ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ណែនាំក្រុមហ៊ុនអុីនធ័រណិតឱ្យផ្តោតលើសេវា កុំគិតតែ​ទារលុយ ពិសេសតាមបុរី
24, May 2023 , 2:21 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
មួយរយៈចុងក្រោយសេវាអ៊ីនធ័រណិត​នៅ​កម្ពុជា​មានភាពរអាក់រអួលខ្លាំង។ បញ្ហានេះត្រូវបាន សម្តេច ហ៊ុន សែន លើកឡើងនិងប្រាប់ដល់ក្រុមហ៊ុនអ៊ីនធ័រណិតទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាឱ្យល្អ កុំចេះតែដើរយកលុយពី​​អតិថិជន។

 
ពីពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រ​ដល់និស្សិត នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ឧសភា សម្តេច ហ៊ុន សែនបានលើកឡើងយ៉ាងចំៗ ពីក្រុមហ៊ុន «ហូមអ៊ិនធឺណែត» ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធ័រណិត ដែលអត់ ខណៈសេវាអ៊ីនធ័រណិតពីបណ្តាក្រុមហ៊ុនមួយចំនួនទៀត​ក៏មានភាពរអាក់រអួល ផងដែរ។​
 
«ពីការផ្តល់សេវាផ្តាច់មុខ ទៅមិនផ្តាច់មុខ ប៉ុន្តែនៅជួបឧបសគ្គ[រឿងសេវា]។ ក្រុមហ៊ុនតែមួយចូលបាន តែក្រុមហ៊ុនហ្នឹងគឺមិនផ្តល់សេវា ​ជាពិសេសក្រុមហ៊ុនហូមអ៊ីនធ័រណិត​...។ ​[ក្រុមហ៊ុន] គិតតែពីដើរយកលុយគេ​​ ប៉ុន្តែអត់ផ្តល់សេវាអ៊ីនធ័រណិតឱ្យគេ[អតិថិជន]»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ទាំងមិនពេញចិត្តចំពោះការផ្គត់ផ្គង់សេវាអ៊ីនធ័រណិត របស់ក្រុមហ៊ុននេះ​។ 
 
សម្តេច ហ៊ុន សែន  បានបញ្ជាក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឱ្យចុះត្រួតពិនិត្យសេវាអ៊ីនធ័រណិតតាមបុរី និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធ័រណិត លើបញ្ហាកំខ្សោយសេវាអ៊ីនធ័រណិតសម្រាប់ប្រើប្រាស់ដែលកំពុងកើតឡើងនាបច្ចុប្បន្ន។ ជាមួយនេះ សម្តេច បន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬ បុរី ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធ័រណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួន ដោយមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ។
 
សម្តេច បន្តមានប្រសាសន៍ថា៖ «ក្រុមហ៊ុនផ្ទះល្វែង និងតាមបុរីទាំងអស់ ត្រូវតែធ្វើការ​សហការ​ជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណែត ឬក្រុមហ៊ុនទូរសព្ទក្នុងការភ្ជាប់សេវាកម្ម ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់អ៊ីនធ័រណិត​ដល់អតិថិជន ឬក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ឬផ្ទះល្វែងនោះ»៕
 
 

Tag:
 អ៊ិនធឺណែត
© រក្សាសិទ្ធិដោយ thmeythmey.com