កីឡាអន្តរជាតិ
អន្តរជាតិ
AFC ព្យាករណ៍ថា អារ៉ាប៊ីសាអូឌីតនឹងដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០ ឬ ២០៣៤
24, May 2023 , 8:29 pm        
រូបភាព
ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) លោក Sheikh Salman bin Ebrahim Al-khalifa បាននិយាយថាសប្រទេសមាជិក AFC អារ៉ាប៊ីសាអូឌីតកំពុងត្រៀមរៀបចំសំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA World Cup ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០៣០ ឬ ២០៣៤។



ទ្វីបអាស៊ីធ្លាប់បានរៀបចំព្រឹត្តិការណ៍ World Cup ចំនួន ២លើករួចមកហើយ ដោយនៅក្នុងឆ្នាំ ២០០២ ដែលជប៉ុន និងកូរ៉េខាងត្បូងធ្វើជាសហម្ចាស់ផ្ទះ និងក្នុងឆ្នាំ ២០២២ នៅប្រទេសកាតា ដែលទើបបញ្ចប់នាពេលកន្លងទៅ។
 
ឆ្នាំ ២០២៦ World Cup កែប្រែមុខមាត់ថ្មី ដោយមានក្រុមចំនួន ៤៨ ត្រូវមានវត្តមានប្រកួតប្រជែង ហើយក៏ជាការធ្វើជាម្ចាស់ផ្ទះក្រោមកិច្ចសហការដែលមានប្រទេសចំនួន ៣ រួមគ្នាលើកដំបូង ដោយមានអាម៉េរិក កាណាដា និងម៉ិកស៊ិក។
 
បើតាមសម្តីលោក Sheikh Salman ជនជាតិបារែន ប្រាប់ទៅកាន់អ្នកកាសែតក្នុងទីក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃទី២២ ខែឧសភា អំឡុងពេលទស្សនកិច្ចក្នុងប្រទេសស៊ីរី និងលីបង់ ថាអារ៉ាប៊ីសាអូឌីតកំពុងតែសម្លឹងមើលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup។
 
«ខ្ញុំគិតថាអារ៉ាប៊ីសាអូឌីតគឺជាប្រទេសមួយដែលសមត្ថភាពក្នុងការរៀបចំលើប្រភេទកីឡាស្រដៀងគ្នានេះ។ ប៉ុន្តែយើងបានជ្រើសរើសពេលវេលាដ៏ល្អបំផុត ២០៣០ ឬ ២០៣៤? ប្រសិនបើយើងមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតដ៏ល្អបំផុតនោះគឺនៅក្នុងឆ្នាំ ២០៣៤ យើងកំពុងតែសម្លឹងលើការងារនេះដូចគ្នា ហើយប្រសិនបើលក្ខខណ្ឌយើងអាចធ្វើបាននៅក្នុងឆ្នាំ ២០៣០ ជារឿង យើងរីករាយដូចគ្នា ហេតុអ្វីយើងធ្វើមិនបាន។»។ លោក Sheikh Salman បាននិយាយបែបនេះ។
 
សម្រាប់ការធ្វើជាម្ចាស់ផ្ទះ​ World Cup 2030 មកដល់ពេលនេះមានសមាសភាពប្រទេសដែលរួមគ្នាជាក្រុមចំនួន ២ ដោយមាន អេស្ប៉ាញ​ រួមគ្នាជាមួយព័រទុយហ្កាល់ និងម៉ារ៉ុក ជាបេក្ខភាពទីមួយ។ ចំណែក អាហ្សង់ទីន, ស៊ីលី, អ៊ុយរ៉ូហ្កាយ និងប៉ារ៉ាហ្កាយ ក៏បានរួមគ្នាដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះជាថ្មីម្តងទៀត ដើម្បីនាំ World Cup ទៅកាន់ទីកន្លែងចាប់ផ្តើមដំបូងបង្អស់ក្នុងរយៈពេល ១០០ឆ្នាំ ដោយកាលនោះនៅក្នុងទីក្រុង Montevideo ប្រទេសអ៊ុយរ៉ូហ្កាយ។
 
បើតាមសម្តីលោក Sheikh Salman ដដែលបានអះអាងបន្ថែមទៀតថា លោកចង់ឱ្យសមាជិក AFC រូបរួមគ្នាដើម្បីគាំទ្រដល់សមាជិកណាមួយដែលចង់ដេញថ្លៃសម្រាប់រៀបចំការប្រកួតអ្វីមួយ ហើយក៏ទទួលបានការគាំទ្រពីទីកន្លែងដ៏ទៃផ្សេងទៀត។ ប្រធាន AFC បាននិយាយថាមកដល់ពេលនេះ ការគាំទ្រលើលក្ខខណ្ឌដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2030 ឬ 2034 ទទួលបានសំឡេងគាំទ្រ ៤៧ រួចមកហើយ ខណៈត្រូវការចំនួនសំឡេងគាំទ្រ ១១០ ដែលមានការគាំទ្រពីសំណាក់សហព័ន្ធមកពីទ្វីបដទៃផងដែរ ដើម្បីអាចធ្វើជាម្ចាស់ផ្ទះ World Cup បាន៕
 

Tag:
 AFC
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com