កីឡាអន្តរជាតិ
អន្តរជាតិ
Barca, Man City និង Napoli ក្លាយជាជើងឯក ឯ Bayern និង Dortmund ប្រទាញប្រទង់ដល់ជំនួបចុងក្រោយ
24, May 2023 , 2:51 pm        
រូបភាព
ចំណោមក្រុមនៃលីគកីឡាបាល់ទាត់កំពូលទាំង៥នៅអឺរ៉ុប Barcelona, Manchester City និង Napoli សុទ្ធតែបានក្លាយជាម្ចាស់ជើងឯកលីគកំពូលរៀងៗខ្លួននៅរដូវកាល ២០២២-២៣ ទោះនៅសល់ការប្រកួត។ ម្ចាស់ការពារតំណែងជើងឯក Bayern Munich និង Borussia Dortmund នៅប្រទាញប្រទង់គ្នាដល់ជំនួបចុងក្រោយ Bundesliga ដ្បិតមានគម្លាតត្រឹម២ពិន្ទុ។ Paris Saint-Germain មានភាគរយខ្ពស់បំផុត ក្នុងការគ្រង់ជើងឯកជាថ្មីបើទោះមានការប្រជែងពី Lens។


Barcelona ក្រសោបយកពាន La Liga របស់អេស្ប៉ាញរដូវកាល ២០២២-២៣ តាំងពីប៉ុន្មានសប្តាហ៍មុនម្លេះ ក្រោយក្រុមរហស្សនាមអ្នកមានបុណ្យរកបានពិន្ទុនាំមុខដាច់គូប្រជែង។ គិតត្រឹមសប្តាហ៍ទី៣៥ ក្រុមលោក Xavi Hernandez រកបាន៨៥ពិន្ទុ នាំមុខ At-Madrid ១៣ពិន្ទុ និង​ Real Madrid ១៤ពិន្ទុ ស្របពេលការប្រកួតនៅសល់៣លើកទៀតនឹងចប់រដូវកាល។
 
Machester City គ្រងតំណែងជើងឯករបស់ខ្លួន៣រដូកាលជាប់គ្នា នៅក្រោយពេលគូប្រជែង Arsenal ប្រកួតចាញ់ Nottingham Forest ១-០ នៅជំនួបសប្តាហ៍ទី៣៧។ កាលនោះ ក្រុមរហស្សនាមមេឃខៀវមាន៨៥ពិន្ទុ នាំមុខកាំភ្លើងធំ៤ពិន្ទុ ហើយសល់ប្រកួតក្នុងដៃ៣លើកថែមទៀត។
 
មិនខុសពី Bacelona និង Man City ឡើយ Napoli បានក្លាយជាជើងឯក Serie A តាំងពីប៉ុន្មានសប្តាហ៍មុនម្លេះ ដោយនាំមុខគូប្រជែងដល់ទៅជិត២០ពិន្ទុឯណោះ។ គិតត្រឹមថ្ងៃទី២៤ ខែឧសភា លីគកំពូលអ៊ីតាលីនៅសល់ការប្រកួត២លើកទៀត។
 
ក្រឡេកទៅលីគកំពូលអាល្លឺម៉ង់វិញ ខុសពីរដូវកាលមុខដែលក្រុមយក្ស Bayern Munich តែងដឹងខ្លួនជាម្ចាស់ពានតាំងពីមុនបញ្ចប់ការប្រកួតបិទរដូវកាល។ រដូវកាលនេះ Bayern Munich ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី២ Bundesliga បណ្តោះអាសន្ន ត្រូវប្រជែងពិន្ទុជាមួយក្រុមកំពូលតារាង Borussia Dortmund នៅជំនួបបិទរដូវកាល ដើម្បីដឹងថាក្រុមណាជាម្ចាស់ពាន។
 
ឆ្លងកាត់ការប្រកួត៣៣លើក Dortmund រកបាន៧០ពិន្ទុ តាមពីក្រោយដោយម្ចាស់ការពារតំណែងជើងឯក Bayern Munich ដែលមាន៦៨ពិន្ទុ។ ជំនួបលើកចុងក្រោយសប្តាហ៍ទី៣៤ Dortmund ត្រូវជួប Mainz ស្របពេល Bayern Munich ប៉ះ FC Cologne ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ចុងសប្តាហ៍នេះ វេលាម៉ោង ៨ និង៣០នាទីយប់ [ម៉ោងនៅកម្ពុជា]។
 
សម្រាប់ក្រុម្ចាស់ការពារជើងឯក Ligue1 បារាំង PSG បើទោះនៅសល់២ប្រកួតទៀត ប៉ុន្តែក្រុមយក្សបារាំងមួយនេះមានភាគរយខ្ពស់ដើម្បី​បន្តគ្រងពានលីគកំពូលនៅរដូវកាលនេះ។ ឆ្លងកាត់ការប្រកួត៣៦លើក PSG ដែលសម្បូរទៅដោយកីឡាករល្បីៗដូចជា Messi Neymar និង Mbappe ជាដើម ស្ថិតនៅកំពូលតារាងមាន៨៤ពិន្ទុ នាំមុខ Lens ចំនួន៦ពិន្ទុ ខណៈនៅសល់២ប្រកួតចុងក្រោយដូចគ្នា៕
 

Tag:
 លីគកំពូលទាំង៥
© រក្សាសិទ្ធិដោយ thmeythmey.com