ជាតិ
«អាស្វា» នាមដែលគេហៅកុមារា កក្កដា ដែលរាំក្បាច់ហនុមានកំពុងល្បីលើបណ្ដាញសង្គម 
×![]()
សៀមរាប៖ រូបថតរបស់កុមារា រឿន កក្កដា ដែលកំពុងរាំក្បាច់ហនុមាន អមដោយស្នាមញញឹមស្រ្តីម្នាក់ នៅពីក្រោយ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនារយៈពេលប៉ុន្មានថ្ងៃមកនេះ។ ពេលនោះ គឺកក្កដារាំក្នុងកម្មវិធីសប្បុរសធម៌មួយ កាលពីថ្ងៃទី២០ ឧសភា នៅភូមិរុនតាឯក។
កុមារ កក្កដា ត្រូវបានមិត្តភក្ដិឱ្យឈ្មោះថា អាស្វា ប្រហែលដោយសារកាយវិការក្រមិចក្រមើម ពិសេសភាពប៉ិនប្រសព្វក្នុងការសម្ដែងជា តួអង្គហនុមានតែម្ដងក៏មិនដឹង។ សព្វថ្ងៃ កុមារា កក្កដា កំពុងហាត់រៀនសិល្បៈនៅក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អ្នកស្រី យុគ សុភ័ក្រ្ត ត្រូវជាម្ដាយកុមារា កក្កដា ប្រាប់ថា កូនប្រុសទាំង៣របស់ខ្លួនសុទ្ធតែគាត់ជំរុញឱ្យរៀនសិល្បៈ។ ចំពោះ កក្កដា ដែលជាកូនពៅ បានចូលរៀនតាំងពីអាយុ៤ឆ្នាំ ហើយបានរៀនសូត្រផ្នែកនេះមួយឆ្នាំមក ហើយ។ ពួកគេរៀនសិល្បៈ ហាត់រាំ និងលេងភ្លេង នៅពេលសម្រាកពីការសិក្សានៅសាលារដ្ឋ។
អ្នកស្រី សុភ័ក្រ្ត ស្ញប់ស្ញែញ ដល់កូនប្រុសអ្នកស្រីជាខ្លាំង ដែលមានទេពកោសល្យហាត់រាំសិល្បៈ ទោះបីគេកើតចេញពីគ្រួសារដែលមិនមានឈាមជ័រជាអ្នកសិល្បៈបន្ដិចសោះក៏ដោយ។ អ្នកស្រី សុភ័ក្រ្ត រំលឹកថា ដើមឡើយការដែលជំរុញឱ្យ កក្កដា ហាត់រាំសិល្បៈបុរាណនេះ ដោយគ្រាន់តែចង់បញ្ជៀសគេ ឱ្យឆ្ងាយពីទូរសព្ទប៉ុណ្ណោះ ដោយគិតថា ការទុកគាត់នៅតែផ្ទះនិងចុចលេងទូរសព្ទច្រើននឹងផ្តល់ផលមិនសូវល្អដល់កូន។

«មិនដឹងថាគាត់មានដុងយ៉ាងម៉េចទេ ខ្ញុំក៏ស្រឡាញ់សិល្បៈដែរ… ខ្ញុំសប្បាយចិត្ត មិននឹកស្មានតែគាត់រៀនឆ្លាតបានប៉ុណ្ណឹង និងអាចធ្វើបានប៉ុណ្ណឹងនៅក្មេងសោះ។ រៀនតាំងពីអាយុ៤ឆ្នាំ។ ទៅអនាគតចង់ឱ្យគាត់ចេះឱ្យច្រើន និងមានចំណេះជំនាញច្បាស់លាស់»។
ចំពោះកុមារា កក្កដា វិញ បង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញរូបខ្លួនត្រូវបានគេបង្ហោះ និងមានពាក្យកោតសរសើរពីមហាជននៅតាមបណ្ដាញសង្គម។ កក្កដា ប្រាប់ថា នឹងរៀនសិល្បៈឱ្យបាន កាន់តែច្រើន និងពូកែ ដើម្បីសម្រេចបំណងឡើងឆាកសម្ដែងធំៗនាពេលអនាគត៕

© រក្សាសិទ្ធិដោយ thmeythmey.com