អន្តរជាតិ
អូស្ត្រាលីនិងឥណ្ឌា ចុះកិច្ចព្រមព្រៀងបង្កើនចំនួននិស្សិតឥណ្ឌាទៅរៀននៅអូស្ត្រាលី
24, May 2023 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស។ រូបថត AP
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស។ រូបថត AP
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស បានជួបជាមួយសមភាគីឥណ្ឌា នារិន្រ្ទា ម៉ូឌី នៅថ្ងៃទី២៤ ខែឧសភានៅទីក្រុងស៊ីដនីដើម្បីពិភាក្សាអំពីសន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ មេដឹកនាំ​ទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​បង្កើននិស្សិតឥណ្ឌា និង​ការ​ធ្វើដំ​ណើរ​អាជីវកម្ម​ទៅ​កាន់​អូស្ត្រាលីផងដែរ។

 
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី កំពុង​បំពេញ​ទស្សនកិច្ច​នៅ​​អូស្ត្រាលី​ជា​លើក​ដំបូង​ចាប់តាំង​ពី​ឆ្នាំ ២០១៤មក។ លោកត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់តូនី អាល់បានីស មុនបើកជំនួបទ្វេភាគី។
 
«ទំនាក់ទំនង​ទ្វេភាគី​រវាង​អូស្ត្រាលី និង​ឥណ្ឌា​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី ហើយ​ទំនាក់ទំនងកម្រិត​ខ្ពស់​​បាន​កើនឡើង​តាំងពី​ឆ្នាំ២០១៤​មក​»។ លោក ម៉ូឌី ថ្លែងបែបនេះក្នុងសុន្ទរកថារបស់លោក។ ក្នុង​សន្និសីទកាសែតមួយក្រោយជំនួបវិញ ប្រមុខរដ្ឋាភិបាលឥណ្ឌានិយាយថា លោកនិងមេដឹកនាំអូស្ត្រាលី បានពិភាក្សាអំពីការបង្កើន​កិច្ចសហប្រតិបត្តិការលើការរុករករ៉ែ​សំខាន់ៗ​ហើយធ្វើការជាមួយគ្នា​ឆ្ពោះ​ទៅ​រកកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ទូលំទូលាយមួយផងដែរ។
 
មេដឹកនាំទាំង២ ក៏បានចុះហត្ថលេខាលើឮកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុកដែលនឹង​ពង្រឹង​ទំនាក់ទំនងប្រទេសទាំងពីរ ខណៈដែលជនភៀសខ្លួនឥណ្ឌានៅអូស្ត្រាលីជាក្រុមជនភៀសខ្លួន​ដ៏​ធំ​បំផុតទីពីរ ដែលមានចំនួនកើនលឿនបំផុតថែមទៀត។
 
ចំណែកនាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ក្រោយជំនួបថា និស្សិតឥណ្ឌារាប់សែននាក់​អាចទទួលបាន​ការអប់រំ​នៅអូស្ត្រាលី​ដែល​ជាការ​ល្អស​ម្រាប់​សេដ្ឋកិច្ចរបស់​អូស្ត្រាលីផងដែរ។ លោកបន្តថា មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីពាណិជ្ជកម្ម ការធ្វើ​ចំណាកស្រុក និងថាមពលកកើតឡើងវិញ ហើយប្រទេសទាំងពីរ​បានបង្កើត​ក្រុម​ការងារ​អ៊ីដ្រូសែនដើម្បីពង្រីក​កិច្ច​សហប្រតិបត្តិការលើថាមពលស្អាត។
 
គួរបញ្ជាក់ថា ឥណ្ឌា​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ប្រាំមួយ​របស់​អូស្ត្រាលី ខណៈ​ប្រជាជន​អូស្ត្រាលី​ប្រហែល​៧៥ម៉ឺននាក់​មានពូជពង្ស​ពីឥណ្ឌា។ អូស្ត្រាលីដែលមានចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត កំពុង​ស្វែងរក​ការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួនរួមទាំងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយឥណ្ឌា៕
 

Tag:
 អូស្ត្រាលី
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com