ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រីបក្សប្រឆាំង១៤នាក់ទៀត ត្រូវបានដោះលែង តាមសំណើសម្ដេច ហ៊ុន សែន
24, May 2023 , 2:00 pm        
រូបភាព
ពន្ធនាគារត្រពាំង់ផ្លុង ដែលជនជាប់ទោសបក្សប្រឆាំង១៤នាក់ ជាប់ឃុំ។ រូបពី ហ្វេសប៊ុក Ah Rey ទៅបានទៅសួរសុខទុក្ខជាប់ឃុំទាំង១៤ កាលពីថ្ងៃទី១៣ឧសភា។
ពន្ធនាគារត្រពាំង់ផ្លុង ដែលជនជាប់ទោសបក្សប្រឆាំង១៤នាក់ ជាប់ឃុំ។ រូបពី ហ្វេសប៊ុក Ah Rey ទៅបានទៅសួរសុខទុក្ខជាប់ឃុំទាំង១៤ កាលពីថ្ងៃទី១៣ឧសភា។
ភ្នំពេញ៖ អ្នកទោស១៤នាក់ ដែលជាមន្ត្រីនៃអតីតបក្សសង្គ្រោះជាតិ ត្រូវបានព្រះមហាក្សត្រ ទ្រង់ប្រោសព្រះរាជទានលើកលែងទោស តាមសំណើរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យស្ដីពីការលើកលែងទោសចេញថ្ងៃទី២៣ឧសភានេះ។

 
អ្នកទោសទាំង១៤នាក់នោះ មាន គង់ សំអាន, ថៃ សុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចាន់ថា, ពៀត ម៉ាប់, កែវ ថៃ, ជុំ ចាន់, ស៊ុន ធន់, ងិន ឃាន, យឹម សារ៉េត, ញ៉ែម វាន, ឃុត ច្រិក និង វឿន វសនា។ ក្នុងចំណោមពួកគេ មានម្នាក់ជាប់ទោស៧ឆ្នាំ ១២នាក់៥ឆ្នាំ និងម្នាក់ទៀត ១ឆ្នាំ។ 
 
អ្នកប្រឆាំងទាំង១៤នាក់ សុទ្ធតែជាសមាជិកបក្សសង្គ្រោះជាតិដែលមានតួនាទីជាក្រុមប្រឹក្សានៅខេត្ត ស្រុក ឃុំជាដើម។ ហើយត្រូវបានចាប់ខ្លួនក្រោយពេលរំលាយបក្ស ពាក់ព័ន្ធនឹងដំណើរនិវត្តរបស់ លោក សម រង្ស៊ី។ បទល្មើសពួកគេជាប់ គឺបទល្មើសរួមគំនិតក្បត់។ នេះបើតាម លោក គង់ ម៉ាស់ ដែលជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលចេញពីពន្ធនាគារមុន មនុស្ស១៤នាក់ខាងលើ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទបែបនេះ ។
 
ជុំវិញព័ត៌មានលម្អិត ពីការដោះលែងនេះ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក៏ពុំបានដឹងលម្អិត ដោយគ្រាន់តែប្រាប់សារព័ត៌ាមនថ្មីៗតាមទូរស័ព្ទថា សម្ដេច ហ៊ុន សែន ជាអ្នកស្នើសុំទៅព្រះមហាក្សត្រ ឱ្យទ្រង់ប្រោសព្រះរាជទានលើកលែងទោស។ 
 
នៅរសៀលនេះ សាច់ញតិជនរងគ្រោះ នឹងទៅរងចាំទទួលអ្នកទាំង១៤នាក់នៅពន្ធនាគារ។ បើតាមលោក ម៉ាស់ សាច់ញាតិរបស់អ្នកទាំង១៤នាក់ខាងលើ ដែលសកម្មក្នុងការទាមទារ ឬស្នើសុំអន្តរាគមន៍ឱ្យមាការដោះលែង គឺភាគច្រើនជាប្រពន្ធរបស់ពួកគេ ហើយហៅថាក្រុមនារីថ្ងៃសុក្រ។ «កន្លងមកស្ត្រីទាំងនោះ សកម្មក្នុងការទាមទារស្នើឱ្យដោះលែងប្ដីរបស់ពួកគេ តាមបណ្ដាស្ថានទូត តែពុំមានដំណោះស្រាយ ទើបសម្រេចចិត្តដាក់ស្នើសុំសម្ដេចដែលជាថ្នាក់ដឹកនាំ»។ លោក ម៉ាស់ បញ្ជាក់បែបនេះ។ 
 
កន្លងមក អ្នកជាប់ឃុំ១៤នាក់នេះ ត្រូវបានផ្តាស់ប្តូរទីតាំងឃុំខ្លួន គឺដូរពីពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ ទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅជិតព្រំដែនវៀតណាម ដោយសារភាពចង្អៀតណែន៕ 
 
 

Tag:
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com