អន្តរជាតិ
ការពិភាក្សា​អំពី​ការដំឡើង​ពិដាន​បំណុល​របស់​អាមេរិក​មិន​ទាន់​ឈាន​ដល់​ការព្រមព្រៀង​គ្នា​ទេ
24, May 2023 , 7:29 pm        
រូបភាព
វិមានសភារបស់​សហរដ្ឋ​អាមេរិក​នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ថត​នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុង​ពេល​ដែល​ក្រុមអ្នកចរចា​តំណាង​ឱ្យ​លោក​ប្រធានាធិបតី Joe Biden និង​ប្រធាន​រដ្ឋសភា​លោក Kevin McCarthy បន្ត​កិច្ចប្រជុំ​ស្តីពី​ការជាប់គាំង​ជុំវិញ​ពាក់ព័ន្ធ​នឹង​ការដំឡើងពិដាន​បំណុល​របស់​អាមេរិក។
វិមានសភារបស់​សហរដ្ឋ​អាមេរិក​នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ថត​នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុង​ពេល​ដែល​ក្រុមអ្នកចរចា​តំណាង​ឱ្យ​លោក​ប្រធានាធិបតី Joe Biden និង​ប្រធាន​រដ្ឋសភា​លោក Kevin McCarthy បន្ត​កិច្ចប្រជុំ​ស្តីពី​ការជាប់គាំង​ជុំវិញ​ពាក់ព័ន្ធ​នឹង​ការដំឡើងពិដាន​បំណុល​របស់​អាមេរិក។
ដោយ: VOA
ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធាន​រដ្ឋសភា​អាមេរិក​លោក Kevin McCarthy បាន​ជួប​ពិភាក្សា​គ្នា​ម្ដង​ទៀត​កាលពី​ថ្ងៃ​២២ ឧសភា ​អំពី​ការ​ដំឡើង​ពិដាន​បំណុល​របស់​សហរដ្ឋ​អាមេរិក ហើយ​ជា​ថ្មី​ម្ដង​ទៀត​មិន​សម្រេច​បាន​ការ​ព្រមព្រៀង​ណា​មួយ​ទេ ស្រប​ពេល​ដែល​កាល​បរិច្ឆេទ​ផុត​កំណត់​ដែល​សហរដ្ឋ​អាមេរិក​មិន​អាច​សង​បំណុល​របស់​ខ្លួន​បាន​ជា​លើក​ដំបូង​បង្អស់​ឈាន​ជិត​ចូល​មក​ដល់។

 
នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​សភា​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​និយាយ​ថា ​រដ្ឋាភិបាល​អាច​មិន​មាន​លទ្ធភាព​សង​បំណុល​របស់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី១ ខែ​មិថុនា​ខាង​មុខ និង​បាន​ព្រមាន​ថា ​សូម្បី​តែ​ការ​រង់ចាំ​ឱ្យ​កៀក​ដល់​ពេល​នោះ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ព្រមព្រៀង​គ្នា ក៏​វា«អាច​បណ្ដាល​ឱ្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​ទំនុកចិត្ត​របស់​អាជីវកម្ម​និង​អតិថិជន បង្កើន​ថ្លៃ​ខ្ចី​ប្រាក់​រយៈពេល​ខ្លី​សម្រាប់​អ្នក​បង់​ពន្ធ ​និង​ប៉ះពាល់​បែប​អវិជ្ជមាន​ដល់​ពិន្ទុ​វាយ​តម្លៃ​សមត្ថភាព​ខ្ចី​ប្រាក់​របស់​សហរដ្ឋ​អាមេរិក» ផង​ដែរ។
 
កាលពី​ថ្ងៃ​ចន្ទ នៅ​ពេល​ដែល​លោក Biden និង​លោក McCarthy បាន​ជួប​ពិភាក្សា​គ្នា​មួយ​លើក​ទៀត លោក Biden បាន​និយាយ​ថា ការ​មិន​ចាត់​វិធានការ​អាច​មាន​ផល​វិបាក​ធ្ងន់ធ្ងរ។ លោក Biden ថ្លែង​ដូច្នេះ​ថា៖ «ពលរដ្ឋ​អាមេរិកាំង​នឹង​រង​ផល​ប៉ះពាល់​ពិត​ប្រាកដ​ចំពោះ​ជីវភាព​រស់នៅ​របស់​ពួកគេ ហើយ​ជា​ការពិត ពិភពលោក​ទាំង​មូល​ក៏​នឹង​រង​ផល​ប៉ះពាល់​នេះ​ផង​ដែរ»។
 
លោក Biden និង​លោក McCarthy បាន​ជួប​ពិភាក្សា​គ្នា ៣ ដង​រួច​មក​ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ប៉ុន្តែ​រាល់​ពេល​គឺ​តែងតែ​មិន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា។
 
លោក McCarthy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «យើង​មិន​ទាន់​មាន​ការ​ព្រមព្រៀង​គ្នា​នៅ​ឡើយ​ទេ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា​ ការ​ពិភាក្សា​នេះ​គឺ​មាន​លទ្ធផល​ជា​ផ្លែផ្កា​ចំពោះ​ផ្នែក​ដែល​យើង​មាន​ការ​ខ្វែង​គំនិត​គ្នា»។ លោក​បន្ថែម​ថា ក្រុម​ចរចា​ទាំង​ពីរ​នឹង​បន្ត​ពិភាក្សា​គ្នា​តាម​រយៈ​បុគ្គលិក។
 
ប្រធានាធិបតី​និង​ថ្នាក់​ដឹកនាំ​សភា​អាណត្តិ​មុនៗ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​នៅ​ក្នុង​ការ​បង្កើន​កម្រិត​អតិបរមា​នៃ​បំណុល​របស់​សហរដ្ឋ​អាមេរិក​ចំនួន ៧៨ ដង​រួច​មក​ហើយ​ក្នុង​ការ​ចរចា​បែប​សម្របសម្រួល​គ្នា​ទៅ​វិញ​ទៅ​មក។
 
នៅ​ឆ្នាំ​នេះ គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា​បាន​ស្នើ​ឱ្យ​មាន​ការ​កាត់បន្ថយ​ការ​ចំណាយ​ខ្លាំងក្លា​សម្រាប់​រដ្ឋាភិបាល រី​ឯ​សេតវិមាន​វិញ​បាន​ប្រឆាំង​ដោយ​ស្នើ​ឱ្យ​បិទ​ចន្លោះ​ប្រហោង​ពន្ធដារ​និង​អនុម័ត​បន្ថែម​ទៀត​នូវ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ដែល​មាន​កម្រិត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com