម្តេច មិនយកទោសកំហុសឡើយ ឲ្យតែបុគ្គលលនោះ បានដឹងពីកំហុសរបស់ខ្លួននិងចេះកែកំហុសឆ្គងនោះ»។ 
 
តាមរយៈតេឡេក្រាម សម្តេច ហ៊ុន សែន តបទៅលោក ជា ប៉ូច ថា ការសូមទោសត្រឹមប៉ុណ្ណឹង នៅមិនទាន់គ្រប់គ្រាន់នោះទេ ហើយហៅអ្ននយោបាយប្រឆាំងរូបនេះ ថាជាមនុស្សក្រឡេចក្រឡុច។ សម្តេច បានរម្លឹកគុណស្រ័យថា សម្តេច បានថ្នាក់ថ្នមលោក ជា ប៉ូច អស់រយៈពេលជាង៤ឆ្នាំ តែទីបំផុត សម្តេច បែរក្លាយជាគោលដៅនៃការកម្ចាត់របស់លោកទៅវិញ។  
 
លើសពីការសុំទោស តើសម្តេច ហ៊ុន សែន ចង់បានអ្វីពីលោក ជា ប៉ូច? ប្រមុខគណបក្សកាន់អំណាច ប្រាប់លោក ជា ប៉ូច ថា អ្នកណាក៏ដោយ ឲ្យតែមានទំនាក់ទំនងជាមួយបុគ្គលម្នាក់នោះ នឹងមិនអាចទទួលបានការយោគយល់ឡើយ ហើយផ្ទុយមកវិញ ឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីបុគ្គលម្នាក់នោះ នឹងទទួលបានការលើកលែង។ ទោះមិនបញ្ចេញឈ្មោះ តែបុគ្គលម្នាក់នោះ គ្មានអ្នកផ្សេងក្រៅពីលោក សម រង្ស៊ី នោះទេ។
 
លោក ជា ប៉ូច បានសរសេរលិខិតលើកទី១ ជូនទៅសម្តេច ហ៊ុន សែន រួចមកហើយ។ លិខិតលើកទី១នោះ មិនដាក់ថា លិខិតសូមទោសឡើយ គឺដាក់ថា លិខិតបំភ្លឺ។ ប៉ុន្តែ ក្នុងលិខិតបំភ្លឺនោះ មានពាក្យសូមទោសរបស់លោកទៅកាន់សម្តេច ហើយលោកថែមទាំងសារភាពថា បានប្រើពាក្យឆ្គាំឆ្គងដែលធ្វើឲ្យប៉ះពាល់ដល់សម្តេច។ 
 
ក្រោយសម្តេច មិនទទួលយកការសូមទោសលើទី១ លោក ក៏សូមទោសលើកទី២។ តើលោក ជា​ ប៉ូច នឹងធ្វើអ្វីទៀត ដើម្បីទទួលបានការអធ្យាស្រ័យពីប្រមុខគណបក្សកាន់អំណា?
លោក ជា ប៉ូច ចាប់ផ្តើមជួបបញ្ហាខាងលើ បន្ទាប់ពីសារសំឡេងខ្លីមួយរបស់លោក ដែលលោកនិយាយក្នុងកិច្ចប្រជុំជាមួយសកម្មភាពគណបក្សភ្លើងទៀន ត្រូវបានបែកធ្លាយ និងឮដល់សម្តេច ហ៊ុន សែន។ សម្តីដើមរបស់លោកក្នុងកិច្ចប្រជុំនោះ គឺ៖«ខ្ញុំ ធ្វើនយោបាយតាំងពីអាយុយ១៩ឆ្នាំមក សហការី និងមេខ្ញុំស្លាប់មិនមែនតិចទេ។ ការឈឺចាប់ហ្នឹងហើយ ទោះបីគេធ្វើបាបយើងប៉ុនណាក៏ដោយ យើងនៅ [រក្សា] គោលដៅយើង។ ខ្ញុំនិយាយត្រង់ថ្ងៃនេះ គោលដៅខ្ញុំត្រូវទម្លាក់ហ៊ុនសែនឲ្យបាន»៕
 

Tag:
 ជា ប៉ូច
© រក្សាសិទ្ធិដោយ thmeythmey.com